កំពង់ចាម៖ នៅតាមបណ្តោយផ្លូវជាតិលេខ៧ ក្នុងមូលដ្ឋានស្រុកព្រៃឈរ មានទីតាំងហាងកាហ្វេជាច្រើនកន្លែង កំពុងតែបន្តបើកល្បែងស៊ីសងខុសច្បាប់តាមទូរទស្សន៍អនឡាញ «មាន់ជល់» ដោយគឃ្លើន។
ជុំវិញករណីនេះដែរ ខាងសារពត៌មានយើងតែងតែធ្លាប់បានរាយការណ៍ទទូចស្នើសុំឱ្យមានការអន្តរាគមន៍ទប់ស្កាត់ ជារើយៗ ពីសំណាក់លោក កែវ ស៊ាងហ៊ាន់ អធិការស្រុកព្រៃឈរ តែអធិការរូបនោះឆ្លើយថាមិនហ៊ានបង្ក្រាប។
ក្នុងនាមជាសមត្ថកិច្ចមូលដ្ឋានមានតួនាទី ក្នុងការថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈជូនពលរដ្ឋ ឲ្យស្របតាមគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង៧ចំណុច ដែលចេញដោយរាជរដ្ឋាភិបាលកម្ពុជា បែរមិនគួរណាឆ្លើយថាមិនហ៊ានបង្ក្រាបនោះទេ។
គ្រប់គ្នាដឹងហើយថាល្បែងស៊ីសងគឺជាដើមចម នៃពពួកចោរលួច ចោរឆក់ ចោរប្លន់ អំពើរហឹង្សាក្នុងគ្រួសារ និងភាពអសន្តិសុខផ្សេងទៀតគឺកើតចេញពីល្បែងស៊ីសងនេះឯង។ ផ្ទុយទៅវិញអធិការរូបនេះបែរជាមិនបង្ក្រាបទប់ស្កាត់ ដោយឆ្លើយតបមកកាន់សារព័ត៌មានថា «លោកមិនហ៊ានបង្ក្រាបទេ ក្រោមហេតុផលគឺ ខ្លាចប្រជាពលរដ្ឋស្អប់» ខណៈដែលប្រជាពលរដ្ឋទាំងនោះកំពុងតែទទូចស្នើសុំឱ្យលោកអធិការចុះបង្ក្រាបទប់ស្កាត់។
ហេតុផលដែរលោក កែវ ស៊ាងហ៊ាន់ អធិការស្រុក រូបនេះ បានលើកឡើងខាងលើក ហាក់ដូចជាកំពុងតែគេចវេសពីតួនាទី ដោយមិនព្រមបង្ក្រាបបទល្មើស ជាហេតុធ្វើឲ្យមហាជនគិតថា បញ្ហាទាំងនេះដូចជារឿងមួយដែលមានភាពអាថ៌កំបាំងខ្លាំងមែនទែន។
ពលរដ្ឋបានបន្ថែមថា៖ ទង្វើ និងសកម្មភាព របស់លោកអធិការរូបនេះ កំពុងតែអនុវត្តផ្ទុយពីគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង៧ចំណុច ដែលចេញដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ប្រជាពលរដ្ឋជាច្រើនតែងតែស្អប់បំផុតរាល់ល្បែងអបាយមុខ និងសាទរយ៉ាងខ្លាំងចំពោះចំណាត់ការរបស់កម្លាំងសមត្ថកិច្ចក្នុងការបង្ក្រាបទប់ស្កាត់រាល់បញ្ហាបទល្មើសទាំងឡាយដែលកើតមានឡើង និងបម្រុងកើតឡើងក្នុងមូលដ្ឋាន.! អ្វីដែរជារឿងផ្ទុយស្រឡះពីការគិតរបស់ពលរដ្ឋ គឺ លោកអធិការស្រុកព្រៃឈរ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បែរជាមិនហ៊ានបង្ក្រាបបទល្មើសព្រោះខ្លាចពលរដ្ឋស្អប់ទៅវិញ តើអោយប្រជាពលរដ្ឋទាំងនោះសង្ឃឹមអ្វី..!
ពលរដ្ឋនៅតែសង្ឃឹមដោយទទូចស្នើឱ្យអធិការស្រុកព្រៃឈរ លោក កែវ ស៊ាងហ៊ាន់ មេត្តាចាត់វិធានការបង្ក្រាបទប់ស្កាត់បទល្មើសល្បែងស៊ីសងតាមហាងកាហ្វេ ដូចដែលខាងសារព័ត៌មានបានផ្ញើរបាយការណ៍ជូនតាម WhatsApp ផងទាន ដើម្បីផ្តល់ភាពកក់ក្តៅជូនពលរដ្ឋ៕