(ខេត្តកំពត)៖ ដើម្បីរួមចំណែកទ្រទ្រង់ដល់ការងារមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពត ក៏ដូចជាដើម្បីចែករំលែកទុកលំបាករបស់ប្រជាពលរដ្ឋ នៅក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ អគ្គនាយកក្រុមហ៊ុនទ្រីភាពគ្រុបបានបរិច្ចាគសម្ភារៈ បរិក្ខា ថវិកា និងស្បៀងអាហារមួយចំនួនដល់សាខាកាកបាទក្រហម ដោយពិធីនេះបានរៀបចំឡើងនៅសាលាខេត្តកំពត នារសៀលថ្ងៃទី០២ ខែមិថុនា ឆ្នាំ ២០២០ ក្រោមវត្តមាន លោក ជាវ តាយ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត និងសហការី។
ការធ្វើពិធីប្រគល់ និងទទួលអំណោយសប្បុរសធម៌ របស់ អ្នកឧកញ៉ាបណ្ឌិតទ្រីភាព អគ្គនាយកក្រុមហ៊ុនទ្រីភាពគ្រុបនេះ ដើម្បីរួមចំណែកក្នុងមូលនិធិដោយស្ម័គ្រចិត្ត សម្រាប់ទ្រទ្រង់ការងារមនុស្សធម៌កាកបាទក្រហមកម្ពុជា ក្នុងឱកាសអបអរខួបទី១៥៧ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២០។
អំណោយសប្បុរសធម៌ រួមមានអង្ករចំនួន១០តោន មីចំនួន១០០កេះធំ ទឹកអាកុលចំនួន ៣០០លីត្រ និងថវិកាចំនួន ៤០លានរៀល សម្រាប់ត្រៀមជួយដល់ប្រជាពលរដ្ឋងាយរងគ្រោះ និងមានជីវភាពខ្វះខាត ពិសេសក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងជំងឺឆ្លងកូវីដ១៩នៅក្នុងមូលដ្ឋាននៅខេត្តកំពត។
នៅក្នុងឱកាសនោះ លោក ជាវ តាយ បានសំដែងការកោតសរសើរ និងថ្លែងអំណរគុណដល់ អ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព អគ្គនាយកក្រុមហ៊ុនទ្រីភាពគ្រុប និងលោកជំទាវឧកញ៉ាគៀន ស្រីនាង ដែលបានបរិច្ចាគធនធានផ្ទាល់ខ្លួន ស្របពេលដែលសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត បាននិងកំពុងត្រូវការសម្រាប់យកទៅផ្ដល់ជូនដល់ពលរដ្ឋងាយរងគ្រោះ និងមានជីវភាពខ្វះខាត នៅតាមមូលដ្ឋាននានាក្នុងខេត្ត។ អំណោយទាំងនេះ គឺពិតជាសំខាន់ ដែលបានរួមចំណែកដល់សកម្មភាពមនុស្សធម៌ជាមួយសាខាកាកបាទក្រហមខេត្ត ក៏ដូចជារដ្ឋបាលខេត្ត និងរាជរដ្ឋាភិបាល ដើម្បីដោះស្រាយជូនប្រជាពលរដ្ឋ ក្នុងស្ថានការណ៍ប្រយុទ្ធប្រឆាំងជំងឺឆ្លងកូវីដ១៩ ៕