(កំពង់ចាម) ៖ នាព្រឹកថ្ងៃពុធ ៩កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែង អភិបាល នៃគណៈអភិបាលស្រុកស្រីសន្ធរ នៅសាលាស្រុកស្រីសន្ធរ។
លោក ប៊ិន ឡាដា អតីតអភិបាល នៃគណៈអភិបាលស្រុកកំពង់សៀម ត្រូវបានប្រកាសតែងតាំងជាអភិបាល នៃគណៈអភិបាលស្រុកស្រីសន្ធរ ជំនួសលោក ស៊ីម គង់ ដែលត្រូវទទួលមុខតំណែងថ្មី។
ថ្លែងក្នុងពិធីនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានលើកឡើងថា ក្នុងនាមជា អភិបាល នៃគណៈអភិបាលស្រុកទើបទទួលភារកិច្ចថ្មី ត្រូវដឹកនាំកងកម្លាំងប្រដាប់អាវុធចំណុះ ទាំងអស់ទូទាំងស្រុក ថែរក្សាសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ដោយអនុវត្តតាម គោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ដែលជាសេចក្តីប៉ងប្រាថ្នារបស់ប្រមុខរាជរដ្ឋាភិបាល កម្ពុជា និងការរស់នៅរបស់ប្រជាពលរដ្ឋប្រកបដោយភាពសុខសាន្ត ក្រោមដំបូលនៃសុខសន្តិភាព។ ជាពិសេសត្រូវមានការសាមគ្គីភាពផ្ទៃក្នុង នៅក្នុងអង្គភាព រវាងថ្នាក់លើ និងថ្នាក់ក្រោម ព្រមទាំងមានគំនិតផ្តួចផ្តើម មនសិការ ការងារខ្ពស់ ប្រកបដោយតម្លាភាព និងគណនេយ្យភាព ក្នុងការបម្រើប្រជាពលរដ្ឋ ដោយការយកចិត្តទុកដាក់ខ្ពស់ផងដែរ ។
ឯកឧត្តមអភិបាលខេត្ត បានសង្កត់ធ្ងន់ថា ចំពោះភូមិសាស្ត្រក្នុងស្រុកស្រីសន្ធរនេះ ពិតជាមានបញ្ហាប្រឈច្រើន ដូច្នេះសូមឲ្យអាជ្ញាធរស្រុក ត្រូវខិតខំរួមគ្នាដោះស្រាយ និងរួមគ្នាអភិវឌ្ឍន៍ក្នុងមូលដ្ឋាន ជាពិសេស ត្រូវខិតខំបំពេញតួនាទី បម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរឡើង ក៏ដូចជាការយកចិត្តទុកដាក់ អនុវត្តតាមតួនាទី ភារកិច្ច ដែលថ្នាក់ដឹកនាំប្រគល់ជូន ប្រកបដោយ មនសិការ វិជ្ជាជីវៈ មានការទទួលខុសត្រូវខ្ពស់ លើសពីនោះត្រូវប្រែក្លាយការប្តេជ្ញាចិត្ត នាពេលនេះ ទៅជាឆន្ទៈក្នុងការ អនុវត្តជាក់ស្តែង ឲ្យទទួលបានប្រសិទ្ធភាពខ្ពស់ ទៅពេលអនាគត ។
ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ត បានផ្តាំផ្ញើចំពោះ លោក ប៊ិន ឡាដា អភិបាលស្រុកស្រីសន្ធរ ដែលទើបតែផ្លាស់ប្តូរមកពីអភិបាលស្រុកកំពង់សៀម ត្រូវមានការសាមគ្គីភាពផ្ទៃក្នុង នៅក្នុងអង្គភាព រវាងថ្នាក់លើ និងថ្នាក់ក្រោម ព្រមទាំងមានគំនិតផ្តួចផ្តើម មនសិការ ការងារខ្ពស់ ប្រកបដោយតម្លាភាព និងគណនេយ្យភាព ក្នុងការបម្រើប្រជាពលរដ្ឋ ដោយការយកចិត្តទុកដាក់ខ្ពស់ផងដែរ ៕