(ខេត្តកែប)៖ នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ នេះ មន្ទីរទេសចរណ៍ខេត្តកែបសហការជាមួយធនាគារអភិវឌ្ឍន៍អាស៊ី(ADB)បានរៀបចំពិធីផ្សព្វផ្សាយដាក់ឲ្យប្រេីប្រាស់នូវផែនការអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តកែប ២០១៩-២០២៣ ក្រោមអធិបតីភាព លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប និង លោក សុខ សុគុណ អគ្គនាយករង និងជាប្រធានចាត់ចែងគម្រោង ក្នុងនោះក៏មានការចូលរួមពី លោក លោកស្រី អភិបាលរងខេត្ត កងកម្លាំងទាំងបី លោក លោកស្រី ប្រធានមន្ទីរ-អង្គភាព យុវជន ស.យ.ស.ស យុវជន ស.ស.យ.ក អង្គការដៃគូរ អាជីវករ និងមន្ត្រីមន្ទីរទេសចរណ៍ ជាច្រេីនរូប។
បន្ទាប់ពី លោក សោម ចន្តា ប្រធានមន្ទីរទេសចរណ៍ខេត្តកែប ធ្វេីរបាយការណ៍អំពីភាពរីកចម្រើនក្នុងខេត្តកែបរួចមក លោក សោម ពិសិដ្ឋ អភិបាលខេត្តកែបក៏បានវាយតម្លៃខ្ពស់ និងសូមកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងទេសចរណ៍ និងមន្ទីរទេសចរណ៍ខេត្តកែប អង្គការដៃគូអភិវឌ្ឍនានា ដែលបានរួមគ្នាយ៉ាងសកម្មក្នុងការរៀបចំអភិវឌ្ឍតំបន់ទេសចរណ៍ឲ្យមានភាពល្បីល្បាញ និងបានរៀបចំ ឯកសារផែនការអភិវឌ្ឍន៍ ២០១៩-២០២៣ ដ៏មានសារៈសំខាន់នេះ។
ឆ្លៀតក្នុងឱកាសនេះដែរ លោកក៏សូមថ្លែងអំណរគុណចំពោះ ក្រសួង ស្ថាប័នពាក់ព័ន្ធ គណៈកម្មាធិការ អង្គការជាតិ-អន្តរជាតិ សង្គមស៊ីវិល និង វិស័យឯកជន ជាពិសេសកម្រោងកម្មវិធី(ADB) ធនាគារ អភិវឌ្ឍ ន៍ អាសុី
ដែលបានសហការ គ្នាផ្តល់ការគាំទ្រយ៉ាងសកម្ម ទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ រហូតធ្វើឱ្យសម្រេចបាននូវសមិទ្ធផលជាច្រេីន ។
ចំពោះការផ្សព្វផ្សាយដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវផែនការអភិវឌ្ឍន៍ ២០១៩-២០២៣ នេះ
គឺជាការឆ្លុះបញ្ចាំងនូវការ ប្តេជ្ញាចិត្តជាមួយនឹងស្មារតីទទួលខុសត្រូវខ្ពស់និងការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការសម្រេចបាននូវចក្ខុវិស័យទេសចរណ៍ ប្រកបដោយចីរភាព ក្នុងការអនុវត្តផែនការអភិវឌ្ឍន៍ ២០១៩-២០២៣ និងធ្វើឲ្យកម្ពុជាសម្រេចបាននូវសមិទ្ធផលជាច្រើនបន្ថែមទៀត លើគ្រប់វិស័យជាមួយនឹងកំណើនសេដ្ឋកិច្ចខ្ពស់ក្នុងមួយឆ្នាំៗ ដែលធ្វើឲ្យប្រទេសកម្ពុជាមានចំណូលកាន់តែច្រេីន ហើយភាពក្រីក្រត្រូវបានកាត់បន្ថយមកនៅតិចតួចបំផុត ជាពិសេសការអនុវត្តគោលនយោបាយគិតគូរពីសុខុមាលភាពរបស់កម្មករ ការតភ្ជាប់បណ្តាញអគ្គិសនី និង បណ្តាញទឹកស្អាត ការពង្រីកវិសាលភាពបេឡាជាតិ របបសន្តិសុខសង្គម និងមូលនិធិសមធម៌។
ជាមួយគ្នានេះ លោកសូមឲ្យគ្រប់បណ្តាអង្គភាពទាំងអស់យកចិត្តទុកដាក់សហការគ្នាផ្សព្វផ្សាយ ភាពរីកចម្រើនរបស់ខេត្តកែប តាមរយៈបណ្តាញសង្គមផ្សេងៗឲ្យបានទូលំទូលាយបំផុត និងសូមឲ្យអាជ្ញាធរត្រូវយកចិត្តទុកដាក់គ្រប់គ្រងនូវស្ថានភាពដែលកេីតមាននៅតាមមូលដ្ឋាន ពិសេសនោះគឺបញ្ហាជួញដូរ និងការប្រេីប្រាស់គ្រឿងញៀន។
លោកសូមអំពាវនាវដល់ថ្នាក់ដឹកនាំ និង មន្ត្រីរាជការនៅមន្ទីរ-ស្ថាប័ន កងកម្លាំងប្រដាប់ឤវុធ ដៃគូអភិវឌ្ឍ និងវិស័យឯកជន សូមបន្តផ្តល់កិច្ចសហការ ផ្តល់នៅចំណេះដឹង
និងការគាំទ្រគ្រប់បែបយ៉ាងនៅរាល់សកម្មភាពឲ្យកាន់តែសកម្ម ដើម្បី ឤចដំណើរការតាមដាន ត្រួតពិនិត្យការអនុវត្តនិង វាយតម្លៃផែនការអភិវឌ្ឍ ២០១៩-២០២៣ ទទួលបានជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់៕