(ខេត្តកែប)៖ នៅរសៀលថ្ងៃអង្គារ៍ ៧កេីត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ នេះ លោក កែន សត្ថា អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកែប អមដំណើរដោយ អភិបាលរងខេត្ត គណៈអភិបាលក្រុង និងក្រុមការងារថ្នាក់ខេត្ត បានអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខប្រជាការពារ ចំនួន២៤នាក់ ក្នុងចំណោម២ភូមិ របស់សង្កាត់អូរក្រសារ ក្រុងកែប ។
ឆ្លៀតក្នុងឱកាសនោះដែរ លោក កែន សត្ថា អភិបាលខេត្ត បានមានប្រសាសន៍ថា ទោះបីបងប្អូនប្រជាការពារ មិនមែនជាមន្ត្រីនគរបាលយុត្តិធម៌ក្ដី ប៉ុន្តែបងប្អូនមានតួនាទីយ៉ាងសំខាន់ក្នុង ការការពារសន្តិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយ តាមគោលដៅនិងមូលដ្ឋានរបស់ខ្លួន ដោយសហការជាមួយកងកម្លាំងទាំង៣ និងអាជ្ញាធរពាក់ព័ន្ធ មិនតែប៉ុណ្ណោះ បងប្អូនក៏ត្រូវចូលរួមចំណែកអនុវត្តនិងទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ តាមសារអប់រំ តាមការណែនាំ របស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាល ដោយត្រូវមានភាពអនាម័យជាប្រចាំ។
ក្នុងពិធីសំណេះសំណាលនេះដែរ លោកអភិបាលខេត្ត កែប បានឧបត្ថម្ភជូនបងប្អូនប្រជាការពារក្នុងម្នាក់ៗទទួលបាន អង្ករ២០គីឡូក្រាម សាប៊ូ២ដុំតូច ស្ទីកគ័រអប់រំ ក្រម៉ា១ ថវិកាមួយចំនួន និងម៉ាស់៥ប្រអប់ អាល់កុល១០លីត្រ ក្នុងមួយភូមិ ៗ និងសង្កាត់អូរក្រសារ ផងដែរ សម្រាប់ការងារនិងតម្រូវការចំបាច់ក្នុងមូលដ្ឋានរបស់ខ្លួន៕