(ខេត្តកំពត)៖ លោក ជាវ តាយ អភិបាលខេត្តនិងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត បានអំពាវនាវដល់មន្ត្រីរាជការសាធារណៈនិងកងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ និងអ្នកទេសចរជាតិ អន្តរជាតិ សូមបន្តការប្រុងប្រយ័ត្នចូលរួមទប់ស្កាត់ការឆ្លងរីករាលដាល់នៃជំងឺកូវីដ១៩ បន្ថែមទៀត ដោយប្រកាន់ខ្ជាប់អនុវត្តនូវវិធានការអនាម័យ និងរក្សាគម្លាតសង្គមឲ្យបានជាប្រចាំ ទោះជាស្ថានភាពជំងីកូវីដ១៩នៅកម្ពុជា ក៏ដូចជាខេត្តកំពតមានសភាពល្អប្រសើរក៏ដោយ។
ការជំរុញបែបនេះ ក្នុងពិធីបន្តប្រគល់អំណោយមនុស្សធម៌សាខាកាកបាទក្រហមកម្ពុជាខេត្តលើកទី៤ ជូនដល់អនុសាខានិង អាជ្ញាធរក្រុងស្រុកទាំង៨ ដើម្បីយកទៅចែកបន្តជូនដល់ឃុំ សង្កាត់និងពលរដ្ឋខ្វះខាតនៅតាមមូលដ្ឋានគោលដៅក្នុងខេត្តស្ថិតក្នុងស្ថានភាពប្រយុទ្ធប្រឆាំងជំងឺឆ្លងកូវីដ១៩។ នៅព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ ២០២០ នៅសាលាខេត្តកំពត។
លោក ជាវ តាយ បានលើកឡើងទៀតថា បើទោះបី ជាស្ថានភាពជំងឺកូវីដ១៩នៅកម្ពុជាហាក់ប្រសើរឡើង ហើយអ្នកជំងឺដែលបានព្យាបាលជាសះស្បើយចំនួន១២៣នាក់ ក្នុងចំណោមករណីឆ្លង ១២៥នាក់ នៅសល់តែ២នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរដ្ឋក្តី ក៏ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល បាននឹងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង និងបានបន្តអំពាវនាវដល់ប្រជាពលរដ្ឋឲ្យ បន្តគោរពអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល និងបទបញ្ជានានារបស់រាជរដ្ឋាភិបាលបន្ថែមទៀត ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺដ៏កាចសាហាវនេះ។
សម្រាប់ស្ថានភាពខេត្តកំពត បន្ទាប់ពីអ្នកឆ្លងជំងឺកូវីដ១៩ ទាំងចំនួន១២២ នាក់ បានជាសះស្បើយ សង្កេតឃើញប្រជាពលរដ្ឋហ៊ានចេញក្រៅផ្ទះ ភ្ញៀវទេសចរណ៍ចាប់ផ្តើមនាំគ្នាមកកម្សាន្តខេត្តកំពតឡើងវិញ កន្លែងបម្រើសេវាទេសចរណ៍ផ្សេងៗដែលនៅក្រៅបម្រាម ក៏ចាប់ផ្តើមដំណើរការជាប្រក្រតីវិញដែរ។
លោកបានបន្តថា ជារៀងរាល់ថ្ងៃនៃចុងសប្តាហ៍ នៅតាមដងផ្លូវក្នុងក្រុងកំពត ចរាចរមានការកកស្ទះជាអន្លឺៗ ខណៈដែលតំបន់រមណីយដ្ឋាននានា មានទេសចរច្រើនកោះករ ហើយដើម្បីរក្សាសុខសុវត្ថិភាព សុខភាព និងផលប្រយោជន៍រួម លោកបានស្នើដល់មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ និងភ្ញៀវទេសចរទាំងអស់ សូមបន្តយកចិត្តទុកដាក់ ចូលរួមអនុវត្តតាមវិធានការអនាម័យរបស់ក្រសួងសុខាភិបាល រក្សាគម្លាតសង្គម និងគោរពតាមបទបញ្ជារបស់រាជរដ្ឋាភិបាលឲ្យបានល្អប្រសើរថែមទៀត។
លោក ជាវ តាយ ក៏បានបញ្ជាក់ទៀតថា ទោះយ៉ាងណាក៏ដោយ ស្ថានភាពជំងីកូវីដ១៩ បានធ្វើឲ្យមានផលប៉ះពាល់ដល់ពលរដ្ឋខេត្តកំពត ជួបបញ្ហាជីវភាពខ្វះខាត មួយចំនួនហើយសាខាកាកបាទក្រហមកម្ពុជាខេត្ត ក៏ដូចរដ្ឋបាលខេត្ត បាននឹងកំពុងយកចិត្តទុកដាក់អំពីបញ្ហារឿងនេះជួយប្រជាពលរដ្ឋដល់មូលដ្ឋាន តាមតម្រូវការខ្វះខាតជាក់ស្តែង មិនមែនកៀរគរអំណោយមកសម្រាប់ទុកក្នុងឃ្លាំងនោះទេ។
ជាមូយឱកាសនោះ លោក ជាវ តាយ ក៏បានសំណូមពរ ផ្ដាំផ្ញើដល់មន្ត្រីអនុសាខាកាកបាទក្រហមក្រុង ស្រុក ទាំងអស់ បន្ទាប់ពីទទួលបាននូវអង្ករនិងសម្ភារៈបរិក្ខារវេជ្ជសាស្ត្រនេះហើយ ត្រូវបន្តយកទៅចែកចាយជូនដល់ដៃប្រជាពលរដ្ឋនៅមូលដ្ឋានគោលដៅរបស់ខ្លួន ដើម្បីសម្រាលការលំបាកខ្វះខាតរបស់ពួកគាត់និងរួមគ្នាទប់ស្កាត់ការឆ្លងជំងឺដ៏កាចសាហាវនេះឲ្យមានប្រសិទ្ធភាពថែមទៀតនៅក្នុងខេត្តកំពត។
អំណោយដែលត្រូវបែងចែកជូនសម្រាប់ដល់ អនុសាខាកាកបាទក្រហមក្រុងស្រុកទាំង០៨ ក្នុងនោះរួមមានមួយក្រុងស្រុក ទទួលបានអង្ករ១តោន ទឹកអាល់កុល ៣០លីត្រជែលអាល់កុល២០ដប ខិត្តប័ណ្ណអប់រំបង្ការជំងឺឆ្លងកូវីដ១៩ចំនួន១០០សន្លឹក សាប៊ូ២៥ដុំ ដោយឡែកសម្រាប់ចែកដល់ភូមិគោលដៅ៤៨៨ភូមិ មានទឹកអាល់កុល ចំនួន៤៨៨លីត្រនិងម៉ាសចំនួន៤៨៨ប្រអប់ផងដែរ៕