(ខេត្តកែប)៖ សម្ភារ:សិក្សា មានដូចជាប៊ិច សៀវភៅ ខ្មៅដៃ និងសម្ភារៈផ្សេងទៀតត្រូវបានចែកជូនដល់ សិស្សសាលាបឋមសិក្សាចំនួន៣ គឺសាលាបឋមសិក្សាព្រៃតាកុយ សាលាបឋមសិក្សាត្រពាំងឈូក និង សាលាបឋមសិក្សាចំការស្វាយ ដែលពិធីនេះធ្វើឡើងនៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ នៅក្នុងបរិវេណសាលាបឋមសិក្សាព្រៃតាកុយ ស្ថិតក្នុងាឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ក្រោមអធិបតីភាព លោក ងិន ងិនដា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប។
ពិធីនេះបានរៀបចំឡើងដើម្បីអបអរសាទរនៃការរៀបចំទិវាកុមារអន្តរជាតិ ១មិថុនា ខួបលេីកទី៧១ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២ មិថុនា លេីកទី ១៩ និងទិវាកុមារកម្ពុជា ២០២០។
បន្ទាប់ពីបានអានសារលិខិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ស្តីពី ទិវាកុមារអន្តរជាតិ ១ មិថុនា ខួបលេីកទី៧១ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២ មិថុនា លេីកទី១៩ និងទិវាកុមារកម្ពុជា ២០២០ រួចមក លោក ងិង ងិងដា មានប្រសាសន៍ថា កុមារគឺជាធនធានមនុស្សជាទំពាំងស្នងឫស្សីដែលមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍប្រទេសជាតិនាពេលអនាគត ហេតុនេះហើយ យើងត្រូវតែផ្តល់កិច្ចការពារ និងអភិវឌ្ឍកុមារឲ្យបានល្អប្រសើរ។ ការអប់រំ ការពារគឺជាភារកិច្ចយ៉ាងសំខាន់ដែលតម្រូវឲ្យមានការអនុវត្តតាមបែបពហុវិស័យ មិនមែនតែវិស័យអប់រំម្នាក់ឯងនោះទេ គឺត្រូវមានការតាមដាន ការពង្រឹង និងពង្រីកសេវាអប់រំ និងថែរក្សាសុខភាពអានាម័យ ដោយផ្តោតជាពិសេសលើកុមារដែលរងគ្រោះ និងងាយរងគ្រោះ សំខាន់ជាងនេះ គឺទប់ស្កាត់ការចម្លងជំងឺកូវីដ១៩ ទៅក្នុងសហគមន៍ និងចម្លងទៅកុមារ។
លោកអភិបាលរងខេត្ត បានបន្ថែមទៀតថា រាជរដ្ឋាភិបាលកម្ពុជា បានខិតខំទប់ស្កាត់អំពើហិង្សាលើកុមារ ដូចជាការលើកកម្ពស់ការយល់ដឹងរបស់សារធារណជនលើកុមារ បណ្តុះបណ្តាល អាជ្ញាធរពាក់ព័ន្ធ ដើម្បីផ្លាស់ប្តូរឥរិយាបថសង្គម ការអប់រំឪពុកម្តាយ ក្នុងការថែទាំកុមារ តាមបែបវិជ្ជមានជំនាញ និងការដោះស្រាយបញ្ហាសម្រាប់ប្តីប្រពន្ធផងដែរ៕