(ខេត្តកំពត)៖ កាលពីរសៀលថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០ រដ្ឋបាលខេត្តកំពតបានធ្វើពិធីប្រគល់និងទទួលព្រះរាជក្រឹត្យ តាមត្រាស់បង្គាប់របស់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីផ្ដល់សញ្ជាតិខ្មែរ ជូនដល់ជនជាតិអាមេរិកសញ្ជាតិអាមេរិកម្នាក់មានសិទ្ធស្នាក់និងរស់នៅក្នុងប្រទេសកម្ពុជា ព្រមទាំងប័ណ្ណកម្មសិទ្ធដីធ្លីចំនួន០៧កន្លែង។
ពិធីនេះធ្វើឡើង ក្រោមវត្តមានចូលរួម ពីលោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត លោក ដួង តារា ជំនួយការផ្ទាល់សម្ដេចតេជោនាយករដ្ឋមន្ត្រី ព្រមទាំងវត្តមាន លោកអភិបាលរងខេត្ត ថ្នាក់ដឹកនាំ អង្គភាពចំណុះសាលាខេត្ត និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធផងដែរ។
លោក ដួង តារា ជំនួយការផ្ទាល់សម្ដេចតេជោហ៊ុនសែន បានលើកបញ្ជាក់ថា ស្របតាមការណែនាំដ៏ខ្ពង់ខ្ពស់ របស់សម្ដេចតេជោហ៊ុន សែនដែលតែងតែបានចាត់ទុកអាមេរិកគឺជាមិត្តភក្កិល្អជាមួយកម្ពុជា ។ ហើយក្នុងករណីលោក (ថម) កន្លងមកនេះមានការរំលោភបំពាន ពីដៃគូរកស៊ីជាមួយគ្នា នឹងមានដំណោះស្រាយរកយុត្តិធម៌តាមគោលការណ៍ឈ្នះឈ្នះទាំងអស់គ្នា ដែលដំណោះស្រាយនេះត្រូវបានសម្ដេចតេជោមានការកោតសរសើរនិងគាំទ្រយ៉ាងខ្លាំង។ ហើយចំពោះករណីលោក(ថម)នេះដែរ រាជរដ្ឋាភិបាល គឺសម្ដេចតេជោជាប្រមុខដឹកនាំ នៅពេលបានដឹងថា មានការរំលោភបំពានពីដៃគូរកស៊ីជាមួយគ្នា សម្ដេចតេជោ តែងតែមានការអាណិតអាសូរ ជាពិសេសនៅពេលដឹងថា លោក (ថម) ត្រូវបានចូលនិវត្តន៍ហើយ សម្រេចចិត្តមករស់នៅប្រទេសកម្ពុជា ដែលបានជ្រើសរើសទីតាំងខេត្តកំពតជាកន្លែងជម្រើសចុងក្រោយរបស់ជីវិតលោក ថែមទាំងពិនិត្យឃើញសកម្មភាពរបស់លោក(ថម) មានគម្រោងផ្ទះសម្បែងដីធ្លី និងស្រឡាញ់ប្រទេសកម្ពុជាដោយបេះដូងរបស់គាត់ផ្ទាល់ សម្ដេចតេជោក៏ពេញចិត្ត សម្រេចទូលសុំព្រះមហាក្សត្រដើម្បីផ្ដល់សញ្ជាតិខ្មែរជូនលោក( ថម)ក្នុងក្ដីស្រឡាញ់ពេញបេះដូងជាសមាជិកគ្រួសារខ្មែរតែមួយ។
ជាមួយឱកាសនោះ លោក ដួង តារា ក៏បានសម្ដែងក្ដីសង្ឃឹមថា ចាប់ពីពេលនេះតទៅ លោក (ថម) និងធ្វើកិច្ចការរស់នៅស្របតាមច្បាប់ប្រទេសកម្ពុជា ហើយកិច្ចការខ្វះខាតត្រង់ណា សង្ឃឹមថារដ្ឋបាលខេត្តកំពតនិងជួយសម្របសម្រួល ដើម្បីធ្វើឱ្យការរស់នៅលោក( ថម)នៅក្នុងប្រទេសកម្ពុជាយើងនេះសុខសប្បាយទាំងអស់គ្នា។
ក្នុងឱកាសនោះដែរ លោក (ថម) ក៏បានសម្ដែងអំណរគុណចំពោះសម្ដេចតេជោហ៊ុនសែន ដែលបានជួយរកយុត្តិធម៌ព្រមទាំង បានផ្ដល់សញ្ជាតិខ្មែរ ដើម្បីជាសិទ្ធិរស់នៅស្រមច្បាប់ ក្នុងប្រទេសកម្ពុជា ដែលជាទឹកដី ដែលលោកស្រលាញ់ពេញបេះដូងនៃជីវិតចុងក្រោយរបស់លោក(ថម)ផងដែរ៕