ខេត្តកំពត ៖ នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតី ក្នុងពិធីជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សថ្នាក់ទី១២ ឆ្នាំសិក្សា២០១៩-២០២០ មកពីវិទ្យាល័យទាំង២ក្នុងស្រុកកំពង់ត្រាច ដែលត្រូវត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅថ្ងៃទី២១ ខែធ្ធ្នូ ឆ្នាំ២០២០ខាងមុខនេះ។
ពិធីនេះបានធ្វើឡើង នៅវិទ្យាល័យព្រះបិតាជាតិ ស្ថិតក្នុងឃុំកំពង់ត្រាចខាងលិច ដោយមានវត្តមាន អញ្ជើញចូលរួមផងដែរ ពីសំណាក់ លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត និងអាជ្ញាធរក្រុងស្រុកទាំង៨ ក្នុងខេត្ត។
មានប្រសាសន៍សំណេះសំណាល លោក ជាវ តាយ អភិបាលខេត្ត បានបញ្ជាក់ថា បច្ចុប្បន្នពិភពលោកស្ថិតក្នុងបរិបទ រងការញាំញីដោយឥទ្ធិពលជំងឺកូវីដ១៩។ ប៉ុន្តែក្នុងនោះកម្ពុជាយើង ពិសេសក្នុងខេត្តកំពត ពុំមានបញ្ហាការឆ្លងជំងឺកូវីដ១៩ មកចូលដល់ក្នុងសហគមន៍ឡើយ។ ប៉ុន្តែទោះបីយ៉ាងនេះក្ដី លោកអភិបាលខេត្ត ក៏បានផ្ដាំផ្ញើអំពាវនាវដល់អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ ពិសេសលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សអាណាព្យាបាល ទាំងអស់ ដែលបានកំពុងបង្កលក្ខណៈនិងបានសិក្សាត្រៀមក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ ២០២០ខាងមុខនេះ ត្រូវតែបន្តបង្កើនការប្រុងប្រយ័ត្នទាំងអស់គ្នា បង្ការទប់ស្កាត់កុំឱ្យជំងឺកូវីដ១៩នេះ ឆ្លងចូលដល់ក្នុងសហគមន៍យើងឲ្យបានជាដាច់ខាត ព្រោះបច្ចុប្បន្នជំងឺនេះមិនទាន់បានធូរស្បើយ ហើយពុំទាន់មានថ្នាំព្យាបាលនៅឡើយទេ។
ជាមួយឱកាសនោះលោកអភិបាលខេត្ត ក៏បានអំពាវនាវផ្ដាំផ្ញើដល់សិស្សានុសិស្ស ឲ្យបង្កើនការចូលរួមគោរពច្បាប់នានា ពិសេសបញ្ចៀសការចរាចរនិងប្រើប្រាស់គ្រឿងញៀន ព្រមទាំងគោរពច្បាប់ចរាចរណ៍ផ្លូវគោក ឲ្យបានជាដាច់ខាតព្រោះបច្ចុប្បន្នបញ្ហាគ្រឿងញៀននឹងបញ្ហាគ្រោះថ្នាក់ចរាចរណ៍ បានបំផ្លាញអាយុជីវិត និងទ្រព្យសម្បត្តិព្រមទាំងធនធានមនុស្សក្នុងសង្គមកម្ពុជាយើងដែលរាជរដ្ឋាភិបាលបាននឹងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង។
ក្នុងឱកាសនោះ លោក ជាវ តាយ ក៏បានផ្ដល់ជូននូវថវិកាសរុប ១៤,៤៦០,០០០រៀល ជូនដល់លោកគ្រូ អ្នកគ្រូបង្រៀនថ្នាក់ទី១២និងគណៈគ្រប់គ្រងសាលាសរុបចំនួន៥៦នាក់ម្នាក់ៗ៥ម៉ឺនរៀល និងសិស្សានុសិស្សចំនួន៥៨៣នាក់ក្នុងម្នាក់ៗថវិកា២ម៉ឺនរៀល និងសៀវភៅកម្រងវិញ្ញាសារផងដែរ ព្រមទាំងឧបត្តម្ភកងកម្លាំងសរុបចំនួន១០នាក់ ដោយម្នាក់ៗទទួលបានថវិកា២ម៉ឺនរៀល៕