ពោធិ៍សាត់ ៖ សិក្ខាកាមប្រមាណជាង ១៥០ នាក់ មានសេចក្តីរំភើបរីករាយក្រោយពីទទួលជំនាញលក់កម្រិតខ្ពស់ ដែលរៀបចំដោយគម្រោងអភិវឌ្ឍ សួនចំការបុរីទេសចរណ៍ នៅព្រឹកថ្ងៃសៅរ៍ ទី០៦ ខែសីហា ឆ្នាំ២០២២ ក្នុងសាលប្រជុំសណ្ឋាគារ ច័ន្ទមណ្ណីមណ្ណីច័ន្ទ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។
លោកហោ គន្ធា ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុនស្វាសធីកាអ៊ិនវេសម៉ិន និងជាប្រធានសមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា អញ្ជើញជាគ្រូឧទ្ទេសនាមបានសង្កត់ធ្ងន់ថា ជំនាញលក់ជារឿងសំខាន់ណាស់ ក្នុងការបង្កើតប្រាក់ចំណូលខ្ពស់ រីឯជំនាញលក់កម្រិតខ្ពស់បែងចែកជា ០៣ កម្រិត ១.កម្រិតជំនាញលក់ ២.កម្រិតគ្រប់គ្រងលក់ ៣.កម្រិតដឹកនាំលក់ ហើយលោកបានបន្ដទៅទៀតប្រសិនបើទទួលបានជំនាញលក់កម្រិតខ្ពស់ ហើយគឺអាចយកទៅបង្កើតប្រាក់ចំណូលបានខ្ពស់តួយ៉ាងដូចជាអចលនទ្រព្យជាដេីម។
លោកបានលើកទឹកចិត្តឱ្យសិក្ខាកាមប្រមាណជាង១៥០នាក់ខិតខំបង្កើតប្រាក់ចំណូលសកម្មនិងអកម្មតាមរយៈវិស័យអចលនទ្រព្យ។
ក្រោយពីបញ្ចប់វគ្គសិក្សាសិក្ខាកាមទាំងអស់បានធ្វើទស្សនកិច្ចសិក្សាបន្ថែមនៅទីតាំងគម្រោងអភិវឌ្ឍសួនចំការបុរីទេសចរណ៍ទី២ស្ថិតនៅភូមិអូរថ្កូវសង្កាត់រលាបក្រុងពោធិ៍សាត់ខេត្តពោធិ៍សាត់ព្រមទាំងទទួលទានអាហារសាមគ្គីរួមគ្នាប្រកបដោយសេចក្ដីរីករាយយ៉ាងក្រៃលែង ៕