នាព្រឹកថ្ងៃសុក្រ ២កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំពិនិត្យការងាររៀបចំគម្រោងភ្លើងបំភ្លឺផ្លូវសាធារណៈក្នុងភូមិសាស្ត្រខេត្តកណ្តាល និងគម្រោងកែលម្អសួនច្បារតាមមាត់ទន្លេក្រុងតាខ្មៅ។
ក្រោមអំណោយផលនៃម្លប់សុខសន្តិភាព ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងប៉ិនប្រសប់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម អភិបាលខេត្តកណ្តាល បានដាក់ចក្ខុវិស័យទិសដៅអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធភ្លើងបំភឺ្លផ្លូវឆ្លាតវៃក្នុងភូមិសាស្ត្រខេត្ត និងការអភិវឌ្ឍសួនច្បារក្រុងតាខ្មៅ ដើម្បីធ្វើយ៉ាងណាឱ្យខេត្តកណ្តាលប្រែប្រួលមុខមាត់សក្តិសមជាខេត្តដែលមានការរីកចម្រើនទាំងផ្នែកសេដ្ឋកិច្ច សង្គម ក្រោមបរិយាកាស សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈល្អប្រសើរ និងដើម្បីប្រកួតប្រជែងចលនាទីក្រុងស្អាតរបស់ព្រះរាជាណាចក្រកម្ពុជា និងជាទីក្រុងទេសចរណ៍ស្អាតអាស៊ាន ដោយផ្តោតសំខាន់លើសោភ័ណភាព ភាពកក់ក្តៅ និងមជ្ឈដ្ឋានរស់នៅល្អប្រសើរដល់ប្រជាជន និងភ្ញៀវទេសចរ ដែលអញ្ជើញមកកំសាន្ត និងវិនិយោគទទួលទាន ក្នុងភូមិសាស្ត្រខេត្តកណ្តាល។
កិច្ចប្រជុំនេះ បានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោក-លោកស្រី នាយកនាយករងរដ្ឋបាលសាលាខេត្ត នាយក នាយិកា ទីចាត់ការជំនាញសាលាខេត្ត ប្រធានមន្ទីរអង្គភាពជំនាញពាក់ព័ន្ធ មន្ត្រីរាជការ ក្រុមហ៊ុនឯកជនសិក្សាគម្រោងអំពូលបំភ្លឺផ្លូវសាធារណៈ និងក្រុមហ៊ុនឯកជនសិក្សាគម្រោងកែលម្អសួនច្បារក្រុងតាខ្មៅ។