កណ្តាល៖ ក្រោយពីបានទទួលបានព័ត៌មាននិងការសំណូមពរពីអង្គការមេត្រីអន្តរជាតិ (AIM) នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់មន្ត្រីជំនាញការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដឹកនាំដោយលោក វរសេនីយ៍ឯក រស់ សាវិន នាយការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងតាខ្មៅ និងមន្ត្រីមូលដ្ឋានបានចុះធ្វើការស៊ើបអង្កេតស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ប្តីប្រពន្ធ ក្រោយពីរកឃើញថាមានបទល្មើសកេងប្រវ័ញ្ចពលកម្ម និងទារុណកម្មលើកុមារ។
សមត្ថកិច្ចបានឱ្យដឹងថា ករណីនេះកើតហេតុនៅផ្ទះរបស់ជនសង្ស័យស្ថិតនៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ជនរងគ្រោះមានចំនួន០២នាក់ ទី១ឈ្មោះ ស.ប.ញ អាយុ១៨ឆ្នាំ ភេទប្រុស និងទី២ឈ្មោះ ស.ច.ន អាយុ១៦ឆ្នាំ ភេទស្រី អ្នកទាំងពីរមានទីលំនៅភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ជនសង្ស័យទី១ ឈ្មោះ សុខ សូដា ភេទប្រុស អាយុ ៥៥ឆ្នាំ មុខរបរម៉ៅការសំណង់ និងទី២ ឈ្មោះ គីម ឡេង ភេទស្រី អាយុ៤៩ឆ្នាំ មុខរបរលក់ដូរបាយម្ហូប អ្នកទាំងពីរគឺជាប្តីប្រពន្ធហ្នឹងគ្នា មានទីលំនៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ប្តីប្រពន្ធខាងលើនេះ ត្រូវសមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន កំពុងធ្វើការសាកសួរ កសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់៕