(កណ្ដាល)៖ ដីទីទួលសុវត្ថិភាពជាទួលបុរាណ តាំងពីដូនតា ដែលពលរដ្ឋតែងតែអាស្រ័យផល ។ សម្រាប់ចល័តស្នាក់នៅបណ្ដោះអាសន្ន និងចល័តសត្វពាហនៈ គោ ក្របី ទ្រព្យសម្បត្តិផ្សេងៗ ពេលទឹកជំនន់លិចភូមិម្ដងៗ។ ឥឡូវបានក្លាយជាកម្មសិទ្ធឯកជន.ក្រុមហ៊ុន.ស្ទើរទាំងស្រុង ក្រោមរូបភាពប្រមូលទិញពីពលរដ្ឋអាស្រ័យផល។
ដីទួលបុរាណនេះអ្នកភូមិតែងតែហៅថា”ទួលធំ”ស្ថិតនៅខាងលិចភូមិបារុង ក្នុងភូមិបារុង ឃុំបារុង ស្រុកល្វាឯម ខេត្តកណ្ដាល ដែលមានទំហំប្រមាណជាង៤ហិកតា។
កណីនេះអាជ្ញាធរមូលដ្ឋានអះអាងថា៖ គេទិញលក់មានលិខិតស្នាមត្រឹមត្រូវ។
ប្រជាពលរដ្ឋបានអះអាងប្រាប់«សារព័ត៌មាន»នៅព្រឹកទី២៤.០១.២០២២ថា៖ដី”ទួលធំ”គឺជាទួលសុវត្ថិភាពដ៏មានសារៈសំខាន់បំផុត។
សម្រាប់ពលរដ្ឋចល័តគោក្របីទ្រព្យសម្បត្តិពេលទឹកជំនន់លិចភូមិម្ដងៗ ហើយដីនេះពុំមែនជាដីកម្មសិទ្ធបុគ្គលណាម្នាក់ឡើយពោលគឺជាដីទួលបុរាណ។
ក្នុងនោះដែរ ពលរដ្ឋមួយចំនួនតូចបានអាស្រ័យផលកសិកម្មជុំវិញ”ដីទួលធំ”និងមានការលក់ដូរខ្លះៗ។
ប៉ុន្តែពួកគាត់ ពុំបានលក់ចូលដល់ដី”ទួលធំ”នោះឡើយ ខណៈទួលនេះពីមុនមកល្បីថា”ស័ក្ដិសិទ្ធណាស់”។
លុះថ្មីៗនេះស្រាប់តែលេចឈ្មោះ សិដ្ឋ ជាអ្នកគួកជេរដី បានមកប្រមូលទិញដីពីពលរដ្ឋដែលនៅជាប់និងដី”ទួលធំ”ត្រង់ចំណុចខាងលើ។
រហូតដល់ថ្ងៃទី២០.២២និងទី២៣ ខែមករា ឆ្នាំ២០២២នេះ ស្រាប់តែក្រុមហ៊ុន ត្រូវជាថៅកែរបស់ឈ្មោះ សិដ្ឋ។
បានដាក់គ្រឿងចក្រឈូសឆាយរំលោភយក”ដីទួលធំ”ស្ថិតនៅខាងលិចភូមិបារុង ក្នុងភូមិបារុង ឃុំបារុង ស្រុកល្វាឯម បង្កការភ្ញាក់ផ្អើលដល់ពលរដ្ឋជាខ្លាំង!។
ជាការឆ្លើយតប៖ អ្នកគួកជេរដីនិងជាអ្នកមើលខុសត្រូវដីឈ្មោះ សិដ្ឋ បានអះអាងថា ដីនោះខ្លួនទិញឱ្យថៅកែក្នុង១ហិកតាតម្លៃ១៨ម៉ឺនដុល្លារ។
លោកបន្តថា៖ រាល់លិខិតទិញលក់ធ្វើត្រឹមភូមិ.ឃុំ.ដែលមានទំហំជាង១ហិកតា ចំពោះថៅកែឈ្មោះអ្វី..?លោកមិនប្រាប់ឡើយ។
រីឯលោក រស់ សារ៉េម អតីតមេភូមិបារុង.បានប្រាប់«សារព័ត៌មាន»ថា”ដីទួលធំ”គឺពិតជាដីសាធារណៈពិតប្រាកដមែន។
លោកបន្តថា៖ កាលជំនាន់លោកជាមេភូមិគឺពុំមានលក់ដូរទេ ខណៈលោកឈប់ធ្វើមេភូមិ តាំងពីឆ្នាំ២០១៨មកម្លេះ។
លោក លាស់ មាស មេភូមិបារុង បានលើកឡើងថា៖ ដីនោះជាដីកម្មសិទ្ធពលរដ្ឋ ហើយក្រុមហ៊ុនទិញលក់ មានគណៈកម្មការចុះវាស់វែង លិខិតស្នាមដល់ស្រុក បង់ពន្ធត្រឹមត្រូវ។
ចំណែកលោក នួន ចក់ មេឃុំបារុង បានលើកឡើងស្រដៀងគ្នានិងលោកមេភូមិបារុង.ដែរ។
ចំពោះលោក អ៊ុក ឌៀប ប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលស្រុកល្វាឯម បាននិយាយថា៖ លោកមិនច្បាស់ទេ បើចង់ច្បាស់សូមសួរទៅរដ្ឋបាលស្រុកល្វាឯម។
ចំណែកលោក កន សុខកាយ អភិបាលស្រុកល្វាឯម បានថ្លែងថា៖ ករណីនេះ លោកបានចេញលិខិតបញ្ជាបេសកម្មឱ្យមន្ត្រីជំនាញ ចុះពិនិត្យនៅថ្ងៃទី២៥.០១.២០២២ស្អែកនេះ។
ទោះជាយ៉ាងណាក៍ដោយពលរដ្ឋនៅឃុំបារុង សូមស្នើយ៉ាងទទូចដល់លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាលរួមនិងលោក កន សុខកាយ អភិបាលស្រុកល្វាឯមជាពិសេសក្រសួងពាក់ព័ន្ធ មេត្តាពិចារណាឡើងវិញនូវរាល់សកម្មភាពខាងលើ ។ ដោយពលរដ្ឋទាមទារឱ្យចាត់វិធានការទប់ស្កាត់ក្រុមឈ្មួញ ដើម្បីរក្សា”ដីទួលបុរាណ”ខាងលើ សម្រាប់ចល័តគោក្របីទ្រព្យសម្បត្តិពេលទឹកធំលិចភូមិម្ដងៗ៕