ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី ក្រសួងបរិស្ថាន នៅព្រឹកថ្ងៃ១៧ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានសម្ដែងនូវសេចក្តីរំភើប និងថ្លែងអំណរគុណ ចំពោះមន្ត្រីគ្រួសារបរិស្ថាន ក្រុមហ៊ុន អង្គការ និងក្រុមយុវជនស្ម័គ្រចិត្ដជួយបរិស្ថាន ក្នុងអំឡុងព្រះរាជពិធីបុណ្យ អុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក រយៈពេល ០៣ ថ្ងៃ កន្លងមកនេះ ដោយមានសំណេរដេីមតាមប្រព័ន្ធ តេឡេក្រាម ដូច្នេះថា៖
ខ្ញុំសូមអរគុណឯកឧត្ដម លោកជំទាវ លោក លោកស្រី ទាំងអស់ ដែលបានលះបង់កម្លាំងកាយ ចិត្ត និងពេលវេលាក្នុងការរៀបចំ និងធ្វើឱ្យប្រទីបបរិស្ថានដំណើរការបានយ៉ាងរលូន និងជោគជ័យគួរជាទីមោទនៈ មិនត្រឹមតែប៉ុណ្ណោះ អស់លោក លោកស្រី ក៏បានរួមគ្នាសម្អាតបរិស្ថាន និងសំរាម បានយ៉ាងល្អប្រសើរថែមទៀតផង។ ជោគជ័យនេះ ពិតជាបានឆ្លុះបញ្ចាំងអំពីការសាមគ្គីគ្នាយ៉ាងរឹងមាំរវាងក្រុមគ្រួសារបរិស្ថាន រួបរួមគ្នារុញច្រាននាវាបរិស្ថានឆ្ពោះទៅមុខ ក្រោមម្លប់សន្តិភាព ក្រោមការដឹកនាំដ៏ឆ្លាតវៃ និងប៉ិនប្រសប់របស់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី។
ជាថ្មីម្តងទៀត ខ្ញុំសូមអរគុណឯកឧត្ដម លោកជំទាវ លោក លោកស្រី និងក្រុមគ្រួសារបរិស្ថានទាំងអស់ចំពោះស្មារតីបំពេញបេសសកម្មបរិស្ថានដ៏ក្លៀវក្លានេះ និងសូមជូនពរ ឯកឧត្ដម លោកជំទាវ លោក លោកស្រី និងក្រុមគ្រួសារបរិស្ថានទាំងអស់ សូមទទួលបាននូវបញ្ចពរទាំងប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ។