(កំពង់ចាម) ៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តំពង់ចាម នៅព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤ បានអំពាវនាវដល់អាជ្ញាធរមូលដ្ឋាន និងអង្គភាពពាក់ព័ន្ធ បន្តកិច្ចសហប្រតិបត្តិការ តាមគ្រប់រូបភាព ក្នុងការថែរក្សា ធនធានព្រៃឈើ និងដាំកូនឈើឲ្យបានជាអតិបរមា ព្រោះដើមឈើដែលដុះដាល រីកចម្រើនច្រើន វាជា ពហុប្រយោជន៍ និងបានបំពេញនៅលើដីទំនេរឱ្យមានគម្របព្រៃឈើ ។ ថ្លែងបែបនេះក្នុងឱកាសប្រារព្ធពិធីរុក្ខទិវា ៩កក្កដា នៅបរិវេណសាលាបឋមសិក្សា ហ៊ុន ណេង ស្ថិតក្នុងភូមិទ័ព ឃុំសូភាស ស្រុកស្ទឹងត្រង់ ដែលពិធីនេះមានការអញ្ជើញចូលរួមជាគណៈអធិបតីពីសំណាក់ឯកឧត្តម ខ្លូត ផន បប្រធានក្រុមប្រឹក្សាខេត្ត និងការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងទាំងបី អាជ្ញាធរមូលដ្ឋាន លោកគ្រូអ្នកគ្រូ យុវជន សិស្សនិស្សិត និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
ក្នុងឱកាសនោះដែរ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា ព្រៃឈើជាសម្បត្តិធម្មជាតិដ៏មានសារៈសំខាន់ក្នុងការរក្សា នូវលំនឹងបរិស្ថាន ដែលមានមុខងារជាច្រើនដូចជា រក្សានិយតកម្មប្រភពទឹក ការពារទីជម្រាល ការពារ ការហូរច្រោះ ទាក់ទាញទឹកភ្លៀង បន្សុទ្ធខ្យល់អាកាស ផ្តល់ផល អនុផលព្រៃឈើសំរាប់ប្រើប្រាស់ រក្សា ជីវចម្រុះ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ទេសចរណ៍ធម្មជាតិ អេកូឡូស៊ី វប្បធម៌ និងជាទីជម្រកដ៏សុខសាន្តសម្រាប់សត្វគ្រប់ប្រភេទ ដែលមានជីវិតនៅលើភពផែនដីយើងនេះ។
ឯកឧត្ដមអភិបាលខេត្ត បានសង្កត់ធ្ងន់ថា ការគ្រប់គ្រងព្រៃឈើ ទាំងព្រៃ ធម្មជាតិ ទាំងព្រៃដាំ និងការអភិវឌ្ឍក្នុងវិស័យព្រៃឈើ ត្រូវមានការចូលរួមជាចាំបាច់ពីគ្រប់ភាគីទាំងអស់ ជាពិសេសប្រជាពលរដ្ឋមូលដ្ឋាន ជាចលករយ៉ាងសំខាន់សម្រាប់កិច្ចសហការក្នុងការអភិវឌ្ឍវិស័យ ព្រៃឈើ។ នៅតាមវត្តអារាម សាលារៀន សួនច្បារ មានដើមឈើច្រើននោះ វានឹងធ្វើឲ្យក្លាយទៅជាទី រមណីយដ្ឋាន ក្លាយជាតំបន់ទេសចរណ៍ និងសាលារៀនមានទីធ្លាប្រកបដោយម្លប់ឈើត្រឈឹងត្រឈៃ ជាទីមនោរម្យសម្រាប់សិស្សានុសិស្ស សម្រាក រៀនសូត្រ និងលេងកំសាន្តថែមទៀតផង។
ជាមួយគ្នានោះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក៏បានអំពាវនាវដល់ព្រះសង្ឈ អង្គភាពនានា អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ គ្រប់គ្រឹះស្ថានសិក្សា ទីអារាមទាំងអស់ និងប្រជាពលរដ្ឋគ្រប់ៗរូប មេត្តាយកចិត្តទុកដាក់បន្តបង្កើនការបណ្តុះ និងដាំពូជឈើល្អៗគ្រប់ប្រភេទ ឲ្យបានកាន់តែច្រើនឡើងជាបន្តបន្ទាប់នៅលើដីទំនេរ ទីទួល ទីទំនាប តាមទីអារាម ស្ថាប័ន គ្រឹះស្ថានសិក្សា ភូមិដ្ឋាន និងតាមទីសាធារណៈផ្សេងៗឲ្យបានច្រើនបន្ថែមទៀត ដើម្បីបង្កើនគម្របពណ៌បៃតង ដ៏ស្រស់ត្រកាលនៅលើទឹកដីខេត្តកំពង់ចាមផងដែរ ។
បើតាម លោក ស៊ឹម ថាវរៈ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម បានឱ្យដឹងថា ការប្រារព្ធពិធី រុក្ខទិវាឆ្នាំនេះបានកំណត់យកទីតាំងនៅបរិវេណសាលាបឋមសិក្សា ហ៊ុន ណេង ស្ថិតក្នុងភូមិទ័ព ឃុំសូភាស ស្រុកស្ទឹងត្រង់ ដើម្បី ប្រារព្ធពិធី រុក្ខទិវា ថ្នាក់ខេត្ត ដែលបានជ្រើសរើសយកប្រភេទឈើល្អៗ មានតម្លៃសម្រាប់ដាំដុះ និងចែកជូនប្រជាពលរដ្ឋយមទៅដាំនៅកន្លែងផ្សេងៗសរុបចំនួនចំនួន ២ ៤៨៣ ដើម ជាប្រភេទ នាងនួន ធ្នង់ គគីរ ក្ងោក ស្មៅ ព្រីង និងមានកូនឈើសំរាប់ចែកចាយដល់ ប្រជាពលរដ្ឋមូលដ្ឋានចំនួន ៤២០ដើម ក្នុងនោះមានៈ កូន ឈើ ធ្នង់ បេង ស្តៅ ព្រីង ខ្នុរ ៕