ភ្នំពេញ ៖ នៅល្ងាចថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ លោក ហោ គន្ធា ប្រធានសមាគមអភិវឌ្ឍន៍វិជ្ជាជីវៈ អ្នកសារព័ត៌មានកម្ពុជា និងសហការី បាននាំយកបច្ច័យរបស់ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ ព្រមទាំងសប្បុរសជនចំនួន ៦២១ ដុល្លារអាមេរិក ជូនគ្រួសារសព និងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ បន្ទាប់ពីទទួលបានដំណឹងថាភរិយាលោក នី សុផាន់ណា ចាងហ្វាងគេហទំព័រតេជៈបារមីវិហារសួគ៌ ទទួលមរណៈភាព ដោយជម្ងឺមហារីសុដន់កាលពីព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ នៅមន្ទីរពេទ្យកាល់ម៉ែត្រ ដែលបន្សល់ទុកកូនស្រី ទើបតែមានអាយុ០៦ខែម្នាក់ ។
លោកប្រធានសមាគមសូមសម្ដែងការសោកស្ដាយចំពោះគ្រួសារសព ដែលបានបាត់បង់សមាជិកគ្រួសារភរិយាដ៏ល្អម្ដាយដ៏ល្អជារៀងរហូតហើយ ។
លោក នី សុផាន់ណា ពិតជាមានអារម្មណ៍ក្ដុកក្ដួលយ៉ាងពន់ពេក ដែលទទួលបានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំក្រសួងព័ត៌មាន ដែលមានឯកឧត្ដមរដ្ឋមន្ត្រី ខៀវ កាញារីទ្ធ ឯកឧត្ដម ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា និងជាអគ្គនាយក នៃអគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍ ព្រមទាំងឯកឧត្ដម យ៉ែម ណយ ទីប្រឹក្សាក្រសួងព័ត៌មាន ពោលគឺជានិច្ចកាល ឯកឧត្តមរដ្ឋមន្ត្រីមិនដែលមើលរំលង ពីទុក្ខលំបាករបស់អ្នកសារព័ត៌មានទោះក្នុងកាលៈទេសៈបែបណាក៏ដោយមិនថាអង្គភាពតូចឬអង្គភាពធំនោះទេ ៕