(ខេត្តកំពត)៖ នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០ លោក សោម ចិន អ្នកតំណាងរាស្ត្រមណ្ឌលកំពត និង លោក លី សារី សមាជិកព្រឹទ្ធសភាភូមិភាគ៥ រួមនិងក្រុមការងារអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះសួរសុខទុក្ខនិងនាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ មានអង្ករ មី ត្រីខ ទឹកស៊ីអ៊ីវ ទឹកត្រី និងថវិកាមួយចំនួន ដើម្បីឧបត្ថម្ភជួយដល់គ្រួសារប្រជាពលរដ្ឋ ចាស់ជរា និងមានជីវភាពខ្វះខាត នៅតាមបណ្ដាខ្នងផ្ទះ ក្នុងភូមិស្រែ ស្ថិតក្នុងសង្កាត់ត្រើយកោះ ក្រុងកំពត ខេត្តកំពត។
មានប្រសាសន៍សំណេះសំណាលជាមួយប្រជាពលរដ្ឋ លោក សោម ចិន អ្នកតំណាងរាស្ត្រនិងជាប្រធានក្រុមការងារចុះជួយក្រុងកំពត បានលើកឡើងថា តាំងពីដើមជារៀងរហូតមក សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា តែងតែមានការយកចិត្តទុកដាក់គិតគូរខ្ពស់ រួមសុខរួមទុក្ខលំបាក និងដោះស្រាយជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈ។
ជាក់ស្ដែងប្រទេសជាតិយើង ដែលបច្ចុប្បន្ន កំពុងស្ថិតក្នុងស្ថានភាពប្រយុទ្ធ ប្រឆាំងនឹង ការរីករាលដាលជំងឺឆ្លងកូវីដ១៩ ដ៏កាចសាហាវ សម្ដេចតេជោហ៊ុន សែន តែងតែបានអំពាវនាវនិងណែនាំដល់ថ្នាក់ដឹកនាំមន្ត្រីរាជការ គ្រប់ក្រសួងស្ថាប័ន អាជ្ញាធរ កងកម្លាំងគ្រប់ថ្នាក់គ្រប់ផ្នែក ចូលរួមសាមគ្គីគ្នា ចុះដល់មូលដ្ឋានជួយដល់ប្រជាពលរដ្ឋ ដើម្បីអប់រំណែនាំផ្សព្វផ្សាយ ពីការបង្ការនិងទប់ស្កាត់ជំងឺកូវីដ១៩ និងការផ្គត់ផ្គង់សម្ភារៈបរិក្ខាររួមនឹងស្បៀងអាហារទំនុកបំរុងជូនដល់ប្រជាពលរដ្ឋដែលប្រឈមការខ្វះខាត ដោយមិនទុកចោលឱ្យប្រជាពលរដ្ឋណាម្នាក់ ស្លាប់ដោយខ្វះស្បៀងអាហារ ដែលរដ្ឋាភិបាល ឬអាជ្ញាធរមានសមត្ថកិច្ច មិនបានដឹងនិងមិនបានដោះស្រាយឡើយ។
ជាមួយនេះលោកក៏បានណែនាំក្រើនរំលឹកដល់ប្រជាពលរដ្ឋថា បើទោះបីបច្ចុប្បន្នជំងឺឆ្លងកូវីដ១៩ នៅកម្ពុជាយើងមានលក្ខណៈធូរស្បើយក៏ពិតមែន ប៉ុន្តែនៅក្នុងពិភពលោកតាមបណ្ដាប្រទេសមួយចំនួន នៅមិនទាន់ធូរស្បើយនៅឡើយទេ។ដូច្នេះសូមប្រជាពលរដ្ឋយើង បន្តយកចិត្តទុកដាក់អនុវត្តនូវវិធានការរបស់ក្រសួងសុខាភិបាល និងបទបញ្ជារបស់រាជរដ្ឋាភិបាល ដោយប្រកាន់ខ្ជាប់ នូវកត្តាអនាម័យ គឺការហូបស្អាត ផឹកស្អាត រស់នៅស្អាត ត្រូវឧស្សាហ៍លាងសម្អាតដៃដោយសាប៊ូឬទឹកអាល់កុល ព្រមទាំងជួយអប់រំក្រើនរំលឹកដល់កូនចៅក្នុងភូមិ បើពុំមានការចាំបាច់ទេ គួរកុំធ្វើដំណើរឆ្ងាយពីផ្ទះ ឬចូលរួមក្នុងកម្មវិធីប្រមូលផ្ដុំមានមនុស្សច្រើន ដែលងាយប្រឈមនឹងការឆ្លងជំងឺដ៏កាចសាហាវនេះ ហើយបើមានករណីសង្ស័យនូវការឆ្លងជំងឺផ្សេងៗសូមប្រញាប់អញ្ជើញទៅមណ្ឌលសុខភាពដែលនៅជិតផ្ទះរបស់ខ្លួន ដើម្បី រក្សាបាននូវសុខភាពល្អ ជៀសផុត ការឆ្លង នៃវីរុសកូវីដ១៩នេះ មកលើសង្គមគ្រួសារនិងសហគមន៍យើង។
ទន្ទឹមនឹងនោះសូមបងប្អូនប្រជាពលរដ្ឋយើងឧស្សាហ៍ព្យាយាមក្រើនរំលឹកដល់បងប្អូនកូនចៅក្នុងភូមិ ត្រូវចូលរួមអនុវត្តច្បាប់នានា របស់រាជរដ្ឋាភិបាលឱ្យបានល្អ ពិសេសច្បាប់ចរាចរណ៍ផ្លូវគោកដើម្បីការពារអាយុជីវិតនិងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋយើងទាំងអស់គ្នាផងដែរ។
ក្នុងឱកាសនោះ លោក សោម ចិន និង លោក លី សារី ក៏បានអញ្ជើញ ទៅពិនិត្យលទ្ធផលនៃការសាងសង់ស្នាក់ការអាគារប្រជុំដែលសម្រេចបាន ប្រមាណ៦០% ដែលមានតម្លៃជាង៥ម៉ឺនដុល្លារ របស់សង្កាត់ត្រើយកោះនិងបានជូនលិខិតសរសើរដល់សប្បុរសជនដែលបានចូលរួមសាងសង់អគារនេះផងដែរ៕