សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី បានអញ្ជើញចូលរួមក្នុង ពិធីស្រោចសុគន្ធវារី និងប្រកាសតែងតាំងព្រះគ្រូសីលសំវរោ ម៉ុក គឹមសាន ព្រះគ្រូចៅអធិការវត្តគីរីសុវណ្ណារាម ហៅវត្តថ្កូវ ឡើងងារជាព្រះមេត្តានុភ័ទ្ទ ព្រះរាជាគណៈកិត្តិយស នៅព្រឹកថ្ងៃអាទិត្យ ស្ថិតនៅភូមិនិងផ្ទះកំណើត ភូមិអភិវឌ្ឍន៍អន្លង់ជ្រៃ ឃុំកក់ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដែលជាកន្លែង សម្តេចបានសិក្សាដំបូងកាលពីកុមារភាព។
ក្នុងឱកាសនោះដែរក៏មានការអញ្ជើញចូលរួមពី សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងលោកជំទាវ រួមនឹងឥស្សរជនជាន់ខ្ពស់ នៃគណបក្សប្រជាជនកម្ពុជា រួមមានមានលោកជំទាវឧបនាយក រដ្ឋមន្ត្រី ម៉ែន សំអន និង ឯកឧត្តម ជា ចាន់តូ អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា ក៏បាន អញ្ជើញចូលរួមក្នុងកម្មវិធីផងដែរ។
វត្តនេះមានឈ្មោះ ជាផ្លូវការ ថាវត្តគីរីសុវណ្ណារាម ត្រូវបានសាងសង់ឡើងវិញ បន្ទាប់ពីការដួលរលំរបបប៉ុលពតក្នុងឆ្នាំ ១៩៧៩ នឹងបន្តជួសជុលទៀតនៅ ចន្លោះឆ្នាំ ២០១២ និង ២០១៤ ។
បច្ចុប្បន្ន បរិវេណវត្តនេះ សម្តេចចក្រី និងសម្តេចធម្មវិសុទ្ធវង្សា ឯកឧត្តមរដ្ឋមន្ត្រី វង សូត និងលោកជំទាវ ហេង ពៅ បុត្រាបុត្រី ចៅប្រុសចៅស្រី រួមនឹងសប្បុរសជន បានអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធមានរបង ខ្លោងទ្វារ កុដិ និងឧបដ្ឋានសាលា ក៏ដូចជាទង់ ចេតិយ ទីធ្លាសួនច្បារ ផ្លូវ ភ្លើង និងប្រព័ន្ធលូ ជាដើម។