រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថានៅពេលនាយករដ្ឋមន្ត្រីថ្មីដែលត្រូវធ្វើកំណែទម្រង់នោះ គឺមានតែតួនាទីរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីតែប៉ុណ្ណោះ លើកលែងតែអគ្គនាយកដ្ឋានចំនួនពីររក្សាតួនាទីទុករដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ។
យោងតាមសារសំឡេងរបស់សម្តេចតេជោ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា កិច្ចការតែមួយទេត្រូវធ្វើការកែទម្រង់ គឺរដ្ឋមន្ត្រីប្រតិភូមអមនាយករដ្ឋមន្ត្រី ដោយសារកន្លងមកនេះមានការតែងតាំងរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី គឺមួយចំនួនជារដ្ឋលេខាធិការមួយចំនួនជាអ្នកធ្វើការផ្ទាល់ជាមួយនាយករដ្ឋមន្ត្រី ។ ដូច្នេះយើងទុកឲ្យមានការជ្រើសរើសយកតួនាទីតែមួយទេថា តើនៅជារដ្ឋលេខាធិការ ឬទៅជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីឲ្យយកតែមួយទេ ។
សម្តេចតេជោ បានអះអាងថា ការធ្វើកំណែទម្រង់នៅត្រង់ចំណុះនេះមិនមានបានប៉ះពាល់ដល់មនុស្សច្រើននោះទេ ។ សម្តេចតេជោ បញ្ជាក់ថា ៖«យើងធ្វើកែទម្រង់ចំណុចនេះមិនប៉ះពាល់ដល់មនុស្សច្រើនទេ ។ ដោយបងប្អូនខ្លះជារដ្ឋលេខាធិការនៅតាមក្រសួងហើយ ប៉ុន្តែក៏មានការកាន់តំណែងបន្ថែម គឺរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី» ។
ជាមួយគ្នានោះដែរ សម្តេចតេជោ បានលើកឡើងករណីរដ្ឋមន្ត្រីប្រតិភូមអមនាយករដ្ឋមន្ត្រីលើកលែងតែមានអង្គភាពធំៗចំនួនពីរប៉ុណ្ណោះ គឺរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី គឺរក្សាទុកតែសម្រាប់អគ្គនាយកពន្ធដា និងអគ្គនាយកគយ ដែលស្ថាប័នទាំងពីរម្ខាងត្រូវធ្វើការជាមួយរដ្ឋមន្ត្រី និងម្ខាងទៀតធ្វើការជាមួយនាយករដ្ឋមន្ត្រីដែលត្រូវក្តាប់ផ្ទាល់ទៅលើថវិកាប្រចាំថ្ងៃ ប្រចាំខែ ដែលត្រូវការទុក ។
សម្តេចតេជោ បានបន្តថា ៖ សម្រាប់អ្នកដែលមានតួនាទីជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងតួនាទីរដ្ឋលេខាធិការត្រូវរើសថា តើនៅជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ឬរដ្ឋលេខាធិការតាមក្រសួង ។ ការតែទម្រង់ គឺមានតែប៉ុណ្ណឹងទេដែលមានការប៉ះពាល់ ។ អីញ្ចឹងទេបងប្អូនដែលមានតំណែងរួចហើយ គឺនៅបន្ត ប៉ុន្តែសូមបញ្ជាក់ថា រដ្ឋមន្ត្រី រដ្ឋលេខាធិការទាំងនេះអនុរដ្ឋលេខាធិការទាំងនេះនឹងបញ្ជប់នៅត្រឹមថ្ងៃទី២២ សីហា ជាមួយការបញ្ចប់អាណត្តិរបស់រាជរដ្ឋាភិបាលហើយត្រូវរៀបចំតែងតាំងថ្មី ។
សម្តេចតេជោ បានបន្ថែមចំពោះរដ្ឋមន្ត្រីនានាដែលមិនធ្វើរដ្ឋមន្ត្រីទៀតនឹងត្រូវធ្វើជាសមាជិករដ្ឋសភារួមទាំងសម្តេចផងដែរ ។ មុនពេលទៅកាន់ប្រធានព្រឹទ្ធសភា នៅឆ្នាំក្រោយ គឺត្រូវធ្វើសមាជិករដ្ឋសភា រួមទាំងឧបកនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រីមួយចំនួនទៀត ។ ចំណែករដ្ឋមន្ត្រីមួយចំនួនទៀត មិនជាប់ជាសមាជិកសភានឹងអាចរៀបចំជាជាទីប្រឹក្សារាជរដ្ឋាភិបាល ឬរៀបចំឲ្យឈរឈ្មោះធ្វើជាសមាជិកព្រឹទ្ធសភានៅពេលខាងមុខ ។ ចំពោះទីប្រឹក្សាខ្លះដែលមិន យកប្រាក់បៀវត្សន៍ គឺមិនបាក់តែងតាំងឡើងវិញឡើយ ។
ជាមួយគ្នានោះដែរ សម្តេចតេជោ សង្ឃឹមថា នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីតាមស្ថាប័ន នានានៅពេលក្រោយត្រូវបន្តយកចិត្តទុកដាក់ក្នុងការដោះស្រាយមួយមន្ត្រីបច្ចុប្បន្ន ដោយត្រូវបន្តឲ្យការងារបន្តទៀតដោយគ្មានការកែប្រែលើក លែងតែសាម៉ីខ្លួនស្នើសុំឈប់ប៉ុណ្ណោះ ៕