(ភ្នំពេញ)៖ នារសៀលថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០នេះ រដ្ឋបាលរាជធានីភ្នំពេញ បានអំពាវនាវដល់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក-លោកស្រី ជាម្ចាស់មជ្ឈមណ្ឌលអគារភោជនីយដ្ឋាន ទីតាំងសម្រាប់ជួលរៀបចំកម្មវិធីទាំងអស់ ម្ចាស់សម្អាងការ ម្ចាស់អាជីវកម្មចុងភៅ ម្ចាស់អាជីវកម្មលក់ភេសជ្ជៈ ផ្កា និងសម្ភារនានា ក៏ដូចក្រុមហ៊ុន ឬអាជីវករ ដែលផ្តល់សេវាកម្មផ្សេងៗដល់ការរៀបចំកម្មវិធីទាំងអស់ ឲ្យយោគយល់អធ្យាស្រ័យ និងកុំកាត់លុយ ឬយកលេសទាមទារសំណង នៃការខាតបង់ពីម្ចាស់កម្មវិធី ដែលបានកក់ប្រាក់ ព្រមទាំងជៀសវាង ការយកឱកាសនេះ ដើម្បីកេងចំណេញពីប្រជាពលរដ្ឋ ដែលបានស្ម័គ្រចិត្តចូលរួមក្នុងការបង្ការ និងទប់ស្កាត់ការរីករាលនៃមេរោគកូវីដ ១៩ក្នុងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកានៅរាជធានីភ្នំពេញ។
ក្នុងសារអំពាវនាវរបស់រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ការទទូចស្នើសុំខាងលើបានធ្វើឡើង ដើម្បីជាការលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋ ដែលជាម្ចាស់កម្មវិធីទាំងអស់ ដែលបានគោរព និងអនុវត្តយ៉ាងខ្ជាប់ខ្លួនតាមការណែនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី កាលពីថ្ងៃទី៣០ ខែវិច្ឆិកាឆ្នាំ២០២០ ទាក់ទិននឹងការហាមប្រាមមិនឲ្យមានការប្រមូលផ្តុំ។
រដ្ឋបាលរាជធានីភ្នំពេញ សង្ឃឹមទុកជាមុនថា ម្ចាស់អាជីវកម្មខាងលើ នឹងចូលរួមអនុវត្តតាមខ្លឹមសារ នៃសេចក្តីអំពាវនាវនេះ ដោយស្មារតីយោគយល់អធ្យាស្រ័យខ្ពស់ និងឈរលើស្មារតីសាមគ្គីជាតិ ជាធ្លុងមួយក្នុងការទប់ស្កាត់ការរីករាលដាលមេរោគកូវីដ -១៩ ក្នុងសហគមន៍ជាក់ជាមិនខាន៕