(ខេត្តកំពត)៖ នៅរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០នេះ លោក ជួន សុភា អភិបាលរងស្រុកកំពង់ត្រាច រួមជាមួយលោកមឃុំ លោកមេភូមិ កោះទ្រមូង ឃុំបឹងសាលាខាងជើង បានពិនិត្យដំណើរការជួសជុលស្ពានឆ្លងកាត់ប្រឡាយដែលកំពុងទ្រុឌទ្រោមហើយបាក់ស្រុតកន្លងមក។
ក្នុងដំណើរចុះពិនិត្យការជួសជុលនេះ លោក ជួន សុភា បានឱ្យដឹងថា ស្ពាននេះបានជួសជុលឡើងវិញ ដោយការដឹកនាំរបស់លោកមេឃុំ លោកមេភូមិ និងកម្លាំងសាមគ្គីរបស់បងប្អូនប្រជាពលរដ្ឋក្នុងសហគមន៍និងសប្បុរជន ដែលបានជួយជ្រោមជ្រែងផ្តល់ជាសម្ភារ:និងថវិកាសម្រាប់ធ្វើការជួសជុល។
ជាងនេះទៅទៀត ចំពោះសមិទ្ធផលនេះ គឺបានកើតឡើងដោយសារកម្លាំងសាមគ្គីរបស់បងប្អូនក្រុមជាងសំណង់យើងនៅក្នុងភូមិ ដែលបានរួមគ្នាជួយជាកម្លាំងពលកម្មនិងពេលវេលាជួយការងារនេះដោយមិនបានគិតកម្រៃថ្លៃឈ្នួលអ្វីឡើយ។
ក្នុងឱកាសនោះ លោកអភិបាលរងស្រុកក៏សូមថ្លែងអរគុណដល់បងប្អូនសប្បុរសជននិងបងប្អូនក្នុងសហគមន៍យើង ដែលបានចូលរួមគ្រប់សកម្មភាពនៃការអភិវឌ្ឍក្នុងមូលដ្ឋានសំដៅការឆ្លើយតបនូវតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ។
សូមបញ្ជាក់ផងដែរថា ស្ពានមួយនេះបើបានជួសជុលរួចរាល់ហើយកាលណា នឹងផ្តល់ភាពងាយស្រួល សម្រាប់ការធ្វើដំណើរឆ្លងកាត់របស់បងប្អូនប្រជាពលរដ្ឋ ពិសេសសិស្សានុសិស្ស ហើយសង្ឃឹមថា បើបងប្អូនទទួលបានសមិទ្ធផលនេះហើយពិតជាជួយថែរក្សាឱ្យបានគង់វង្សយូរអង្វែង សម្រាប់បន្តដល់កូនចៅជំនាន់ក្រោយ៕