ខេត្តកណ្តាល ៖ នៅព្រឹកថ្ងៃ២៧ ខែកញ្ញា ឆ្នាំ២០២១ ឯឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានដឹកនាំសហការីចូលរួមសិក្ខាសាលាស្តីពី ការវិភាគភាពសមស្រប ទីតាំងចាក់សំរាម និងរៀបចំដំណើរការគម្រោងកែលម្អសំណល់រឹង និងសំណល់ប្លាស្ទិក របស់ធនាគារពិភពលោក ក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ ដោយបានការចូលរួមសហការជាមួយក្រសួងបរិស្ថាន ក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្តចំនួន៣រួមមាន៖ រដ្ឋបាលខេត្តកណ្តាល រដ្ឋបាលខេត្តសៀម និងរដ្ឋបាលខេត្តកំពង់ស្ពឺ តាមប្រព័ន្ធអនឡាញ (Zoom)។
ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ បានបញ្ចាក់ថា៖គោលបំណងក្នុងសិក្ខាសាលាគឺពិនិត្យ ពិភាក្សា និង ដំណោះស្រាយ លើបញ្ហាមួយចំនួនទៀតដែលមិនទាន់បានដោះស្រាយក្នុងការគ្រប់គ្រងកែលម្អសំណល់រឹង និងសំណល់ប្លាស្ទិកអោយត្រឹមត្រូវ។ឯកឧត្តមជឿជាក់ថា គម្រោងនេះ ពិតជាមានសារៈសំខាន់ក្នុងការជួយពង្រឹងក្នុងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ទៅនឹងដំណើរការគម្រោងកែលម្អសំណល់រឹង និងសំណល់ប្លាស្ទិកនៅកម្ពុជា ហើយដើម្បីកសាងប្រព័ន្ធដែលមានទំរង់ច្បាស់លាស់ ហើយប្រកបទៅដោយអនាម័យ សុវត្ថិភាព និងសុខភាពសំរាប់ប្រជាពលរដ្ឋក្នុងការរស់នៅ។
ឯកឧត្តមបានបញ្ជាក់បន្ថែមទៀតថា៖កន្លងមកយើងមានគោលនយោបាយក្នុងការគ្រប់គ្រងសំរាម ប៉ុន្តែប្រព័ន្ធពីមុនមក ជាទូទៅការប្រមូលសំរាមនេះគឺគ្រប់គ្រងដោយវិស័យឯកជនស្ទើរតែទាំងអស់ក្នុងប្រកម្ពុជា តែដោយថ្មីៗនេះរាជរដ្ឋាភិបាលមើលឃើញភាពអសកម្មមួយចំនួនទើបចាប់ផ្តើមកែសម្រួលប្រព័ន្ធនេះ ជាពិសេសយើងបានកែសម្រួលប្រព័ន្ឋការគ្រប់គ្រងប្រមូលសំរាមក្នុងរាជធានីភ្នំពេញ។បន្ទាប់ពីធ្វើកែលំអកន្លងមកនេះ មានការសាទរពេញចិត្ត និងការគាំទ្រពីប្រជាពលរដ្ឋជាច្រើនក្នុងការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទីកនេះ។
ឯកឧត្តម សង្ឃឹមថាសិក្ខាសាលានៅពេលនេះវាជាវេទិកាមួយជជែកពិភាក្សា និងប្រមូលធាតុចូលបន្ថែមទៀតនៃលទ្ធផលនៃការសិក្សាស្រាវជ្រាវសំរាប់ជាឯកសារសំរាប់ធនាគារពិភពលោក និងរាជរដ្ឋាភិបាល ក្នុងការអនុវត្តនៅពេលខាងមុខ៕