(ខេត្តកែប)៖ នៅព្រឹកថ្ងៃចន្ទ ទី១៥ ខែមិថុនា ឆ្នាំ២០២០ រដ្ឋបាលខេត្តកែប បានរៀបចំពិធីប្រកាសចូលកាន់តំណែង ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តកែប ដោយពិធីប្រកាសនេះស្ថិតក្រោមអធិបតីភាព លោក ឆាន់ សាផាន រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ លោក សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប និង លោក សំ សារីន ប្រធានក្រុមប្រឹក្សាខេត្ត និងក៏មានការអញ្ជើញចូលរួម ពីសំណាក់ លោក លោកស្រី ជាអភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ អភិបាលក្រុង ស្រុក ក្រុមយុវជនទាំងបី និងមន្ត្រីរាជការចំណុះក្នុងរដ្ឋបាលខេត្តកែបផងដែរ។
យោងតាមសេចក្តីប្រកាសរបស់រាជរដ្ឋាភិបាល ត្រូវបានតែងតាំង លោក សុទ្ធ ពុទ្ធិម៉ានីន ជាប្រធានមន្ទីររៀបចំដែនដីនគរូនីយកម្ម សំណង់ និងសុរិយោដីខេត្តកែប ជំនួសលោក វ៉ៅ សុខា ដែលត្រូវទទួលមុខតំណែងថ្មី ជាអភិបាលរងខេត្តកែប។
បន្ទាប់ពីប្រតែងតាំងរួចមក លោក សុទ្ធ ពុទ្ធិម៉ានីន ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកែប ក៏សូមថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃរដ្ឋបាលខេត្តកែប និងសូមថ្លែងអំណរគុណនិងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជាសុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ដែលបានផ្តល់កិត្តិយស តែងតាំងរូបលោកជាប្រធានមន្ទីរនាពេលនេះ។ដោយខណៈនេះ លោកសូមប្តេជ្ញាចិត្តថា ត្រូវពង្រឹងសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ , មានកិច្ចសហការជាមួយមន្ទីរ អង្គភាពជុំវិញខេត្ត អាជ្ញាធរគ្រប់លំដាប់ថ្នាក់ , មានរបៀបរបបធ្វើការងារឱ្យបានត្រឹមត្រូវ ស្របតាមប្រកាស និងសេចក្តីណែនាំ, ត្រូវមានគំនិតផ្តួចផ្តើម និងសិក្សាស្រាវជ្រាវស្វែងយល់ពាក់ព័ន្ធនឹងច្បាប់ និងលិខិតបទដ្ឋានបន្ថែមទៀត ពិសេសវិស័យសំណង់ និងដីធ្លីដោយពិនិត្យឱ្យល្អិតល្អន់ ព្រមទាំងពន្លឿននីតិវិធី ក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ ,យកចិត្តទុកដាក់ក្នុងការកែលម្អសោភ័ណភាព អនាម័យបរិស្ថាន និងបន្តអនុវត្តការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធឱ្យបានឆាប់រួចរាល់តាមផែនការដែលបានកំណត់។
ក្នុងឱកាសនោះ លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប បានសំដែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានថ្នាក់ដឹកនាំនៃក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងសូមកោតសរសើរចំពោះ លោក វ៉ៅ សុខា ប្រធានមន្ទីរចាស់ ដែលកន្លងមកបានដឹកនាំមន្ទីរ ក្នុងការអនុវត្តការងារតាមតួនាទី ភារកិច្ចរបស់ខ្លួនដែលបានកំណត់ និងទទួលបានលទ្ធផលយ៉ាងល្អប្រសើរ។ ដោយឡែក លោក សុទ្ធ ពុទ្ធិម៉ានីន ដែលត្រូវបានតែងតាំងជាប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកែបនាពេលនេះ ក៏ជាមន្ត្រីសកម្មការងារ មានចំណេះដឹង និងមានបទពិសោធន៍សមស្របក្នុងការដឹកនាំ គ្រប់គ្រង អំឡុងពេលកន្លងមកផងដែរ។
ក្នុងឱកាសនោះ លោក ឆាន់ សាផាន រដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ក៏បានលើកឡើងដោយវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត មន្ទីរអង្គភាពនានា ពិសេសមន្ទីររៀបចំដែនដីខេត្តកែប ដែលអនុវត្តការងារបានល្អប្រសើរ និងបម្រើសេវាជូនប្រជាពលរដ្ឋបានឆាប់រហ័ស។
ទន្ទឹមនឹងនេះ លោកក៏បានកោតសរសើរដល់ លោក វ៉ៅ សុខា អតីតប្រធានមន្ទីររៀបចំដែនដីចាស់ ដែលកន្លងមកខិតខំប្រឹងប្រែងអនុវត្តការងារសម្រេចបានលទ្ធផលយ៉ាងល្អល្អប្រសើរជូនអង្គភាព។ចំពោះ លោក សុទ្ធ ពុទ្ធិម៉ានីន ប្រធានមន្ទីរដែលទើបតែងតាំងថ្មី ត្រូវតែខិតខំបន្តអនុវត្តភារកិច្ចរបស់ខ្លួន ពិសេសការពង្រឹងសាមគ្គីភាពផ្ទៃក្នុងឱ្យបានកាន់តែប្រសើរថែមទៀត ដើម្បីសហការគ្នាជួយពង្រឹងការងារលើវិស័យសំណង់ឱ្យកាន់តែមានភាពរីកចម្រើន៕