កំពង់ចាម៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានលើកឡើងថា សុខដុមនីយកម្មនៃជនជាតិ និង សាសនា គឺមានសារៈសំខាន់ណាស់សម្រាប់សង្គមកម្ពុជានាពេលបច្ចុប្បន្ន ហើយនៅក្នុងប្រទេសកម្ពុជាមានសាសនាជាច្រើនដូចជា ព្រះពុទ្ធសាសនា ឥស្លាមសាសនា គ្រឹស្ដសាសនា និងសាសនាមួយចំនួនទៀត ដែលយើងទាំងអស់គ្នារស់នៅជាមួយគ្នាដោយសុខស្រួល។ ការលើកឡើងរបស់ឯកឧត្ដមរដ្ឋមន្ដ្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកកោះសូទិនបែបនេះ ក្នុងពិធីជួបសំណេះសំណាលជាមួយ បងប្អូនប្រជាពលរដ្ឋសាសនិកឥស្លាម ក្នុងភូមិទី១៣ ស្ថិតក្នុងឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ ។
ឯកឧត្តម ខៀវ កាញារីទ្ធ បានលើកនូវប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ជូនចំពោះ បងប្អូនសាសនិកឥស្លាមក្នុងឃុំកោះសូទិន ខេត្ដកំពង់ចាមហើយបានកោតសរសើរចំពោះសាសនិកឥស្លាមកម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំ នៅតាមវិហារនានា និងអ្នកគោរពសាសនាឥស្លាមទាំងអស់ ដែលបានចូលរួមចំណែកថែរក្សាសន្តិភាព ធ្វើឱ្យប្រទេសជាតិ យើងចម្រុងចម្រើនតាមរយៈការខិតខំរបស់បងប្អូន។ ឯកឧត្តមរដ្ឋមន្ត្រីថ្លែងបញ្ជាក់ថា សាសនាទាំងអស់ មិនមានសាសនាណាមួយប្រដៅមនុស្សឱ្យធ្វើអំពើអាក្រក់នោះទេ គឺសុទ្ធតែប្រដៅមនុស្សឱ្យសាងនូវអពើល្អ។
ឯកឧត្ដម ខៀវ កាញារីទ្ធ បានគូសបញ្ជាក់ផងដែរថា មានប្រទេសមួយចំនួនធំមិនអនុញ្ញាតិឱ្យបងប្អូនឥស្លាមស្លៀកពាក់សម្លៀកបំពាក់ និងទទូរ ឬពាក់ មួកសាសនាចូលរៀន និងថតរូបដាក់ក្នុងអត្តសញ្ញាណបណ្ណ ឬលខិតឆ្លងដែនឡើយ។ ប៉ុន្តែនៅកម្ពុជាគឺអនុញ្ញាត្តឱ្យបងប្អូនឥស្លាមពាក់ដោយមិនចាំបាច់ដោះក្រមារទទូរ ឬមួកចេញឡើយ។
ឯកឧត្ដមរដ្ឋមន្ដ្រីបានបន្ថែមថា លើសពីនេះទៀត បងប្អូនខ្មែរឥស្លាមរស់នៅក្នុងប្រទេសមានសិទ្ធិសេរីភាពពេញលេញ ដោយគ្មានជម្លោះសាសនាអ្វីឡើយ៕