(ខេត្តកែប)៖ នៅព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០ លោក សោមពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប បានប្រកាសឲ្យដំណើរការ នូវការដ្ឋានជួសជុលផ្លូវAC ចំនួន ៧ ខ្សែរ ប្រវែងសរុប២,៤២៤ ម៉ែត្រ ស្ថិតនៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប ។
ក្នុងពិធីបើកការដ្ឋាននេះ លោក សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប មានប្រសាសន៍ថា នេះជាការឆ្លើយតបចំពោះសេចក្តីត្រូវការបងប្អូនប្រជាពលរដ្ឋក្នុងខេត្តកែបទាំងមូល ដោយការជួសជុលនេះ ព្រោះផ្លូវទាំងនេះ មានសភាពចាស់ទ្រុឌទ្រោម ពិបាកក្នុងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ទើបរដ្ឋបាលខេត្ត ប្រើប្រាស់ធនធានដែលមាន ដើម្បីជួសជុលផ្លូវនេះឱ្យមានសភាពល្អប្រសើរឡើងវិញ។លើសពីនេះផ្លូវទាំងអម្បាលមានក៏ជាតម្រូវការចាំបាច់សម្រាប់បម្រើរឲ្យការធ្វើដំណើរ និងការដឹកជញ្ជូនកសិផលរបស់បងប្អូនប្រជាពករដ្ឋផងដែរ។
លោកអភិបាលខេត្ត បានបញ្ជាក់ទៀតថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី តែងតែយកចិត្តទុកដាក់ខ្ពស់លើកការអភិវឌ្ឍគ្រប់វិស័យ ជាពិសេសការលំបាករបស់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន ទើបប្រទេសយើងមានសុខសន្តិភាពដូចបច្ចុប្បន្ន ហើយយើងមានឱកាសអភិវឌ្ឍន៍ កសាងផ្លូវលំ ផ្លូវថ្នល់ ដើម្បីបម្រើផលប្រយោជន៍របស់ប្រជាពលរដ្ឋដូចសព្វថ្ងៃនេះ។
លោក សោម ពិសិដ្ឋ អភិបាលខេត្ត ក៏បានបញ្ជាក់ទៀតថា បន្ទាប់ពីផ្លូវទាំង ៧ខ្សែរនេះ បានជួសជុលរួច សូមប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់ផ្លូវទាំងអស់ សូមជួយថែរក្សា និងប្រើប្រាស់ផ្លូវទាំងនេះឲ្យបានគង់វង្សយូរអង្វែងសម្រាប់បន្តដល់កូនចៅជំនាន់ក្រោយទៀត៕