(ខេត្តកែប)៖ នៅព្រឹកថ្ងៃសៅរ៍ ៣រោច ខែពិសាខ ឆ្នាំជូន ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២០ នេះ លោក ងិន ងិនដា អភិបាលរងខេត្តកែប និងជាអនុប្រធានក្រុមការងារចុះជួយភូមិថ្មី លោក ជន សុផល សមាជិកក្រុមប្រឹក្សាខេត្ត លោកស្រី ដួង កែវចិន្ដា សមាជិកក្រុមព្រឹក្សាខេត្ត និងលោកស្រីអភិបាលក្រុងកែប ព្រមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួនផងដែរ បានអញ្ចើញចុះជួបសំណេះសំណាលសួរសុខទុក្ខនិងចែកសម្ភារៈ ស្បៀងអាហារមួយចំនួនដល់អតីតយុទ្ធជនចំនួន២៩នាក់ ស្ថិតនៅ ភូមិថ្មី សង្កាត់ សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប។
ចំពោះសម្ភារៈដែលត្រូវផ្តល់ជូនប្រជាពលរដ្ឋជាអតីតយុទ្ធជន ដោយក្នុងម្នាក់ៗទទួលបាន អង្ករ២០គីឡូ ទឹកត្រី សាប៊ូ ម៉ាស អាល់កុល ក្រមា ខិតប័ណ្ណ អប់រំ និងថវិកាចំនួន ៤០,០០០ រៀល ផងដែរ។
ក្នុងឱកាសនោះ លោក ងិន ងិនដា អភិបាលរងខេត្ត បានលើកឡើងដោយជំរុញដល់ប្រជាពលរដ្ឋរស់នៅតាមសហគមន៍នីមួយៗ ត្រូវរក្សាសុខភាពឱ្យបានរឹងមាំ ពិសេសត្រូវចេះរក្សាអនាម័យជាប្រចាំដើម្បីបង្ការទប់ស្កាត់កុំឱ្យមានករណីចម្លងមេរោគោផ្សេងៗ នៅក្នុងសហគមន៍របស់យើង។
ជាមួយគ្នានេះដែរ លោក ងិន ងិនដា អភិបាលរងខេត្ត ក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋដែលជាអតីតយុទ្ធជនត្រូវហូបស្អាត ផឹកស្អាត រស់នៅស្អាត តាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយត្រូវលាងសម្អាតដៃនឹងសាប៊ូ ឬអាល់កុលបានញឹកញាប់មុននឹងកាន់ ចំណីអាហារ ហើយពេលចេញខាងក្រៅផ្ទះត្រូវពាក់ម៉ាស់ឱ្យបានជាប់ជាប្រចាំ ធ្វើបែបនេះដើម្បីបញ្ជៀសនូវការចម្លងជំងឺផ្សេងៗ ពិសេសបង្ការ ទប់ស្កាត់កុំឱ្យឆ្លងជំងឺកូវីដ ១៩ ដែលជាជំងឺមួយដ៏កាចសាហាវ និងរាតត្បាតពេញពិភពលោក៕ សេង ណារិទ្ធ