ព្រះវិហារៈ ក្រុមហ៊ុន (ភីអិនធី PNT)ត្រូវបានគេចោទថា ធ្វើអាជីវកម្មព្រៃឈើដោយខុសច្បាប់ ជ្រកក្រោមស្លាក ឧកញ៉ា ឡេង ឫទ្ធី និង លោក ដួង ស្រួច នេះបើតាមសំដីរបស់ប្រជាពលរដ្ឋក្នុងស្រុក។ ក្រុមហ៊ុន (ភីអិនធីPNTco.,ltd) នេះ បានបោះទីតាំងនៅភូមិបរកិល ឃុំរៀបរយ ស្រុករវៀង ខេត្តព្រះវិហារ នឹងត្រូវបានគេសង្កេតឃើញសកម្មភាពកាប់បំផ្លាញព្រៃឈើ និងធ្វើការដឹកជញ្ជូនឈើក្នុងតំបន់ស្នូលព្រៃឡង់ តាមរយៈគោរយន្តកន្ត្រៃរាប់សិបគ្រឿងនិងដឹកជញ្ជូនឈើតាមរទេះក្របីជាច្រើនគ្រឿងចូលទៅកាន់ក្រុមហ៊ុន(ភីអិនធីPNT)ដែលមានមេការឈ្មួញឈើជើងខ្លាំងឈ្មោះ ចាប សារ៉ន បានធ្វើការដឹកជញ្ជូនឈើដូចគេហែរកឋិន ផ្លូកទឹកផ្លូកដីនាពេលកន្លងមកនេះ។
តាមប្រភពប្រជាពលរដ្ឋដែលសុំមិនបញ្ចេញឈ្មោះគាត់ស្គាល់ មេការដែលឈរប្រមូលទិញឈើដោយខុសច្បាប់ឈ្មោះចាប សារ៉ន គ្មានខ្លាចរអាអ្វីបន្តិចសោះនោះឡើយ សូម្បីប្រសាសន៍សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក៏មិនខ្លាចញញើតនោះដែរ។
សហគមន៍ព្រៃឈើបញ្ជាក់ថា តាមដេប៉ូ គេសង្កេតឃើញ លោក សយ សុផល ដែលជាអ្នកគ្រប់គ្រងក្រុមហ៊ុន(ភីអិនធី PNT )និងមេការចាប សារ៉ន ធ្វើសកម្មភាពដឹកជញ្ជូនឈើ ជារឿយៗ និង គ្មានអាជ្ញាធរណា ហ៊ានចេញមុខ បង្ក្រាបឡើយព្រោះតែផលប្រយោជន៍របស់ពួកគេ។
សមាជិកបណ្តាញសហគមន៍ព្រៃឡង់ បានខ្សឹបប្រាប់ឲ្យដឹងថា ក្រុមការងាររបស់លោកបានរកឃើញក្រុមអ្នកកាប់បំផ្លាញ ព្រៃឈើជាច្រើននាក់ និង បោះជំរំុលួចកាប់បំផ្លាញឈើ និងអារជ្រៀកឈើជាច្រើនទីតាំងនៅចំណុចក្បែៗតំបន់ស្នូលព្រៃឡង់។ ក្រោយពីធ្វេីការសាកសួរ ក្រុមអ្នកកាប់ឈើទាំងនោះ ពួកគេអះអាងថា ដឹកជញ្ជូនឈើយកទៅលក់ឲ្យក្រុមហ៊ុន (ភីអិនធីPNT) របស់ឧកញ៉ា ឡេង ប្ញទ្ធី ដែលមានទំនាក់ទំនងជាមួយ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត។
លោកបានបញ្ជាក់បន្ថែមថា អ្នកគ្រប់គ្រងផ្នែកប្រមូលកាកសំណល់របស់ក្រុមហ៊ុន(ភីអិនធីPNT)គឺឈ្មោះ ចាប សារ៉ន ជាមេកាក្រុមហ៊ុននិងជាអ្នកគៀងគរប្រជាពលរដ្ឋយកគោយន្តកន្ត្រៃរាប់សិបគ្រឿងដឹកជញ្ជូនឈើនិងរទេះក្របីដឹកជញ្ជូនឈើជាច្រើនគ្រឿងផងដែរ ស៊ីឈ្នួលដឹកជញ្ជូនឈើចូលទៅកាន់ក្រុមហ៊ុន(ភីអិនធីPNT)។
កាលពីពេលថ្មីៗនេះ អំឡុងថ្ងៃទី១៧ខែសីហា ឆ្នាំ ២០២២កន្លងទៅនេះ សកម្មជនព្រៃឈើ និងបណ្ដាញសហគមន៍ព្រៃឡង់បានឆ្មក់ធ្វើសកម្មភាពចុះល្បាត ប្រទះឃើញ ក្រុមកម្មករជាច្រើននាក់ កំពុងកាប់បំផ្លាញព្រៃឈើ និងអារជ្រៀកឈើជាច្រើនប្រភេទ រួមមាន:ប្រភេទឈើគ្រឿងផ្ទះ ជាច្រើនទីតាំងនៅចំណុចបុស្សរាំង ជ្រាប់ក្បាលដំរី ស្រែកណ្ដាល អូរអាចម៍ដែក ភូមិចាស់ ភ្នំចោទ ប្រាសាទគោល ព្រៃស្រឡៅ និងចំណុចស្រែតាង៉ុត និងទីតាំងផ្សេងៗទៀតជាច្រើនកន្លែង។
ឈើទាំងនោះ ត្រូវបានគេដឹកជញ្ជូនតាមគោយន្តកន្ត្រៃនិងរទេះក្របីចូលទៅលក់ឲ្យក្រុមហ៊ុន (ភីអិនធីPNTco.,ltd) ហើយត្រូវបានគេបំឡែងទៅជាឈើស្របច្បាប់ដឹកជញ្ជូនតាមរថយន្តយីឌុប រថយន្តវេរ1ទៅលក់ចែកចាយតាមបណ្ដាខេត្តនានាទៀត និងតាមដេប៉ូឈើផ្សេងៗទៀតក្នុងប្រទេសកម្ពុជា។
សូមបញ្ជាក់ថា: កាលពីយប់ថ្ងៃទី១៧ខែសីហាឆ្នាំ២០២២ ម្សិលមិញនេះ ក្រុមហ៊ុនPNT បានធ្វេីការដឹកជញ្ជូនឈើ ដោយរថយន្តយីឌុបនិងរថយន្តវេរ1ចេញជារៀងរាល់យប់។
រីឯសមត្ថកិច្ចគ្រប់ប្រភេទ ទាំងអាជ្ញាធរស្រុក និងថ្នាក់ខេត្ត ត្រូវថ្នាំសណ្ដំ មិនហ៊ានសួរនាំប៉ះពាល់ដោយមានការខ្លាចញញើតឥទ្ធិពលឈ្មួញជើងខ្លាំងឈ្មោះ ចាប សារ៉ន ដែលជាមេការក្រុមហ៊ុន (ភីអិនធី PNT Co…,ltd ) ជ្រកក្រោមស្លាក ឧកញ៉ា ឡេង ឬទ្ធី ព្រោះតែអំណាចទឹកប្រាក់លាភសក្ការ: យ៉ាងសន្ធឹកសន្ធាប់ធ្វើមិនដឹងមិនលឺ!៕