ព្រឹកថ្ងៃអង្គារ ទី០៨ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត អមដំណើរដោយ ព្រះវត្តមាន ព្រះនាគមុនី ប៊ត តាំងចេង ព្រះមេគណខេត្ត ឯកឧត្តម លោកជំទាវ អនុប្រធានសាខា លោក លោកស្រី ក្នុងជួរគណៈកម្មាធិការសាខា រួមនឹងមន្ត្រីសង្ឃ នៃសាលាគណខេត្ត និងអនុសាខាស្រុក បាននិមន្ត និងអញ្ជើញចុះប្រគល់ផ្ទះទី ៨ ជាកម្មវិធីផ្ទះមនុស្សធម៌ខេត្ត ក្រោមកិច្ចសហការរវាងសាខាកាកបាទក្រហមកម្ពុជាខេត្ត និងសាលាគណខេត្ត ជូនលោកយាយ អ៊ាង មួយហ៊ាង ជាស្ត្រីមេម៉ាយជរាគ្មានទីពឹង អាយុ ៧២ឆ្នាំ រស់នៅភូមិស្រក ឃុំស្រក ស្រុកកំពង់សៀម ។
សូមរំលឹកថា យាយ អ៊ាង មួយហ៊ាង គឺជាស្ត្រីមេម៉ាយគ្មានទីពឹង មានកូនប្រុសស្រី ៣នាក់ ក្នុងនេះ ២នាក់ មានគ្រួសាររស់នៅបែកគ្នា ឯកូនប្រុស ១នាក់ ទៀត អាយុ ៣៥ឆ្នាំ មានសតិមិនគ្រប់ រស់ក្នុងបន្ទុក គាត់សព្វថ្ងៃ ខណៈដែល ជីវភាពជួបលំបាកស្រាប់ រកបានព្រឹក ខ្វះល្ងាច ។ នាប៉ុន្មានឆ្នាំមកនេះ លោកយាយ បានធ្លាក់ខ្លួនឈឺ ពុំមានលទ្ធភាពរកទទួលទានបាន ក៏ដាច់ចិត្តលក់ដីភូមិរបស់ខ្លួន ហើយចែកប្រាក់មួយចំនួនដល់កូន ២នាក់ ដែលបែកនៅឆ្ងាយ ។ ឯប្រាក់នៅសេសសល់មួយចំនួនទៀត ទុកចិញ្ចឹមកូន ១នាក់ ក្នុងបន្ទុកផង និងមើលជម្ងឺខ្លួនឯងផង ។ អ្វីដែលអាណិតបំផុតនោះ គឺ ២នាក់ ម្តាយ និងកូន ត្រូវប្រឈមនឹងកង្វះទីជម្រក ហើយបង្ខំចិត្ត ដើរសុំស្នាក់ពំនាក់ ក្រោមផ្ទះអ្នកជិតខាង ។
ដោយមើលឃើញពីស្ថានភាពលំបាកនេះ ព្រះចៅអធិការវត្តស្រក បានសម្រេចផ្តល់ដី ជាគរុភ័ណ្ឌវត្ត ១ប្លង់ ជូនលោកយាយ រស់នៅ តែមិនប្រគល់អោយជាកម្មសិទ្ធិទេ ។ ជាមួយនោះ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា ក៏បានសម្រេចផ្តល់ជូនផ្ទះឈើខ្ពស់ផុតពីដី ប្រក់ស័ង្កសីភ្លីធំ (ទំហំ៤ម×៦ម) ១ខ្នង តម្លៃប្រមាណ ១០.០០០.០០០រៀល ជាថវិកាបដិភាគ របស់សាខា សាលាគណ អនុសាខាស្រុកនិងសាលាអនុគណ ព្រមទាំង ចៅអធិការវត្តទូទាំងស្រុកកំពង់សៀម និងសប្បុរសជននានា ជូនដល់លោកយាយ អ៊ាង មួយហ៊ាង សម្រាប់ស្នាក់នៅ ដូចអ្នកដទៃ ។
នាឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា បានក្រើនរំលឹកប្រាប់ដល់អ្នកចូលរួម និងប្រជាពលរដ្ឋទាំងអស់ ត្រូវបន្ត «រស់នៅតាមគន្លងប្រក្រតីភាពថ្មី ក្នុងបរិបទកូវីដ ១៩» ដោយម្នាក់ៗ ត្រូវបង្កើនការថែទាំសុខភាព ការពារខ្លួនឲ្យបានជាប្រចាំ ដោយមិនត្រូវធ្វេសប្រហែស ឬមើលស្រាលជម្ងឺមួយនេះបានឡើយ។ យ៉ាងណាមិញ ក្នុងកាលៈទេសៈនេះ ទាំងអស់គ្នា ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវវិធានសុខាភិបាល «៣ការពារ ៣កុំ» និងជម្រុញសាច់ញាតិ បងប្អូន កូនចៅ ឲ្យទៅទទួលការចាក់វ៉ាក់សាំងបង្ការជម្ងឺកូវីដ ១៩ ទាំងដូសមូលដ្ឋាន និងដូសជំរុញ ឲ្យបានគ្រប់ៗគ្នា ដើម្បីឲ្យសហគមន៍មានភាពស៊ាំ និងធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច មាន ដំណើរការល្អប្រសើរ ។
សូមបញ្ជាក់ថា ដើម្បី ជួយសម្រាលជីវភាពរស់នៅ សាខាបានផ្តល់សម្ភារៈ គ្រឿងឧបភោគ បរិភោគ ជូនគ្រួសារ លោកយាយ អ៊ាង មួយហ៊ាង សម្រាប់សង្កត់ផ្ទះថ្មីនេះ រួមមាន ៖ អង្ករ ៥០គក្រ ត្រីខ ២០កំប៉ុង ទឹកត្រី ១២ដប ទឹកស៊ីអ៊ីវ ១២ដប មី ២កេស ឃីត ២សម្រាប់ អាវយឺត ១២ ម៉ាស់ ២ ប្រអប់ ចង្ក្រាន ១ សម្ភារៈផ្ទះបាយមួយចំនួន និងថវិកា ២០០.០០០រៀល ។ ដោយឡែក លោកតា លោកយាយ ដែលចូលរួមជាសាក្សី ក្នុងពិធីប្រគល់-ទទួល ផ្ទះថ្មីនេះ ចំនួន ១២នាក់ ក្នុងម្នាក់ៗ ទទួលបាន ៖ អង្ករ ត្រីខ ឃីត មី ទឹកត្រី ទឹកស៊ីអ៊ីវ និង អាវយឺត ម៉ាស់ ព្រមទាំង ថវិកាចំនួន ២ម៉ឺនរៀល ផងដែរ ៕