នាព្រឹកថ្ងៃពុធ ៨កើត ខែភទ្របទ ឆ្នាំជូតត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០នេះ នៅសាលប្រជុំនន្ទី អគារ ខ សាលាខេត្ត ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលើកទិសដៅការងារខែកញ្ញា ឆ្នាំ២០២០ របស់រដ្ឋបាលខេត្ត ។ ក្នុងកិច្ចប្រជុំនេះ ក៏មានការត្រួតពិនិត្យ និងបូកសរុបលទ្ធផល នៃការអនុវត្តការងាររបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ប្រចាំខែសីហា ឆ្នាំ២០២០ ផងដែរ ។
អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះមានឯកឧត្ដម លោកជំទាវ អភិបាលរងខេត្ត លោក លោកស្រី នាយក នាយករងរដ្ឋបាលសាលាខេត្ត លោកប្រធានសាលាដំបូងខេត្ត លោកព្រះរាជអាជ្ញារងខេត្ត លោកស្នងការនគរបាលខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងស្វាយរៀង លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោក លោកស្រី ប្រធានមន្ទីរ-អង្គភាពនានាជុំវិញខេត្ត លោកអភិបាលក្រុង/ស្រុកទាំង៨ លោក លោកស្រី នាយកទីចាត់ការ/ប្រធានអង្គភាពចំណុះសាលាខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួន ។
មានប្រសាសន៍ក្នុងកិច្ចប្រជុំនេះ ឯកឧត្ដមអភិបាលខេត្ត បានថ្លែងនូវការអរគុណចំពោះកងកម្លាំងមានសមត្ថកិច្ច ប្រធានគណៈបញ្ជាការឯកភាព ក្រុង ស្រុក និងអាជ្ញាធរពាក់ព័ន្ធ ដែលបានយកចិត្តទុកដាក់លើការងារពង្រឹងសន្តិសុខសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋបានល្អប្រសើរ ជាពិសេសក្នុងកិច្ចការបង្ការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ និងការងារជួយឧបត្ថម្ភដល់ប្រជាពលរដ្ឋដែលជួបការលំបាកក្នុងអំឡុងពេលកូវីដ-១៩ ។
ទន្ទឹមនេះ ឯកឧត្តមអភិបាលខេត្ត បានផ្តាំផ្ញើដល់អាជ្ញាធរពាក់ព័ន្ធនូវចំណុចសំខាន់ៗមួយចំនួនដូចជា៖
១- បន្តពង្រឹងការអនុវត្តវិធានការបង្ការ ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងគាំទ្រការអនុវត្តការងារឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រឲ្យបានល្អប្រសើរថែមទៀត ។
២- ពង្រឹងការទប់ស្កាត់ជនអន្តោប្រវេសន៍ឆ្លងកាត់ព្រំដែន និងអនុវត្តវិធានការសុខាភិបាលឱ្យបានម៉ឺងម៉ាត់។
៣- ក្រុមការងារចុះមូលដ្ឋានត្រូវបន្តចុះពិនិត្យពីបញ្ហាជីវភាព ក៏ដូចជាសំណើ សំណូមពរ និងស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋ ក្នុងកំឡុងពេលនៃជំងឺកូវីដ១៩ និងដោះស្រាយភ្លាមចំពោះអ្នកដែលជួបប្រទះនូវការខ្វះខាត ។
៤-អាជ្ញាធរមូលដ្ឋាន និងមន្ទីរពាក់ព័ន្ធ ត្រូវបន្តចុះគាំទ្រដល់ការចិញ្ចឹមសត្វ និងការដាំដុះដំណាំ បន្លែ របស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ដើម្បីបង្កើនចំណូលបន្ថែមក្នុងអំឡុងពេលកូវីដ-១៩ ។
៥- ពង្រឹងការងារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ អនាម័យបរិស្ថាន នៅតាមផ្សារ និងទីប្រជុំជននានាឲ្យបានល្អប្រសើរ។
៦- បន្តរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកដើម្បីកាត់បន្ថយអត្រាស្លាប់ និងរបួសនៅក្នុងខេត្ត។
៧- បន្តពង្រឹងកិច្ចការងារទប់ស្កាត់ការជួញដូរ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ឲ្យមានប្រសិទ្ធភាព ៕