ដើម្បីឱ្យដឹងច្បាស់អំពីសុខទុក្ខ និងការប្រកបរបររកស៊ី លក់ដូរប្រចាំថ្ងៃ ក៏ដូចជាបញ្ហាប្រឈមផ្សេងៗរបស់បងប្អូនអាជីវករយើង នៅព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២២នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយក្រុងកំពង់ចាម រួមនិងថ្នាក់ដឹកនាំមន្ទីរ អង្គភាព អាជ្ញាធរមូលដ្ឋាន និងមន្ត្រីបច្ចេកទេស អញ្ជើញចុះជួបសំណេះសំណាល សាកសួរសុខទុក្ខ និងពិនិត្យមើលស្ថានភាពលក់ដូររបស់បងប្អូនអាជីវករផ្សារធំ កំពង់ចាម ស្ថិតក្នុង សង្កាត់កំពង់ចាម ក្រុងកំពង់ចាម។
ក្នុងដំណើរចុះសំណេះសំណាល សាកសួរសុខទុក្ខ និងពិនិត្យស្ថានភាពនៃការប្រកបរបរលក់ដូរប្រចាំថ្ងៃរបស់បងប្អូនអាជីវករ និងការចុះពិនិត្យសមិទ្ធផលថ្មីមួយទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈរដ្ឋបាលខេត្តកំពង់ចាម គឺការសាងសង់ដំបូលថ្មីបន្ថែមដល់ផ្សារធំកំពង់ចាម ចំនួន ៣៣០០ម៉ែត្រការេ ខណៈដំបូលផ្សារពីមុនមានសភាពទ្រុឌទ្រោម ហើយគិតមកដល់ពេលនេះការសាងសង់ដំបូលផ្សារខាងលើសម្រេចបានលទ្ធផលរួចរាល់ ១០០% ។
ទាំងបងប្អូនអាជីវករ និងប្រជាពលរដ្ឋដែលមកទិញទំនិញនៅផ្សារខាងលើ បានបង្ហាញនូវការសាទរ លាយឡំជាមួយទឹកមុខញញឹម សើចសប្បាយ ហើយពួកគាត់បានថ្លែងអំណរគុណចំពោះ ឯកឧត្តមអភិបាលខេត្ត ជាពិសេសសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលជានិច្ចកាលលោកបានគិតគូរពីសុខទុក្ខ និងការលំបាករបស់បងប្អូនអាជីវករ និងប្រជាពលរដ្ឋ គ្រប់ទិសទីគ្រប់កាលៈទេសៈ។
បន្ទាប់មក ឯកឧត្តម អភិបាលខេត្ត និងក្រុមការងារ បានបន្តអញ្ជើញចុះសួរសុខទុក្ខបងប្អូនអាជីវករផ្សារបឹងកុក និងពិនិត្យមើលដំបូលផ្សារដែលបានកសាងសង់រួចរាល់ ១០០% ដែលជាការចំណាយថវិការបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈរដ្ឋបាលខេត្តកំពង់ចាម ដោយតបតាមការស្នើសុំរបស់បងប្អូនអាជីវករផ្សារ ខណៈដំបូលផ្សារបឹងកុកពីមុនមានសភាពទ្រុឌទ្រោមខ្លាំងដូចផ្សារធំកំពង់ចាមដែរ៕