(ខេត្តកំពត)៖ នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ក្រោមអធិបតីភាព លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត នៅសាលប្រជុំទុរេន សាលាខេត្តកំពត។ សមាសភាពអញ្ជើញចូលរួមមាន៖ សមាជិក សមាជិកា គណៈកម្មាធិការសាខា ប្រធានកិត្តិយស អនុសាខាក្រុង ស្រុក ប្រធានគណៈកម្មាធិការអនុសាខាក្រុង ស្រុក និងក្រុមប្រតិបត្តិសាខាសរុបចំនួន៣៨រូប។
លោក ជាវ តាយ បានមានប្រសាសន៍ថា ដោយមានការយកចិត្តទុកដាក់ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងការតាមដានសុខទុក្ខបងប្អូនប្រជាពលរដ្ឋងាយរងគ្រោះ ដោយមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់រងទុក្ខដោយមិនមានការជួយជ្រោមជ្រែងពីអាជ្ញាធរ និងថ្នាក់ដឹកនាំសាខាកាកបាទក្រហមកម្ពុជារាជធានី ខេត្តឡើយ។ ក្នុងនោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានប្រគល់អំណោយមកសាខាកាកបាទក្រហមកម្ពុជាខេត្តកំពតរួមមាន អង្ករ១៥តោន ថវិកា២០.០០០. ០០០រៀល និងអាវពោងចំនួន៣០០អាវ។
លោកបានថ្លែងកោតសរសើរដល់សមាជិក សមាជិកា គណៈកម្មាធិការសាខា ប្រធានកិត្តិយស អនុសាខាក្រុង ស្រុក ប្រធានគណៈកម្មាធិការអនុសាខាក្រុង ស្រុក និងក្រុមប្រតិបត្តិ មានការសហការល្អ ក្នុងការអនុវត្តតួនាទីភារកិច្ចទទួលបានលទ្ធផលល្អ និងបន្តខំប្រឹងបន្ថែម ដើម្បីឲ្យសាខាកាកបាទក្រហមខេត្តមានការរីកចម្រើនទៅមុខ និងបន្តកៀរគរសប្បុរសជនជាតិ អន្តរជាតិ ក្រុមហ៊ុនឯកជន មន្ត្រីរាជការ ដើម្បីចូលរួមជាវិភាគទានទ្រទ្រង់គាំទ្រសកម្មភាពសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត ក្នុងការជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋងាយរងគ្រោះ ដែលកំពុងជួបនូវបញ្ហាខ្វះខាតក្នុងជីវភាពប្រចាំថ្ងៃ និងជួបនូវគ្រោះមហន្តរាយផ្សេងៗទៀត ដែលអាចកើតមានឡើងជាយថាហេតុ។
ក្នុងស្ថានភាពដែលពិភពលោកក៏ដូចជា កម្ពុជាយើងជួបវិបត្តិនូវជំងឺកូវីដ១៩ ទាំងថ្នាក់ដឹកនាំ និងសមាជិក សមាជិកាសាខាកាកបាទក្រហមគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត តែងបានរួមសហការគ្នាល្អ ជាមួយអាជ្ញាធរ នៅក្នុងមូលដ្ឋានរបស់ខ្លួន ដោយបានដោះស្រាយការខ្វះខាតជូនប្រជាពលរដ្ឋនិងទប់ស្កាត់ការឆ្លងរីករាលដាលក្នុងសហគមន៍បានយ៉ាងមានប្រសិទ្ធភាព។
ឆ្លៀតក្នងឱកាសនោះលោកប្រធានក៏បានថ្លែងនូវអំណរគុណចំពោះ ឯកឧត្តម លោកឧកញ៉ា លោកឧកញ្ញ៉ា សប្បុរជនគ្រប់មជ្ឈដ្ឋានដែលកន្លងមកតែងបានជួយឧបត្ថម្ភគាំទ្រដល់សាខាកាកបាទក្រហមខេត្ត ជាថវិកាក្តី ជាសម្ភារៈក្តី ក្នុងការជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋដែលទទួលរងគ្រោះដោយគ្រោះធម្មជាតិ និងខ្វះខាតនៅមូលដ្ឋាន។
សូមជម្រាបផងដែរថា តាមរបាយការណ៍លទ្ធផលក្នុងឆមាសទី១ឆ្នាំ ២០២០របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពតសម្រេចបាន ក្នុងវិស័យស្នូលទាំង៤ ក្នុងនោះរួមមានទី១.ការងារគ្រប់គ្រងគ្រោះមហន្តរាយទី ២.ការងារសុខភាពនិងការថែទាំសុខភាពក្នុងសហគមន៍ ទី ៣.ការងារលើកកម្ពស់ គោលការណ៍គ្រឹះនិងតម្លៃមនុស្សធម៌ និងទី ៤ ការអភិវឌ្ឍន៍ស្ថាប័ននិងអភិវឌ្ឍធនធាន ដែលលទ្ធផលទាំងនេះបានឆ្លើយតបគ្រោះមហន្តរាយហើយលទ្ធផលល្អប្រសើរក្នុងនោះបានផ្ដល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋសរុបបានចំនួន២៩១៤គ្រួសារ( ស្មើនឹង៦៩% ប្រៀបធៀបឆ្នាំ២០១៩) ក្នុងនោះបានផ្ដល់ដោយអនុសាខាចំនួន ១២៤៣ គ្រួសារ។
កិច្ចប្រជុំក៏បានដាក់ទិសដៅបន្ត ជំរុញការងារអភិវឌ្ឍន៍សាខានិងអនុសាខាដែលក្នុងនោះគឺសកម្មភាពការគ្រប់គ្រងនិងអភិវឌ្ឍន៍ធនធានមនុស្ស និងការងាររដ្ឋបាលនិងហិរញ្ញកិច្ច ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការ និងការពិនិត្យតាមដានវាយតម្លៃ របាយការណ៍ របស់សាខានិងអនុសាខា ដោយមានផែនការសកម្មភាពមួយជាក់លាក់ និងសាខាមានប្រព័ន្ធពិនិត្យតាមដានវាយតម្លៃនិងរបាយការណ៍ដែលមានប្រសិទ្ធភាពនិងទៀងទាត់៕