សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម បានអញ្ជើញចុះប្រគល់ផ្ទះថ្មី ១ខ្នង ជូន ស្ត្រីមេម៉ាយទ័លលំបាកឈ្មោះ សន វី អាយុ ៣៦ឆ្នាំ មានកូនប្រុសស្រី ៦នាក់ និងចៅស្រី ១នាក់ ក្នុងបន្ទុក ស្ថិតនៅភូមិដីលើ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
គួររំលឹកថា កាលពីរសៀល ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១ កន្លងទៅ លំនៅដ្ឋានស្ត្រីរូបនេះ ដែលធ្វើពីឈើ ប្រក់សង្កសី ១ខ្នង ទំហំ 5ម×៧ម ត្រូវអគ្គីភ័យឆាបឆេះបំផ្លាញអស់ទាំងស្រុង ដោយសារឆ្លងចរន្តអគ្គិសនី ។ ភ្លាមៗនោះ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា បានចាត់តំណាងចុះផ្តល់ជំនួយសង្គ្រោះបន្ទាន់ ដល់គ្រួសាររងគ្រោះ ។ ជាមួយនោះ ឯកឧត្តម ហ៊ុន ណេង ក៏បានអញ្ជើញ ចុះពិនិត្យស្ថានភាពរងគ្រោះដល់ទីតាំងដោយផ្ទាល់ ហើយបានសម្រេចផ្តល់ជូន ផ្ទះថ្មី ១ខ្នង ជូនស្ត្រីរូបនេះ ដើម្បីបានស្នាក់នៅសមរម្យ ។
ក្នុងឱកាសនោះ ឯកឧត្តម ហ៊ុន ណេង បានពាំនាំប្រសាសន៍របស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាដែលផ្តាំផ្ញើសួរសុខទុក្ខ ដោយក្តីនឹករលឹកបំផុត ជូនចំពោះលោកយាយ លោកតា ប្រជាពលរដ្ឋទាំងអស់ ទាំងអស់ និងបានអំពាវនាវ សូមយកចិត្តទុកដាក់គិតគូរថែទាំសុខភាពឱ្យបានល្អ រស់នៅត្រូវមានអនាម័យស្អាត សម្រាន្តក្នុងមុង និង ពិសារទឹកឆ្អិនដាំពុះជានិច្ច ហេីយជាពិសេស ត្រូវបន្តរៀនរស់ជាមួយជម្ងឺកូវីដ-១៩ ដោយអនុវត្តតាមវិធានសុខាភិបាល “៣ការពារ ៣កុំ និង ២ចូលរួម ” ឱ្យបានខ្ជាប់ខ្ជួន ដេីម្បីជៀសផុតពីពីការឆ្លងរាលដាលនៃជំងឺដ៏កាចសាហាវ នេះ ព្រមទាំង សូមជូនពរដល់ក្មួយស្រីម្ចាស់ផ្ទះ និងលោកយាយ លោកតាទាំងអស់ សូមមានសុខភាពរឹងមាំ អាយុយឺនយូរ ហើយបន្តរស់នៅ ក្រោមម្លប់នៃសុខសន្តិភាព និង ការអភិវឌ្ឍន៍ ។
សូមបញ្ជាក់ថា ផ្ទះ ១ខ្នង ថ្មីនេះ ចំណាយថវិកា ៨.៦៥០ដុល្លារ (ប្រាំបីពាន់ប្រាំមួយរយហាសិបដុល្លារអាមេរិក) សង់ពីឈេីខ្ពស់ផុតពីដី ២ម៉ែត្រ, មានទំហំ ៥ម x ៧ម, ដំបូលប្រក់ស័ង្កសីភ្លីធំ, ជញ្ជាំងស្មាបត, រនាបឬស្សី, មានបង្អួច ៣, ជណ្តើរធ្វើពីឈើ, មានប្រព័ន្ធអគ្គិសនី ប្រើប្រាស់ថាមពលព្រះអាទិត្យ (Solar) អាចប្រេីទូរទស្សន៍១ កង្ហារ ១ និងអំពូល៥ និង មានផ្ទះបាយជាប់ខាងក្រោយផ្ទះ ។
ជាមួយគ្នានេះ ដើម្បីជួយសម្រាលដល់ជីវភាព រស់នៅ , សាខាកាកបាទក្រហមកម្ពុជា បានផ្តល់ជូនអំណោយមនុស្សធម៌ ជាសម្ភារ គ្រឿងឧបភោគបរិភោគ សម្រាប់សង្កត់ផ្ទះ រួមមាន ៖ អង្ករ ៥០kg, មី ២កេស, ត្រីខ ២០កំប៉ុង, ទឹកត្រី ១២ដប, ទឹកស៊ីអ៊ីវ ១២ដប, ឃីត (មុង ភួយ សារុង ក្រមា) ២កញ្ចប់, អាវយឺត ១៦, សម្ភារផ្ទះបាយ និងសម្ភារប្រើប្រាស់ក្នុងផ្ទះ ចំនួន ២៧មុខ ព្រមទាំងថវិកា ២០០.០០០រៀល។ បន្ថែមពីនេះ ឯកឧត្តម ហ៊ុន ណេង បានឧបត្ថម្ភបន្ថែមចំនួន ២លានរៀល។
ចំពោះ លោកយាយ លោកតា ចំនួន ២០នាក់ ដែលអញ្ជើញចូលរួម ក្នុងពីធីប្រគល់-ទទួលផ្ទះថ្មីនេះ ក្នុងម្នាក់ៗទទួលបាន ៖ អង្ករ ២៥kg, ទឹកត្រី ១យួរ, ទឹកស៊ីអ៊ីវ ១យួរ, ត្រីខ ១០កំប៉ុង, ឃីត (មុង ភួយ សារុង ក្រមា អាយឺត) ១កញ្ចប់, អាវយឺត ៤ , ម៉ាស់ ៥បន្ទះ និងថវិកា ២០.០០០រៀល៕
ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម