(ខេត្តកំពត)៖ នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ នេះ លោក ជួន សុភា អភិបាលរងស្រុកកំពង់ត្រាច បានដឹកនាំកម្លាំងចម្រុះ ចុះវាស់វែងកំណត់ដីកម្មសិទ្ធិឯកជននិងដីរបស់រដ្ឋ ហើយបញ្ជាឱ្យគ្រឿងចក្រជីកដកបង្គោលរបងដែលជនខិលខូចបោះរំលោភយកដីបឹងសាធារណៈរបស់រដ្ឋត្រង់ចំណុចគល់ស្ពានធំផ្នែកខាងលិច ក្នុងភូមិដំណាក់ក្រឡាញ់ខាងកើត ឃុំភ្នំប្រាសាទ ស្រុកកំពង់ត្រាច ខេត្តកំពត។
សូមជម្រាបផងដែរថា ការដកបង្គោលរបងត្រង់ចំណុចខាងលើនេះ បានធ្វើឡើង ខណៈមានប្រជាពលរដ្ឋប្រមាណជាង៣០នាក់ផ្ទុះការតវ៉ាចំពោះប្រជាពលរដ្ឋមួយគ្រួសារដែលគេស្គាល់ថាជាម្តាយក្មេករបស់ លោក សៅ ទីន មន្ត្រីសាលាស្រុក បានចាក់ដីកេងរំលោភចូលក្នុងដីបឹងសាធារណៈរបស់រដ្ឋនេះប្រមាណ ២.០០០ម៉ែត្រការ៉េ ត្រង់ចំណុចគល់ស្ពានធំ ក្នុងភូមិដំណាក់ក្រឡាញ់ខាងកើត ឃុំភ្នំប្រាសាទ សហរុកកំពង់ត្រាច ខេត្តកំពត។
ជុំវិញករណីនេះ លោក ជួន សុភា អភិបាលរងស្រុកកំពង់ត្រាច បានឱ្យដឹងថា ពិតជាមានការចាក់ដីលុបរំលោភចូលក្នុងដីសាធារណៈរបស់រដ្ឋប្រាកដមែន ហើយដីដែលប្រជាពលរដ្ឋចាក់រំលោភចូលក្នុងដីបឹងធម្មជាតិនេះ មានប្រវែងប្រមាណ ៣០ម៉ែត្រ(គិតជើងម៉ែត្រតាមបណ្តោយផ្លូវជាតិ)។ចំពោះការចាក់ដីរំលោភចូលបែបនេះ លោកបានបញ្ជាឱ្យគ្រឿងចក្រអេស្កាវ៉ាទ័រដកបង្គោលចេញទាំងអស់ រួចហើយវាស់វែងកំណត់ព្រំដីជូនពួកគាត់វិញ ដោយផ្អែកទៅតាមប័ណ្ណកម្មសិទ្ធិ។
បន្ទាប់ពីមានចំណាត់ការដ៏ក្តៅបែបនេះ ប្រជាពលរដ្ឋស្ថិតក្នុងតំបន់ខាងលើ បានសំដែងក្តីរីករាយ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំក្នុងស្រុកកំពង់ត្រាច ដែលបានជួយដោះស្រាយនិងមានវិធានការ ការពារទ្រព្យសម្បត្តិរដ្ឋបានទាន់ពេលវេលា៕