ខេត្តកំពង់ចាម ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៤ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញអមដំណើរឯកឧត្ដម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចូលរួមក្នុងពិធីធ្វើស្រែបង្ហាញផលិតកម្មស្រូវ ដោយប្រើប្រាស់គ្រឿងយន្ត និងឧបករណ៍កសិកម្ម តាមបែបទំនើបកម្ម ដើម្បីបង្ហាញជូនបងប្អូនប្រជាកសិករ រស់នៅក្នុងភូមិផ្តៅជុំកើត ឃុំផ្តៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ដោយមានការចូលរួមពី ឯកឧត្ដម Pablo Kang ឯកអគ្គរដ្ឋទូតនៃប្រទេសអូស្ត្រាលី ប្រចាំនៅព្រះរាជាណចក្រកម្ពុជា ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ, ឯកឧត្តមប្រតិភូកម្ពុជាទទួល បន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម សហការី អាជ្ញាធរមូលដ្ឋាន និងបងប្អូនកសិករ។
ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្តបានគូសបញ្ចាក់ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី តាមរយៈការដាក់ចេញនូវកម្មវិធីនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ខេត្តកំពង់ចាមបាននឹងកំពុងមានការរីកចម្រើន និងប្រែប្រួលមុខមាត់ជាបន្តបន្ទាប់លើគ្រប់វិស័យ ទន្ទឹមនោះវិស័យកសិកម្មក៏កំពុងមានការប្រែប្រួលថ្មី តាមរយៈការយល់ដឹងការប្រែប្រួលទម្លាប់អន់ថយការធ្វើស្រែតាមយកថាផល ការផលិតសម្រាប់តែផ្គត់ផ្គង់គ្រួសារ ទៅជាការផលិតកម្មតាមបែបប្រពលវប្បកម្ម សម្រាប់ការធ្វើជំនួញនិងបម្រើការនាំចេញ។
បច្ចុប្បន្ន ការភ្ចួររាស់ដោយគ្រឿងយន្តកសិកម្មដូចជាត្រាក់ទ័រគោយន្តជាដើម មានប្រមាណ៩១%នៃការភ្ជួររាស់សរុប។ នៅទូទាំងខេត្តមានត្រាក់ទ័រសរុបចំនួន៨២១គ្រឿង គោយន្តចំនួន៧ ៩៤៣គ្រឿង ម៉ាស៊ីនច្រូតកាត់៥៤៣គ្រឿង ប្រជាកសិករបានយល់ដឹងច្រើនក្នុងការប្រើប្រាស់ពូជ ជី ថ្នាំសម្លាប់សត្វល្អិត និងការធ្វើស្រូវមួយឆ្នាំ២ទៅ៣ដង នៅក្នុតំបន់មួយចំនួនដែលមានសក្តានុពល សម្រាប់ការប្រើប្រាស់ដោយគ្រឿងយន្តកសិកម្មមានការកើនឡើងជាលំដាប់ ដែលធ្វើឱ្យវិស័យកសិកម្ម មានការប្រែប្រួលពីមួយថ្ងៃទៅមួយថ្ងៃគួរជាទីមោទនៈ៕