(ខេត្តកំពត)៖ នៅព្រឹកថ្ងៃអង្គារ ទី១៦ ខែមិថុនា ឆ្នាំ ២០២០ រដ្ឋបាលខេត្តកំពត បានបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រោមអធិបតីភាព លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត។
អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី លោកអភិបាលរងខេត្ត លោកប្រធានសាលាដំបូងខេត្ត លោកព្រះរាជអាជ្ញា លោក លោកស្រី នាយក នាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រីនាយក នាយករងទីចាត់ការ ប្រធាន អនុប្រធានអង្គភាពចំណុះសាលាខេត្ត និងកងកម្លាំងទាំងបី ព្រមជាមួយកងកម្លាំងដែលមានមូលដ្ឋានក្នុងខេត្តកំពត សរុប ៧៩ នាក់។
កិច្ចប្រជុំបានដាក់ចេញនូវរបៀបវារៈរួមមាន៖
១-ពិនិត្យពិភាក្សាលើសេចក្ដីព្រាង កំណត់ហេតុគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត លើកទី២៥ កាលពីថ្ងៃទី ១៥ ខែ ឧសភា ឆ្នាំ២០២០។
២-ពិនិត្យពិភាក្សា លើរបាយការណ៍គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប្រចាំខែឧសភា ឆ្នាំ២០២០។
៣-សេចក្ដីរាយការណ៍របស់លោកស្នងការនគរបាលខេត្ត ពាក់ព័ន្ធនឹងការងារអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោគ បញ្ហាគ្រឿងញៀន និងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព។
៤-ពិនិត្យពិភាក្សាលើលិខិតលេខ ០៨១ អ/គ.អ.ឆ.ក ចុះថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ របស់គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ស្តីពីករណីបូមខ្សាច់លុបអាងស្តុកទឹក ឬស្រែអ៊ូ សម្រាប់ផលិតអំបិល នៅមណ្ឌលបឹងទូក ភូមិទទឹងថ្ងៃ ឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត។
៥-ពិនិត្យពិភាក្សាលើលិខិតលេខ ៩៨៣ MISTI/២០២០ ចុះថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកទេស និងនវានុវត្តន៍ ស្តីពីសំណើសុំការអន្តរាគមន៍ក្នុងការចុះពិនិត្យ វាស់វែង និងកំណត់ព្រំដីជាក់ស្តែង លើអតីតព្រលានយន្តហោះ ទំហំ ៥ហិកតា ស្ថិតនៅភូមិអូរតូច សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត ដែលរាជរដ្ឋាភិបាលបានប្រគល់ជូន ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកទេស និងនវានុវត្តន៍ (អតីតក្រសួងឧស្សាហកម្ម និងសិប្បកម្ម) សម្រាប់ការអភិវឌ្ឍគម្រោងវិនិយោគពង្រីកការផ្គត់ផ្គង់ទឹកស្អាតនៅខេត្តកំពត និងជួយដោះស្រាយសំណង់ខុសច្បាប់នៅលើទីតាំងដីនេះ ។
៦-សេចក្ដីរាយការណ៍របស់ លោក សេង សិរីបុត្រ អភិបាលរងខេត្ត ពាក់ព័ន្ធដីអតីតសកលវិទ្យាល័យនរាយណ៍ ស្ថិតនៅឃុំនរាយណ៍ ស្រុកឈូក។
៧-សេចក្ដីរាយការណ៍របស់លោក-លោកស្រីអភិបាលនៃគណៈអភិបាលក្រុង ស្រុក ។
៨- ផ្សព្វផ្សាយលិខិតលេខ ១៣៦៥ សក.នដជ ចុះថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ស្តីពីការទប់ស្កាត់ការរំលោភចាក់ដីបិទផ្លូវទឹក លូ ប្រឡាយ ព្រែក ស្ទឹង បឹង អូរ ត្រពាំង។
ក្នុងឱកាសនោះ លោក ជាវ តាយ អភិបាលខេត្តកំពត បានជំរុញណែនាំដល់មន្ទីរអង្គភាពជំនាញ ពិសេសលោកអភិបាលក្រុង ស្រុក ត្រូវរកវិធានការទប់ស្កាត់រាល់សកម្មភាពទាំងឡាយណាដែលធ្វើឱ្យប៉ះពាល់ដល់ទ្រព្យសម្បត្តិសាធារណៈ ដោយត្រូវការពារទប់ស្កាត់កុំឱ្យមានករណីចាក់ទន្ទ្រានលុបដីចំណីព្រែក បឹងបួ អូរ ប្រឡាយ ស្ទឹង ត្រពាំង ដែលជាសម្បត្តិរបស់រដ្ឋ ហើយត្រូវតែថែរក្សាឱ្យបានស្ថិតស្ថេរគង់វង្ស៕