នាព្រឹកថ្ងៃអង្គារ ៣រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម ស៊ូម សារឿន អនុរដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាប្រធានសមាគមរាជសីហ៍ បានដឹកនាំប្រតិភូសមាគមរាជសីហ៍ ចូលជួបសំណេះសំណាល និងសំដែងការគួរសមជាមួយឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងថ្នាក់ដឹកនាំខេត្ត នៅទីស្តីការខេត្តបន្ទាយមានជ័យ។
ក្នុងពិធីនេះ ឯកឧត្តមប្រធានប្រតិភូ បានរាយការណ៍សង្ខេបអំពីសារបាន និងវឌ្ឍនភាព នៃសមាគមរាជសីហ៍ មានជាអាទិៈ
⁃ ចុះបញ្ជីជាផ្លូវការ នៃសមាាគមរាជសីហ៍នៅក្រសួងមហាផ្ទៃ ថ្ងៃទី៧ ខែ៨ ឆ្នាំ២០១៩
⁃ សមាជិក សមាជិកា សរុបជាង ៦ពាន់ អង្គ/នាក់
⁃ មានសាខា២៤រាជធានី/ខេត្ត និងសាខាក្រៅប្រទេស៥ (ប្រទេសថៃ ជប៉ុន កូរ៉េ ម៉ាឡេស៊ី និងវៀតណាម
⁃ សមាគមបានចំណាយថវិកាចំនួន ១លាន និង៦ម៉ឺនដុល្លា លើសកម្មភាពមនុស្សធម៍ ផ្តល់ជូនគ្រួសារងាយរងគ្រោះ (ថវិកាបានមកពីការចូលរួមរបស់ថ្នាក់ដឹកនាំ និងសមាជិកសមាជិកា)
⁃ សមាគមមានទំនាក់ទំនង និងបានទទួលជំនួយជាសម្ភារៈ សម្លៀកបំពាក់កីឡា និងគ្រឿងបរិក្ខារពេទ្យ ពីប្រទេសកូរ៉េ និងបារាំង
⁃ បានទទួលម៉ាស៊ីនចម្រោះទឹកស្អាតចល័តខ្នាតធំ២គ្រឿង នឹងបានផ្តល់ជូលរដ្ឋបាលខេត្តបន្ទាយមានជ័យ ដើម្បីតំឡើងជូនប្រជាពលរដ្ឋប្រើប្រាស់នាពេលរងគ្រោះដោយទឹកជំនន់នាឆ្នាំ២០២០។
ក្នុងឱកាសនេៈដែរ ឯកឧត្តមប្រធានប្រតិភូសមាគម បានកោតសរសើរចំពោះ ឯកឧត្តម អភិបាល នៃគណៈអភិបាល និងថ្នាក់ដឹកនាំនៃរដ្ឋបាលខេត្តបន្ទាយមានជ័យ ដែលបានយកចិត្តទុកដាក់ មើលថែ និងគាំទ្រសកម្មភាពមនុស្សធម៌សមាគមរាជសីហ៍ កន្លងមក ហើយឯកឧត្តមប្រធាន ស៊ូម សារឿន បានស្នើដល់ឯកឧត្តម អ៊ុំ រាត្រី មេត្តាបន្តកិច្ចសហការ និងគាំទ្រ សកម្មភាពមនុស្សធម៌ទៅមុខទៀតឲ្យកាន់តែប្រសើរឡើង។
ចុងក្រោយ ឯកឧត្តម ប្រធានប្រតិភូ ជូនពរជ័យដល់ ឯកឧត្តម អភិបាល នៃគណៈអភិបាល និងថ្នាក់ដឹកនាំខេត្ត នូវសិរីបវរប្រសើរ សុខភាពល្អ និងទទួលបានជោគជ័យគ្រប់ភារកិច្ច។
សមាគមរាជសីហ៍ សូមសំដែងការគាំទ្រ សម្តេចមហាអគ្គសេនាបតីតេជោ ហ៊ុន សែន ជាបេក្ខភាព នាយករដ្ឋមន្ត្រី សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា និងគាំទ្រយ៉ាងពេញទំហឹង ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី សម្រាប់ពេលអនាគត។
ក្នុងឱកាសនេះដែរ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត បានសំដែងការកោតសរសើរ និងថ្លែងអំណរគុណយ៉ងក្រៃលែង ដែលសមាគមរាជសីហ៍ បានធ្វើសកម្មភាពមនុស្សធម៌ក្នុងតំបន់ភូមិសាស្ត្រ ខេត្តបន្ទាយមានជ័យ ជាពិសេសម៉ាស៊ីនចម្រោះទឹកស្អាតចល័តខ្នាតធំ២គ្រឿង នឹងបានផ្តល់ជូលរដ្ឋបាលខេត្តបន្ទាយមានជ័យ ដើម្បីតំឡើងជូនប្រជាពលរដ្ឋប្រើប្រាស់នាពេលរងគ្រោះដោយទឹកជំនន់នាឆ្នាំ២០២០។
ចុងបញ្ចប់ឯកឧត្តម អភិបាល នៃគណៈអភិបាល បានបង្ហាញការគាំទ្រ និងកិច្ចសហការជាមួយសមាគមរាជសីហ៍ ឲ្យកាន់តែមានភាពប្រសើរជាងមុនបន្ថែមទៀត។ ជាមួយគ្នានេះដែរ ឯកឧត្តម បានជូនពរប្រភិភូសមាគមរាជសីហ៍ មានសុវត្ថិភាពក្នុងការធ្វើដំណើរ មានសុខភាពល្អ រីកធំធាត់ និងទទួលបានជោគជ័យគ្រប់បេសសកម្មរបស់ខ្លួន។