(ខេត្តកំពត)៖ សហគមន៍មួយដែលគ្មានករណីរាតត្បាតពីជំងឺនានា ផ្តើមដោយសារការរស់នៅស្អាត ហូបស្អាត ផឹកស្អាត អនាម័យល្អ។
ការលើកឡើងបែបនេះជាការឆ្លើយតបរបស់ លោក ជួន សុភា អភិបាលរងស្រុកកំពង់ត្រាច នៅព្រឹកថ្ងៃអាទិត្យ ទី១៩ ខែមេសា ឆ្នាំ២០២០ ក្នុងឱកាសផ្សព្វផ្សាយ អប់រំ វិធីការពារទប់ស្កាត់ការឆ្លងរាតត្បាត ជំងឺកូវីដ-១៩ ដល់បងប្អូនប្រជាពលរដ្ឋគោលដៅក្រីក្រ នៅភូមិព្រះទ្រហឹង និងភូមិលក្ខជា ឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច ខេត្តកំពត។
ក្នុងឱកាសផ្សព្វផ្សាយនេះ លោក ជួន សុភា អភិបាលរងស្រុក ក៏បានណែនាំ និងជំរុញដល់ប្រជាពលរដ្ឋក្នុងសហគមន៍នីមួយៗត្រូវចេះរក្សាអនាម័យ គឺរស់នៅស្អាត ផឹកស្អាត ហូបស្អាត ដោយត្រូវលាងសម្អាតដៃនឹងសាប៊ូ ឬទឹកអាកុលឱ្យបានញឹកញាប់ ពិសេសការធ្វើដំណើរទៅណាមកណាត្រូវពាក់ម៉ាស់ឱ្យបានគ្រប់ពេល។
សូមជម្រាបថា កាលពីព្រឹកថ្ងៃទី១៩ខែមេសា ឆ្នាំ២០២០ រដ្ឋបាលស្រុកកំពង់ត្រាច ដឹកនាំដោយ លោក ជួន សុភា អភិបាលរងស្រុក រួមជាមួយក្រុមជនបង្គោលអនាម័យសហគមន៍ ឃុំ ភូមិ បានចុះធ្វើការផ្សព្វផ្សាយការងារលើកកម្ពស់អនាម័យជនបទ ក្រោមគម្រោងរបស់អង្គការ COCD ដែលផ្តោតសំខាន់ ការរស់នៅស្អាត ហូបស្អាត ផឹកស្អាត និងផ្សព្វផ្សាយអប់រំអំពី វិធីការពារទប់ស្កាត់ការឆ្លងជំងឺ (COVID-19 ) ដល់ប្រជាពលរដ្ឋគោលដៅ(ក្រីក្រទាំង២ប្រភេទ) នៅភូមិព្រះទ្រហឹង និងភូមិលក្ខជា ឃុំព្រែក្រឹស ដែលមានអ្នកចូលរួមសរុប ២៧គ្រួសារ ក្នុងនោះកុមារ១៥នាក់ ដោយបានចែកសាប៊ូដុំសម្រាប់លាងដៃម្នាក់៣ដុំ និងខិតបណ្ណ័សារអបរំមេរោគកូវីដ១៩ម្នាក់មួយសន្លឹក។
ជាមួយគ្នានេះក្រុមការងារបានបន្តចុះតាមខ្នងផ្ទះអប់រំពីអនាម័យ សុវត្ថិភាពនៃការរស់នៅស្អាតនិងជំរុញដល់បងប្អូនក្នុងសហគមន៍តាមផ្ទះត្រូវសាងសង់បង្គន់អនាម័យឱ្យបានគ្រប់គ្រួសារ ដើម្បីប្រែក្លាយភូមិនោះជាភូមិគំរូ(ភូមិODS) ភូមិដែលគ្មានការបន្ទោរបង់ពាសវាលពាសកាល៕