(ខេត្តកែប)៖ នៅព្រឹកថ្ងៃអាទិត្យ ១២កេីត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២០ នេះ លោក កែន សត្ថា អភិបាលខេត្តនិងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកែប អមដំណើរជាមួយដោយ លោក អ៊ុក ថា អភិបាលរងខេត្ត គណ:អភិបាល ស្រុក ដំណាក់ចង្អើរ ក្រុមប្រឹក្សា ស្រុក រួមទាំងក្រុមការងារថ្នាក់ខេត្ត បានអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខប្រជាការពារ ចំនួន៩១នាក់ មកពីភូមិចំនួន៧ របស់ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។
ក្នុងឱកាសសំណេះសណាលនេះដែរ លោក កែន សត្ថា អភិបាលខេត្ត បានមានប្រសាសន៍ថា ទោះបីបងប្អូនប្រជាការពារ មិនមែនជាមន្ត្រីនគរបាលយុត្តិធម៌ក្ដី ប៉ុន្តែបងប្អូនមានតួនាទីយ៉ាងសំខាន់ក្នុង ការថែរក្សា ការពារសន្តិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយ នៅតាមគោលដៅនិងមូលដ្ឋានរបស់ខ្លួន ដោយសហការជាមួយកងកម្លាំងទាំង៣ និងអាជ្ញាធរមូលដ្ឋាន(ភូមិ ឃុំ ស្រុក) មិនតែប៉ុណ្ណោះ បងប្អូនក៏ត្រូវចូលរួមចំណែកអនុវត្តនិងទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ តាមសារអប់រំ នឹងណែនាំ របស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាល ដែលបានផ្សព្វផ្សាយដោយតម្រូវឱ្យយើងមានអនាម័យជាប្រចាំ ។
លេីសពីនេះទៅទៀតបងប្អូនទាំងអស់គ្នាក៏ត្រូវតែចូលរួមផ្សព្វផ្សាយនឹងគោរពនូវច្បាប់ចរាចរណ៍ ផ្លូវគោក ដែលទេីបតែកែសម្រួលថ្មីនិងកំពុងតែអនុវត្តយ៉ាងតឹងរឹងបំផុត ព្រោះថាបញ្ហាគ្រោះថ្នាក់ចរាចរណ៍ក្នុងមួយថ្ងៃៗ ធ្វេីឱ្យប្រជាពលរដ្ឋកម្ពុជាបាត់បង់ជីវិតក្នុងចំន្លោះពី៥នាក់ទៅ៧នាក់ និងរងបួសធ្ងន់ស្រាលជាច្រេីន នាក់ ដែលធ្វេីឱ្យប្រទេសរបស់យេីង ខាតបង់ថវិការាប់លានដុល្លារក្នុងមួយឆ្នាំៗ ។
ក្នុងឱកាសនោះដែរ លោក កែន សត្ថា អភិបាលខេត្ត បានឧបត្ថម្ភជូនបងប្អូនប្រជាការពារក្នុងម្នាក់ៗទទួលបាន អង្ករ២០គីឡូក្រាម សាប៊ូដុំ ស្ទីកគ័រអប់រំ ថវិកា២០,០០០៛ និងម៉ាស់២ប្រអប់ អាល់កុល១០លីត្រ ក្នុងមួយភូមិ ៗ និងសាលាឃុំពងទឹក អាល់កុល១០លីត្រ សាប៊ូ ដុំ និងម៉ាស២ប្រអប់ សម្រាប់ប្រើប្រាសនៅក្នុងមូលដ្ឋានរបស់ខ្លួន៕