(ខេត្តកែប)៖ ដោយសារតែវិបត្តិជំងឺឆ្លងសាកលកូវីដ១៩ បានបង្កផលប៉ះយ៉ាងច្រើនដល់ប្រជាជននៅទូទាំងពិភពលោក ក្នុងនោះប្រជាជនកម្ពុជាមួយចំនួនក៏កំពុងជួបការលំបាកដោយសារវិបត្តិនៃជំងឺឆ្លងដ៏សាហាវនេះផងដែរ។
ជាមួយនេះ ក្រោមការយកចិត្តទុកដាក់របស់កាកបាទក្រហមកម្ពុជា ដែលបានកំណត់ឱ្យគ្រប់សាខា អនុសាខាកាកបាទក្រហមនៅទូទាំងប្រទេសផ្តោតការគិតគូរជានិច្ចចំពោះប្រជាពលរដ្ឋដែលជួបការលំបាកទាំងនោះ និងអន្តរាគមន៍ជួយសម្រួលការលំបាកឱ្យបានទាន់ពេលវេលានោះ នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ លោក កែន សត្ថា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកែប និងលោក សោម ពិសិដ្ឋ អភិបាលខេត្តកែប បាននាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជា ផ្តល់ជូនដល់ប្រជាពលរដ្ឋដែលកំពុងជួបការលំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃស្ថិតក្នុងសង្កាត់ពីរនៃក្រុងកែប ខេត្តកែប គឺសង្កាត់អូរក្រសារ និងសង្កាត់ព្រៃធំ។
ចំពោះអំណោយដែលត្រូវប្រគល់ជូនប្រជាពលរដ្ឋទាំង១២០គ្រួសារ ក្នុងម្នាក់ៗទទួលបានអង្ករ២៥គីឡូក្រាម សាប៊ូ ឃីតមួយកញ្ចប់(មានខោអាវ)និងថវិកាមួយចំនួនផងដែរ។
ក្នុងឱកាសនោះ លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប បានមានប្រសាសន៍ថា ជានិច្ចកាលថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត ពិសេសសាខាកាកបាទក្រហមកម្ពុជាខេត្តកែប ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា តែងតែរួមសុខរួមទុក្ខជាមួយលោកតា លោកយាយ និងបងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន មិនថានៅទីណាឱ្យតែពលរដ្ឋជួបការលំបាកទីនោះត្រូវតែមានកាកបាទក្រហមមកជួយសង្គ្រោះគ្រប់ពេលវេលា។
មានប្រសាសន៍សំណេះសំណាលជាមួយប្រជាពលរដ្ឋក្នុងឱកាសនោះ លោក កែន សត្ថា រដ្ឋលេខាធិការ នៃទីស្តីការគណៈរដ្ឋមន្តី និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកែប បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចតែងយកចិត្តទុកដាក់ និងគិតគូរចំពោះសុខទុក្ខ និងការលំបាករបស់បងប្អូននៅគ្រប់ទីកន្លែង ដោយគ្មានរើសអើង ពូជសាសន៍ ពណ៌សម្បុរឡើយ។
ជាមួយគ្នានេះ លោកក៏បានណែនាំដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវខិតខំប្រឹងប្រែងបង្កបង្កើនផល ដាំដំណាំរួមផ្សំ ដើម្បីផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃ និងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។ ក្រៅពីនោះ លោកក៏បានក្រើនរំលឹក ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវបន្តការប្រុងប្រយ័ត្ន ចំពោះការឆ្លងរាលដាលនៃជំងឺកូវីដ១៩ដែលរលកទី២ បើទោះជាក្នុងប្រទេសរបស់យើងបានព្យាបាលជាសះស្បើយអស់ចំួន១២២នាក់ហើយក្តី តែជំងឺនេះមានកើតឡើងបន្ថែមចំនួន៣នាក់ទៀត ដែលគ្រូពេទ្យកំពុងព្យាបាល។ដូច្នេះបងប្អូនត្រូវតែចេះរក្សាអនាម័យ រស់នៅស្អាត បរិភោគស្អាត និងបន្តចូលរួមបង្ការ ទប់ស្កាត់ កុំឱ្យមានការចម្លងជំងឺកូវីដ១៩ក្នុងសហគមន៍របស់យើងឱ្យសោះ ដោយត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុភាភិបាល៕