(ខេត្តកែប)៖ លោកឧត្តមសេនីយ៍ត្រី បែន តារា ស្នងការនគរបាលខេត្តកែប កាលពីពេលថ្មីៗនេះ បានដឹកនាំប្រជុំដកបទពិសោធន៍នៃប្រតិបត្តិការត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកដែលបានកំពុងនឹងអនុវត្តចាប់តាំងពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ ក្នុងនោះលោកឧត្តមសេនីយ៍ស្នងការ នគរបាលខេត្ត បានដឹកនាំផ្សព្វផ្សាយប្រសាសន៍ដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ជាមួយបណ្តាផែនការងារពាក់ព័ន្ធ នាយ នាយរងការិយាល័យជំនាញ និងមន្ត្រីនគរបាល នៃការិយាល័យចរាចរណ៍ផ្លូវគោក និងអធិការក្រុង ស្រុកដោយបានជំរុញ និងដាក់បទបញ្ជាឱ្យ ស្នងការនគរបាលខេត្ត ដឹកនាំដោយផ្ទាល់លើការងាររឹតបន្តឹងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងណែនាំកម្លាំងក្រោមឱវាទដែលមានភារកិច្ចអនុវត្តការងារនេះគ្រប់គោលដៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ហាមដាច់ខាតមិនត្រូវឃាត់អ្នកបើកបរយានយន្តដើម្បីត្រួតពិនិត្យឯកសារពាក់ព័ន្ធឡើយ លើកលែងតែមានអំពើល្មើសច្បាប់ នឹងត្រូវអនុវត្តតាមគោលការណ៍ថ្នាក់ដឹកនាំដែលបានកំណត់(ម៉ូតូ០៧ចំណុច ឡាន០៩ចំណុច)។
បន្ថែមពីនេះកិច្ចប្រតិបត្តិការបំពេញភារកិច្ចមន្ត្រីនគរបាលទាំងអស់ត្រូវគោរពក្រមសីលធម៌ (ទន់ភ្លន់ តែម៉ឺងម៉ាត់) និងស្លៀកពាក់ឯកសណ្ឋានឱ្យបានត្រឹមត្រូវ។
ដោយឡែកមន្ត្រីនគរបាលទាំងឡាយណាដែលអនុវត្តខុសវិជ្ជាជីវៈ និងបទបញ្ជារបស់ថ្នាក់ដឹកនាំ និងបានព្រមានចាត់វិធានការអនុវត្តវិន័យ។ ម្យ៉ាងទៀត ក្នុងនាមជាមន្ត្រីអនុវត្តច្បាប់ត្រូវធ្វើជាគំរូសម្រាប់ប្រជាពលរដ្ឋក្នុងការគោរពច្បាប់ចរាចរណ៍ផ្លូវគោក។ ទន្ទឹមនោះត្រូវបន្តយកចិត្តទុកដាក់ទៅលើការអនុវត្តវិធានអនាម័យដើម្បីបង្ការជំងឺឆ្លងកូវិដ-១៩។
ចុងបញ្ចប់លោកឧត្តមសេនីយ៍ស្នងការ បានចែកវិទ្យុទាក់ទងជូនមន្ត្រីអនុវត្តន៍ច្បាប់ចរាចរណ៍ដើម្បីយកទៅបម្រើការងារជំនាញផងដែរ៕