ខេត្តកំពង់ចាម ៖ នៅព្រឹកថ្ងៃសុក្រ ទី១២ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត លោកជំទាវអនុប្រធានអចិន្ត្រៃយ៍ លោក លោកស្រី សមាជិកគណៈកម្មាធិការសាខា រួមជាមួយអនុសាខាស្រុកកងមាស បានអញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនដល់គ្រួសារបងប្អូនប្រជាពលរដ្ឋជួបការលំបាក ជនងាយរងគ្រោះ ក្នុងអំឡុងពេលនៃការឆ្លងរីករាលដាលនៃជម្ងឺកូវីដ១៩ ចំនួន៦៣គ្រួសារ នៅក្នុងស្រុកកងមាស និងប្រគល់ផ្ទះ០១ខ្នង ដែលជាអំណោយរបស់ឯកឧត្តមផ្ទាល់ ជូនប្រជាពលរដ្ឋក្រីក្រ១គ្រួសារ នៅឃុំពាមជីកង ស្រុកងមាស ។
ក្នុងឱកាសនោះ ឯកឧត្តម បានពាំនាំនូវប្រសាសន៍សួរសុខទុក្ខពីសំណាក់ ឯកឧត្តម ហ៊ុន ណេង ប្រធានកិត្តិយសសាខា ជាពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេច តែងតែមានសេចក្ដីបារម្ភ និងគិតគូរអំពីសុខទុក្ខ ការលំបាករបស់ប្រជាពលរដ្ឋគ្រប់ៗរូប និងក្នុងគ្រប់ស្ថានភាព គ្រប់កាលៈទេសៈ ពិសេសក្នុងអំឡុងពេលនៃការឆ្លងរីករាលដាលនៃជម្ងឺកូវីដ១៩ ដោយមិនរើសអើងឡើយ។ យ៉ាងណាម៉ិញ ពេលនេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានចាត់ឲ្យរូបឯកឧត្តមផ្ទាល់ និងសហការី ចុះជួយអន្តរាគមន៍ ដោះស្រាយការលំបាករបស់បងប្អូននាពេលនេះ។
ឯកឧត្តមអភិបាលខេត្ត បានក្រើនរំឮកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលមានសាច់ញាតិ ជាពលករ ពលការីនីដែលទើបនឹងវិលត្រឡប់មកពីបរទេស សូមបន្តយកចិត្តទុកដាក់ធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ និងតាមដានសុខភាពពួកគាត់ជាប់ជាប្រចាំ និងត្រូវរាយការណ៍ជូនអាជ្ញាធរក្នុងករណីសង្ស័យណាមួយ និងសូមបន្តបង្កើនការយកចិត្តទុកដាក់ ប្រុងប្រយ័ត្នខ្ពស់ ក្នុងការបន្តចូលរួមបង្ការ ទប់ស្កាត់ហានិភ័យ នៃការឆ្លងជម្ងឺកូវីដ១៩ ដោយមិនត្រូវធ្វេសប្រហែស ឬភ្លេចខ្លួននោះឡើយ។ សូមបងប្អូន ថែទាំសុខភាព រក្សាអនាម័យ ការរក្សាគម្លាតសុវត្ថិភាព និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីជៀសផុតពីការឆ្លងនៃជម្ងឺ ដ៏កាចសាហាវមួយនេះ។ ដោយឡែកអាជ្ញាធរមូលដ្ឋាន ត្រូវបន្តចុះអប់រំ ផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋ អំពីវិធានការការពារ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជម្ងឺកូវីដ១៩ និងជម្ងឺឆ្លងផ្សេងៗដូចជា ជម្ងឹគ្រុនឈាម គ្រុនចាញ់ ជាដើម។ ជាមួយគ្នានេះ អាជ្ញាធរមូលដ្ឋាន ត្រូវបន្តយកចិត្តទុកដាក់ត្រៀមបម្រុង ឆ្លើយតបគ្រោះមហន្តរាយនានាដែលកើតមានក្នុងមូលដ្ឋាន។
ចំពោះអំណោយចែកជូនក្នុង១គ្រួសារៗទទួលបាន៖ អង្ករ ២៥ គីឡូក្រាម ទឹកស៊ីអ៊ីវ ០១យួរ ទឹកត្រី ០១យួរ ត្រីខកំប៉ុង ០១យួរ ម៉ាស់ ០៥បន្ទះ អាវយឺត ០២ ថវិកា២០.០០០រៀល។ ដោយឡែក គ្រួសារដែលទទួលផ្ទះ ទទួលបានអង្ករ ៥០គីឡូ សម្ភារៈប្រើប្រាស់មួយចំនួន៕