(ខេត្តកែប)៖ នៅព្រឹកថ្ងៃច័ន្ទ ៨ រោច ខែផល្គុន ឆ្នាំកុរ ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ ២០២០ លោក កែន សត្ថា អភិបាល នៃគណៈអភិបាលខេត្តកែប បានអញ្ជើញជាអធិបតីក្នុងពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់មន្ទីរសាធារណការ និងដឹកជញ្ជូន នៅសាលប្រជុំមន្ទីរសាធារណការ និង ដឹកជញ្ជូនខេត្តកែប ដោយមានការចូលរួមពីអភិបាលរងក្រុង-ស្រុក មន្ទីរស្ថាប័នពាក់ព័ន្ធ កងកម្លាំង និងមន្ត្រីរាជការនៃមន្ទីរសាធារណការផងដែរ ។
ពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារនេះ បន្ទាប់ពីបានពិនិត្យ និងវាយតម្លៃលើបញ្ហាប្រឈម សំណូមពរ និងដំណោះស្រាយនានា និងក៏បានបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅការងារសម្រាប់អនុវត្តក្នុងឆ្នាំ២០២០ ដោយខណៈនោះ លោកអភិបាលខេត្ត ក៏បានជម្រាបជូនអំពីទិសដៅ និងជំរុញទ្វេដងក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ដែលបានផ្តល់ការទុកចិត្តដល់រាជរដ្ឋាភិបាល និងសំដៅប្រមូលថវិកាជូនរដ្ឋ និងពង្រឹងការគ្រប់គ្រងយានយន្ត គម្រោងកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ឱ្យនៅកម្រិតទាបបំផុតក្នុងឆ្នាំ ២០២០នេះ ហើយក៏ត្រូវបង្កើតក្រុមការងារត្រួតពិនិត្យរថយន្តដឹកជញ្ជូនទំនិញតាមគោលដៅដើម្បីទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់ជាដើម។
ថ្លែងក្នុងឱកាសនោះដែរ លោក កែន សត្ថា បានសំណូមពរដល់មន្ត្រីសាធារណការ និងដឹកជញ្ជូន ត្រូវអនុវត្តការងារ ភារកិច្ចរបស់ខ្លួនប្រកបដោយជោគជ័យ លេីការងារដឹកជញ្ជូនផ្លូវគោក និង សុវត្ថិភាពចរាចរណ៍ ការងារសាធារណការ ការងារសហគ្រាសសាធារណៈ។
ជាមួយនេះ លោកអភិបាលខេត្តក៏បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលសម្រេចបានក្នុងរយៈពេលកន្លងមកនេះ និងបានការកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់មន្ទីរសាធារណការខេត្តកែប និងដៃគូអភិវឌ្ឍន៍ អង្គការជាតិ អន្តរជាតិ និងស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបានសហការ និងផ្តល់ការឧបត្ថម្ភគាំទ្រ ទាំងស្មារតី សម្ភារៈ ថវិកា និងបច្ចេកទេស លើការរៀបចំផែនការ និងការអនុវត្តសកម្មភាពការងារក្នុងវិស័យសាធារណការ និងដឹកជញ្ជូនដើម្បីបម្រើដល់ភ្ញៀវទេសចរជាតិ-អន្តរជាតិដែលមកកំសាន្តនៅខេត្តកែបនេះ។
ក្នុងពេលនេះដែរ លោកបានរំលឹកដល់មន្ត្រីរាជការ និង ប្រជាពលរដ្ឋទូទាំងខេត្ត ត្រូវចូលរួម អនាម័យ ថេរក្សាសុខភាព ដើម្បីការពារពីជំងឺឆ្លង Covid-19 ផងដែរ៕