(ខេត្តកំពត)៖ នៅព្រឹក ថ្ងៃព្រហស្បតិ៍ ១រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០៧ខែឧសភា ឆ្នាំ២០២០ លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានទទួលជួបជាមួយអគ្គនាយកក្រុមហ៊ុន ហ្គាអៀ ចូលជួបសម្តែងការគួរសម និងលើកឡើងអំពីគម្រោងកែច្នៃសំរាម និងការធ្វើប្រព័ន្ធចម្រោះទឹកស្អាត ដែលគម្រោងនេះមានដៃគូពីប្រទសសឹង្ហបុរី ដោយបច្ចុប្បន្នកំពុងរង់ចាំការដេញថ្លៃ និងសំណូមពរឱ្យមានកិច្ចសន្យាច្បាស់លាស់ជាមួយរដ្ឋបាលខេត្ត ដើម្បីអនុវត្តការងារនាពេលខាងមុខនេះ។
ក្នុងឱកាសនេះដែរ លោក ជាវ តាយ អភិបាលខេត្តកំពត បានសំដែងការស្វាគមន៍ចំពោះការជួបពិភាក្សាថ្ងៃនេះ និងបានគាំទ្រគម្រោងរបស់ក្រុមហ៊ុនដែលបានលើកឡើងផងដែរ ដោយខណៈនោះ លោកអភិបាលខេត្តបានស្នើឱ្យក្រុមហ៊ុនយកចិត្តទុកដាក់ក្នុងការប្រមូលសំរាម និងដឹកជញ្ជូនសំរាមឱ្យបានឆាប់ រហ័សតាមដែលអាចធ្វើទៅបាន ដោយត្រូវផ្តល់នូវមធ្យោបាយបន្ថែមសម្រាប់ការដឹកជញ្ជូនសំរាម ឱ្យបានទាន់ពេលវេលា ជៀសវាងករណីទុកផ្អាប់យូរបង្កផលប៉ះពាល់និងខូចសោភ័ណភាពក្រុងកំពតរបស់យើង៕ សេង ណារិទ្ធ