(ខេត្តកំពត)៖ យោងតាមរបាយការណ៍របស់ មន្ត្រីនៃមន្ទីរជំនាញខេត្តកំពត បានឲ្យដឹងថា នៅក្នុងឱកាសនៃថ្ងៃឈប់សម្រាកគឺ រយៈពេល៥ថ្ងៃដែលរាជរដ្ឋាភិបាល បានសង ជំនួសដោយថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ អាក់ខាន កន្លងមកដោយសារជំងឺកូវីដ១៩រាតត្បាតជាសកលនោះ ខេត្តកំពតមានអ្នកទេសចរជាតិ និងអន្តរជាតិមកទស្សនា សម្រាកលម្ហែកម្សាន្តប្រមាណជាង១៨ម៉ឺននាក់។
តាមការលើកឡើងរបស់ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត លោក សយ ស៊ីណុល បានប្រាប់ឲ្យដឹងថា ក្នុងឱកាសឈប់សម្រាករយៈពេល៥ថ្ងៃ គឺចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ ខេត្តកំពត មានភ្ញៀវទេសចរជាតិ អន្តរជាតិ មកសម្រាកលម្ហែកម្សាន្ត សរុបចំនួន ១៨ម៉ឺន ៧៥៤នាក់ ក្នុងនោះ ភ្ញៀវទេសចរណ៍ជាតិ មានចំនួន១៨ម៉ឺន៧៥នាក់ ភ្ញៀវទេសចរណ៍អន្តរជាតិចំនួន ៦៧៩នាក់ ។
ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានបន្តប្រាប់ឲ្យដឹងដែរថា ផ្ដើមចេញលទ្ធផលខាងលើនេះ ដោយសារមានការជំរុញ និងចង្អុលបង្ហាញ ពីឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក៏ដូចជាឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត ដែលតែងតែយកចិត្តទុកដាក់ កៀរគរ និងលើកទឹកចិត្ត អ្នកវិយោគនានា ជាពិសេសអ្នកវិនិយោគលើវិស័យទេសចរណ៍ឲ្យមកបោះទុនរកស៊ី បានធ្វើឲ្យខេត្តកំពត សម្រេចនូវសមិទ្ធិផលទេសចរណ៍ដ៏ទាក់ទាញជាច្រើនក្នុងរយៈពេលចុងក្រោយនេះ ហើយនឹងមានកន្លែងដ៏ទាក់ទាញជាច្រើនទៀតបាននឹងកំពុងស្ថាបនា។
ជាក់ស្តែង នៅក្នុងឱកាសឈប់សម្រាក រយៈពេល ៥ថ្ងៃនេះ គឺដោយសារមានការចូលរួមប្រឹងប្រែងពីមន្ត្រីជំនាញមន្ទីរទេសចរណ៍ និងស្ថាប័នពាក់ព័ន្ធផង ក្នុងការការពារ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាព អនាម័យ បរិស្ថានស្អាត សេវាកម្មល្អ ជាពិសេសការអនុវត្តតាមគោលការណ៍ណែនាំរបស់ក្រសួងទេសចរណ៍ ទាំង៦ចំណុច និងការចូលរួមអនុវត្តរបស់សេវាករទេសចរណ៍ទូទាំងខេត្តផងនោះ បានបង្កឱកាសឲ្យខេត្តកំពតស្រូបទាញបានទេសចរច្រើនជាងបណ្តាខេត្តផ្សេងៗមួយចំនួនផងដែរ។
លោកប្រធានមន្ទីរក៏បានបន្តថា នៅក្នុងអំឡុងពេលថ្ងៃឈប់សម្រាកនេះដែរ មន្ទីរទេសចរណ៍ខេត្ត ក្រោមការណែនាំចង្អុលបង្ហាញ របស់ឯកឧត្តមជាវ តាយអភិបាលខេត្តបានរៀបចំក្រុមការងារចំនួន ៤ក្រុម ដើម្បីចុះតាមគោលដៅ និងកន្លែងផ្តល់សេវាកម្មទេសចរណ៏ជាប្រចាំថ្ងៃ ដើម្បីពង្រឹងគុណភាពសេវាកម្ម អនាម័យ ការគ្រប់គ្រងតម្លៃ សណ្តាប់ធ្នាប់ និងជំរុញការអនុវត្តវិធានសុវត្ថិភាពទេសចរណ៏ ក្នុងការបង្ការទប់ស្កាត់ ការឆ្លងរីករាលដាលជំងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួងទេសចរណ៏ និងក្រសួងសុខាភិបាល ។ ក្រៅពីនោះមន្ទីរបានសហការជាមួយសមត្ថកិច្ចនានា ក្នុងការរៀបចំសណ្តាប់ធ្នាប់ សុវត្ថិភាព ទេសចរណ៍លើផ្ទៃទឹក ដូចជាការពាក់អាវពោងសុវត្ថិភាព និង ការផ្ទុកមនុស្សតាមទូកទេសចរណ៍ជាដើម។
លោកប្រធានមន្ទីរបានបញ្ជាក់ផងដែរថា ទន្ទឹមនឹងដំណើរកម្សាន្តរបស់ប្រជាពលរដ្ឋក៏ដូចជាភ្ញៀវទេសចរណ៍ជាតិអន្តរជាតិ ក្នុងឱកាសឈប់សម្រាកសងថ្ងៃបុណ្យចូលឆ្នាំខ្មែរនេះដែរ គឺបើទោះបីមានការប្រព្រឹត្តិទៅបានដោយរលូន និងពោពេញដោយភាពសប្បាយរីករាយ ក៏ពិតមែន ប៉ុន្តែលោកក៏បានសង្កេតឃើញ បញ្ហាប្រឈមមួយចំនួន ដូចជា ប្រជាជន ជាភ្ញៀវទេសចរ ភាគច្រើនមិនសូវពាក់ម៉ាស់ ខណៈដែលការអនុវត្តគម្លាតសង្គម ក៏ដូចជាគម្លាតបុគ្គលពុំទាន់បានល្អ (នៅមានកម្រិត)។
ប៉ុន្តែទោះបីជាយ៉ាងណា លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត ក៏បានបញ្ជាក់ទៀតថា សរុបជារួមចំនួនភ្ញៀវទេសចរមកទន្សនា រយៈពេលឈប់សម្រាក់ចំនួន៥ថ្ងៃ គិតចាប់ពីថ្ងៃទី១៧ ដល់ ២១ខែសីហា មានលក្ខណៈល្អប្រសើរ ចំពោះសភាពការណ៏ទូទៅតាមគោលដៅ និងសេវាកម្មទេសចរណ៏ នៃខេត្តខេកំពត បានដំណើរការទៅដោយរលូន ពុំមានបញ្ហាអ្វីកើតឡើង គួរឲ្យកត់សម្គាល់ឡើយ៕