(ខេត្តកំពត)៖ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពតបានបង្កើនការត្រៀមលក្ខណៈបន្ថែមទាំងមធ្យោបាយសម្ភារៈ និងយន្តការដើម្បីឆ្លើយតបជួយសង្គ្រោះនឹងកាត់បន្ថយហានិភ័យផ្សេងៗជូនដល់ប្រជាពលរដ្ឋរបស់ខ្លួន ក្នុងករណីមានគ្រោះធម្មជាតិ ឬហេតុការណ៍អាក្រក់កើតឡើង។
ថ្លែងក្នុងកិច្ចប្រជុំ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តដើម្បីពិនិត្យលើសេចក្ដីព្រាង នៃខ្លឹមសារសេចក្ដីសម្រេចកែសម្រួលសមាសភាពរបស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត បានលើកឡើងថា គ្រប់សមាសភាព និងអ្នកពាក់ព័ន្ធទាំងអស់ ក្រោយពីទទួលបាននូវយន្តការនៃសេចក្ដីសម្រេចថ្មីនេះ ត្រូវចូលរួមបង្កើនស្មារតីឆន្ទៈ ត្រៀមលក្ខណៈ អនុវត្តការងារតាមតួនាទីភារកិច្ចដូចបានកំណត់ក្នុងសេចក្តីសម្រេចរបស់គណៈកម្មាធិការ ពោលគឺត្រូវត្រៀមលក្ខណៈទាំងមធ្យោបាយសម្ភារៈ និងយន្តការក្នុងបេសកកម្មជួយសង្គ្រោះ ព្រមទាំងការកាត់បន្ថយហានិភ័យផ្សេងៗ ដោយប្រើវិធានការសរុប មធ្យោបាយសរុប កម្លាំងសរុប ឲ្យបានសកម្មថែមទៀត។
ឯកឧត្តមអភិបាលខេត្តបានសង្កត់ធ្ងន់ថា យើងមិនអាចមើលឃើញ ឬកំណត់គ្រោះមហន្តរាយធម្មជាតិបាន ប៉ុន្តែយើងអាចត្រៀមលក្ខណៈទុកជាមុន ដើម្បីអាចចៀសវាងបាន ឬកាត់បន្ថយហានិភ័យឲ្យបានច្រើនបំផុត តាមដែលអាចធ្វើទៅបាន នៅតាមក្រុងស្រុកនិមួយៗ។
ក្នុងឱកាសនោះដែរ ឯកឧត្តម ជាវ តាយ បានបញ្ជាក់ដែរថា សម្រាប់ខេត្តកំពតបញ្ហាដែលតែងតែកើតមានជារៀងរាល់ឆ្នាំគឺទឹកជំនន់លិចក្រុង និងបណ្តាស្រុកមួយចំនួន តែឆ្នាំនេះខេត្តកំពតមិនបានទទួលរងគ្រោះដោយទឹកជំនន់នោះទេ ហើយជាបន្តបន្ទាប់ទៀត រដ្ឋបាលខេត្តនឹងរៀបចំក្រុងឲ្យកាន់តែស្អាត់ ជាពិសេសការស្តា និងស្ថាបនាហេដ្ឋារចនាសម្ព័នផ្លូវថ្នល់ ប្រព័ន្ធលូបង្ហូរទឹក ប្រឡាយព្រែកជីក ការស្តាព្រែកកំពង់បាយ និងការរៀបចំអាងចម្រុះទឹកកខ្វក់ជាដើម ដើម្បីបង្កើនសោភ័ណ្ឌភាព និងធានាបានថា ខេត្តកំពតមិន មានការជន់លិចក្រុងទៀតទេ ពេលមានភ្លៀងធ្លាក់ខ្លាំង ឬពេលបើកទ្វារទឹកទំនប់វារីអគ្គីសនីកំចាយ។
ជាមួយឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្តក៏បានធ្វើការណែនាំដល់អភិបាលក្រុង ស្រុក ក៏ត្រូវតែអនុវត្តរៀបចំ កែសម្រួលសមាសភាពគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយនៅថ្នាក់ក្រុង ស្រុក និងឃុំ សង្កាត់ ដូចគ្នានោះថ្នាក់ខេត្តផងដែរ។ ដើម្បីធ្វើយ៉ាងណាឲ្យយន្តការការងារគ្រប់គ្រងគ្រោះមហន្តរាយនេះស្របតាមអនុក្រឹត្យលេខ១៨៨ អនក្រ.បកស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅ របស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ក្រោមជាតិ ឲ្យបានដំណើរការប្រកបដោយប្រសិទ្ធភាព និងឆ្លើយតបក្នុងការជួយសង្គ្រោះ ព្រមទាំងកាត់បន្ថយបាននូវហានិភ័យផ្សេងៗជូនដល់ប្រជាពលរដ្ឋរងគ្រោះ នៅក្នុងសហគមន៍បានទាន់ពេលវេលានិងមានប្រសិទ្ធភាពខ្ពស់៕ សេង ណារិទ្ធ