ខេត្តរតនគិរី÷ បើតាមប្រភពពីប្រជាពលរដ្ឋក៏ដូចជាមន្ត្រីនៅច្រកទ្វារអន្តរជាតិអូរយ៉ាដាវ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី បានឲ្យដឹងថា រយៈពេលមួយសប្ដាហ៍ចុងក្រោយនេះ ឈ្មួញឈ្មោះ មករា កំពុងសម្រុកដឹកជញ្ជូនឈើចេញ ពីតំបន់ភ្នុំកុក.ភូមិទាមក្រោមនៃស្រុកវើនសៃខេត្តរតនគិរីមកស្តុបទុកមួយស្របក់នៅក្នុងឃ្លាំងនៅចុះចំណោតភ្នំខាងជើងបឹងយក្សឡោម នាក្រុងបានលុងទីរួមខេត្តរតនគិរី បន្តឆ្ពោះទៅស្រុកយួនតាមច្រកអូរយ៉ាដាវ យ៉ាងពេញបន្ទុក។ ការដែលឈ្មួញឈ្មោះ មករា អាចដឹកជញ្ជូនឈើចេញទៅស្រុកយួនតាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ យ៉ាងរលូនគឺមានការឃុបឃិតពីសំណាក់មន្ត្រីជំនាញ និងលោក ខឹម ចិត្រា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកអូរយ៉ាដាវផងដែរ។ ដូច្នេះហើយទើបមានសេចក្ដីអំពាវនាវឲ្យលោក ថាវ យ៉េន មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី និងលោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី ពិនិត្យឡើងវិញខ្លះផងជុំវិញករណីឈ្មួញឈ្មោះ មករា ដឹកជញ្ជូនឈើទៅស្រុកយួន។
តាមប្រភពពីសមត្ថកិច្ចពាក់ព័ន្ធបានឲ្យដឹងថា ឈ្មួញឈ្មោះ មករា ប្រមូលទិញឈើនៅក្នុងស្រុកវ៉ើនសៃ ហើយដឹកជញ្ជូនតាមរថយន្តសាំយ៉ុងចេញទៅស្រុកយួនតាមច្រកទ្វារ អន្តរជាតិអូរយ៉ាដាវ យ៉ាងពេញបន្ទុក។ មន្ត្រីជំនាញ និងសមត្ថកិច្ច មិនហ៊ានប៉ះពាល់ឈ្មួញនេះទេ ព្រោះពួកគេមានខ្នងបង្អែករឹងមាំ ហើយជាប្រភពចំណូលរបស់មន្ត្រីធំៗមួយចំនួននៅក្នុងខេត្តរតនគិរី។
ជាក់ស្ដែងលោក ថាវ យ៉េន មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី ក៏ដូចជាលោក យិន ចំណាន ស្នងការនគរបាលខេត្តរតនគិរី ព្រមទាំងលោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី សុទ្ធតែរក្សាភាពស្ងៀមស្ងាត់ទុកឲ្យឈ្មួញឈ្មោះ មករា ប្រព្រឹត្តបទល្មើសព្រៃឈើយ៉ាងគឃ្លើន។
ប្រភពពីមន្ត្រីនៅច្រកអូរយ៉ាដាវ បានឲ្យដឹងទៀតថា បើគ្មានការឃុបឃិតពីសំណាក់លោក ខឹម ចិត្រា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិអូរយា៉ដាវ ទេនោះគឺឈ្មួញឈ្មោះ មករា មិនអាចដឹកជញ្ជូនឈើទៅស្រុកយួនបានឡើយ។
ជាងនេះទៅទៀតឈ្មួញឈ្មោះ មករា តែងប្រើឈ្មោះលោក ថាវ យ៉េន មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី ធ្វើជាបង្អែកដើម្បីការពារសកម្មភាពរបស់ខ្លួនយ៉ាងសុខស្រួល។ បញ្ហានេះកំពុងធ្វើឲ្យព្រៃឈើដែលនៅសេសសល់ក្នុងស្រុកវ៉ើនសៃ ត្រូវប្រឈមនឹងសេចក្ដីវិនាស ព្រោះឈ្មួញឈ្មោះ មករា កំពុងតែប្រមូលទិញឈើដឹកចេញទៅស្រុកយួនយ៉ាងពេញបន្ទុក។
សូមបញ្ជាក់ បេីអស់លោកមន្ត្រីជំនាញពាក់ព័ន្ធណាម្នាក់ ឬ មួយមេឈ្មួញឈ្មោះ មករា ប្រតិកម្មណាមួយ ចង់បកស្រាយបំភ្លឺពាក់ព័ន្ធ នឹង ការចុះផ្សាយខាងលើ អង្គភាពសារព័ត៌មានយើង រងចាំស្វាគមន៍បកស្រាយបំភ្លឺនៅរៀងរាល់ម៉ោងធ្វើការ ដោយយោងច្បាប់ស្ដីពីរបបសារព័ត៌មាន សូមអរគុណ៕