(ភ្នំពេញ) ÷នៅថ្ងៃសុក្រ ៤កើត ខែស្រាពណ៏ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង១៤:៣០នាទីរសៀល នៅសាលប្រជុំ សាលាខណ្ឌដូនពេញ មានបើកកិច្ចប្រជុំគណៈអភិបាលខណ្ឌដូនពេញ ប្រចាំខែកក្កដា និងទិសដៅការងារប្រចាំខែ សីហា ឆ្នាំ២០២០ ក្រោមអធិបតីភាព លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ ដើម្បីពិនិត្យឆ្លង សម្រេច និងពង្រឹងបន្ថែមលើការងាររដ្ឋបាលមួយចំនួន ។
កិច្ចប្រជុំមានការអញ្ជើញចូលរួមពី លោក-លោកស្រីអភិបាលរង គណៈនាយករដ្ឋបាល លោក-លោកស្រីប្រធាន អនុប្រធានការិយាល័យពាក់ព័ន្ធ លោក-លោកស្រីចៅសង្កាត់ទាំង១១ តំណាងអធិការនគរបាលខណ្ឌ តំណាងមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ លោក-លោកស្រីប្រធានទីរួមផ្សារទាំង៣ ព្រមទាំងមន្ដ្រីពាក់ព័ន្ធមួយចំនួនទៀត ដែលមានរបៀបវារៈដូចខាងក្រោម៖
១-ការងាររៀបចំសន្តិសុខ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងមូលដ្ឋានខណ្ឌដូនពេញ ។
២-វិធានការប្រយុទ្ធប្រឆាំងគ្រឿងញៀននៅតំបន់ផ្លូវR6 ភូមិ២ និង ភូមិ៣ ក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញ។
៣-ការឆ្លើយតបសំណើ សំណូមពរប្រជាពលរដ្ឋ ក្នុងវេទិកាសាធារណៈ របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ ។
៤- បញ្ហាការសាងសង់របង នៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ចាប់ពីស្ថានីយ៍ប្រេងឥន្ធនៈ តូតាល់ រហូតទៅដល់ផ្លូវចូលវត្តនាគវន្ត ព្រំប្រទល់ខណ្ឌទួលគោក។
៥- ការងារពិនិត្យ និងឆ្លងរបាយការណ៍ប្រចាំខែកក្កដា និងទិសដៅបន្តខែសីហា ប្រចាំឆ្នាំ២០២០ របស់រដ្ឋបាលខណ្ឌដូនពេញ។
៦-ឆ្លងសេចក្តីព្រាង តារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្តប្រចាំខែកក្កដាឆ្នាំ២០២០ ជូនដល់មន្ត្រីបម្រើការងារ នៅរដ្ឋបាលខណ្ឌដូនពេញ។
៧- ឆ្លងសេចក្តីព្រាងបទបញ្ជាផ្ទៃក្នុង របស់រដ្ឋបាលខណ្ឌដូនពេញ ។
៨- ការងារផ្សេងៗ