នៅព្រឹក ថ្ងៃព្រហស្បត៍៩កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២ នៅសាលាសង្កាត់គោករកាបានប្រារព្ធពិធីប្រកាសសុពលភាពសមាជិកក្រុមប្រឹក្សាសង្កាត់គោករកា អាណត្តិទី៥ នៃខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម សុខ សម្បត្តិ ជំនួយការសម្តេចតេជោនាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា និងជាអភិបាល នៃគណៈអភិបាលខណ្ឌព្រែកព្នៅ និងលោក ម៉ៅ បូរ៉ា ប្រធានក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ។
ក្នុងពិធីកិច្ចប្រជុំប្រកាសសុពលភាពក្រុមប្រឹក្សាសង្កាត់ ឯកឧត្តមអភិបាលខណ្ឌបានសំដែងនូវការកោតសរសើរ អំពី ការខិតខំអស់ពីកម្លាំងកាយចិត្ដរបស់លោក លោកស្រី សមាជិកក្រុមប្រឹក្សាសង្កាត់គោករកាអាណត្តិចាស់ (អាណត្តិទី៤) ក្នុងការពង្រឹងកិច្ចសហប្រតិបត្ដិការ អនុវត្ដរាល់ភារកិច្ច សម្រេចបាននូវសមិទ្ធផលចម្បងៗជាច្រើនសម្រាប់ជាមូលដ្ឋានក្នុងការបន្ដអនុវត្ដការងាររបស់ក្រុមប្រឹក្សាសង្កាត់អាណត្ដិថ្មី(អាណត្តិទី៥)នេះបន្តទៀត។ ហើយសមាជិកក្រុមប្រឹក្សាដែលបានជាប់ឆ្នោត ទោះបីជាលោក លោកស្រី មានសមាសភាពមកពីគណបក្សនយោបាយផ្សេងៗគ្នាក៏ពិតមែន ប៉ុន្តែតាមគោលការណ៍ច្បាប់ ក្រុមប្រឹក្សា គឺជាតំណាងឱ្យប្រជាពលរដ្ឋក្នុងមូលដ្ឋានទាំងមូល។
ដូច្នេះ នៅក្នុងអាណត្តិការងារ ០៥ឆ្នាំនេះ លោក លោកស្រី ជាសមាជិកក្រុមប្រឹក្សា ត្រូវខិតខំបំពេញ តួនាទី ភារកិច្ចរបស់ខ្លួន ក្នុងការថែរក្សាសន្តិភាព ក្នុងការបម្រើប្រជាពលរដ្ឋឱ្យបានល្អប្រសើរ និងក្នុងការអភិវឌ្ឍមូលដ្ឋាន ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រជាពលរដ្ឋ និងបម្រើផលប្រយោជន៍ ព្រមទាំងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋទាំងអស់ដោយស្មើភាព ដោយយុត្តិធម៌ និងមិនត្រូវប្រកាន់និន្នាការនយោបាយនោះឡើយ។