(ខេត្តកែប)៖ នៅព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០ លោក អ៊ឹង ឆាយ អភិបាលរងខេត្ត និងជាប្រធានគណៈកម្មការកូវីដ១៩ ខេត្តកែប បានដឹកនាំក្រុមការងារ ដើម្បីប្រជុំពិនិត្យមើលវឌ្ឍនភាពការងារកន្លងមក នឹងពិភាក្សាសម្រាប់រៀបចំទិសដៅបន្ត ។ កិច្ចប្រជុំពិភាក្សានេះ បានអញ្ជើញចូលរួមពី លោក លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុក សរុបប្រមាណ ៤0 រូប។
ក្នុងកិច្ចប្រជុំ លោក អ៊ឹង ឆាយ មានប្រសាសន៍ថា បច្ចុប្បន្នបញ្ហាជំងឺកូវីដ ១៩ នៅតែមិនទាន់បាត់ពីទឹកដី នៃព្រះរាជាណាចក្រកម្ពុជាយើងនៅឡើយទេ ហេតុនេះក្រុមការងារយើងត្រូវតែយកចិត្តទុកដាក់ឲ្យបានខ្ពស់ ក្នុងកិច្ចការពារការរីករាលដាល នៃជំងឺកូវីដ១៩ ឲ្យបានខ្ពស់ ជាក់ស្ដែងនៅខេត្តកែប មានអ្នកបានឆ្លងជំងឺនេះចំនួន០៤ករណី រួចមកហើយ ប៉ុន្តែករណីទាំងបួននេះ សុទ្ធតែឆ្លងពីក្រៅប្រទេសទាំងអស់ មិនមែនឆ្លងនៅក្នុងសហគមន៍របស់យើងនោះឡើយ។ ទោះជាយ៉ាងនេះក្តី ក្រុមការងាររបស់យើង ត្រូវតែប្រុងប្រយ័ត្នឲ្យបានខ្ពស់ ទៅលើប្រជាជនដែលចំណូលស្រុក ក្នុងស្រុក និងមកពីក្រៅប្រទេស ត្រូវតែចុះអប់រំ ផ្សព្វផ្សាយ និងណែនាំអប់រំប្រជាពលរដ្ឋក្នុងមូលដ្ឋាន ឲ្យរក្សាអនាម័យ លាងដៃនិងសាប៊ូ ប្រើម៉ាស ទឹកអាកុល ពិសេសរក្សាគម្លាតសង្គមឲ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល ។
លោកក៏បានបន្ថែមទៀតថា អជ្ញាធរមូលដ្ឋានក្រុង ស្រុក ឃុំសង្កាត់ត្រូវតែក្តាប់ឲ្យបាន និងរាយការណ៍ជាបន្ទាន់នូវរាល់ហេតុការណ៍ផ្សេងៗ និងប្រជាជនចំណូលស្រុកមកពីក្នុង ឬក្រៅប្រទេស ដើម្បីក្រុមការងារមានវិធានការបន្ត ដើម្បីកុំឲ្យមានការីករាលដាលនៃជម្ងឺកូវីដ១៩ ចូលដល់សហគមន៍របស់យើង៕