ទាន់ហេតុការណ៍
ឯកឧត្តម ង៉ូវ បូរី​ណា បាន​អញ្ជើញ​ជា​អធិបតី ក្នុង​កម្មវិធី​មី​ទ្ទិញ​អបអរសាទរ​ខួប​លេីក​ទី​៤៦ នៃ​ទិវា​ជ័យជំនះ ៧​មករា សាលា​សង្កាត់​ព្រះ​ស្រែ​ - យ៉ាងម៉ិច​ចេះ បុគ្គល ងិន វាសនា ចាងហ្វាង​អង្គភាព គេហទំព័រ​ក្រាំងមាស កំពុងតែ​ស៊ី​លៀស ល្អៀស​ខ្លួន ក្នុង​ការផ្សព្វផ្សាយ​រឿង​បទល្មើស​នេសាទ​ខុសច្បាប់​ - ​ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ក្នុង​ឱកាស​ខួប ១៩​ឆ្នាំ​នៃ​ចំណងអាពាហ៍ពិពាហ៍​ - អាវុធហត្ថ​រាជធានី​ភ្នំពេញ បង្ក្រាប​ក្រុម​ក្មេង​ទំនើង​០៣​នាក់ បញ្ជូនទៅ​តុលាការ ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយ​ចេតនា​! - បន្ទាយមានជ័យ ជា​ខេត្ត​គំរូ​ទីមួយ ក្នុង​ការចាត់វិធានកា​រ​អ្នក​មិន​ចូលរួម​សម្អាត​បរិស្ថាន - លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំ​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចូលរួម​សហការ​ជាមួយ​កម្លាំង​ចម្រុះ​ការពារ​សន្តិសុខ សុវត្ថិភាព រក្សា​សណ្ដាប់ធ្នាប់​ក្នុង​“​ព្រឹត្តិការណ៍​បាល់ទាត់​មិត្តភាព អបអរសាទរ ទិវា​សន្តិភាព​នៅ​កម្ពុជា ២៩ ធ្នូ ២០២៤” - ឯកឧត្តម​ឧកញ៉ា​សាស្ត្រ​ចារ្យ​សមូហក​បណ្ឌិត ឡី សុភាព ប្រធាន​សមាគម​សហ ព័ន្ធ​វិនិយោគិន​កម្ពុជា និង​ជា​ប្រធាន​សមាគម​សហព័ន្ធ​អភិវឌ្ឍន៍​ដីធ្លី និង​សំណង់​កម្ពុជា អញ្ជើញ​សម្ភោ​ធ​ក្រុមហ៊ុន វន សៀកឡេង - ក្រុម​ការងារ​ជំនាញ នៃ​ក្រសួង​បរិស្ថាន​ចុះ​ត្រួតពិនិត្យ​ការអនុវត្ត​វិធានការ​បច្ចេកទេស និង​វិធានការ​ច្បាប់ ចំពោះ​ក្រុមហ៊ុន Jin Lu Yuan Energy Environment Protection Industry Co., Ltd. - ដោយសា​របាយការណ៍​មិន​ពិត​បែប​នេះ ទើប​ធ្វើឲ្យ​វិវាទ​ដីធ្លី​មិន​អាច​ដោះស្រាយ​បញ្ចប់​ - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ផ្សព្វផ្សាយ​ទិសដៅ​ការងារ​សម្រាប់​ឆ្នាំ​២០២៥ និង​ប្រកាស​មុខតំណែង បំពាក់​ឋានន្តរសក្តិ ប្រគល់​ប័ណ្ណ លិខិត​សរសើរ ជូន​ដល់​យោធិន នៃ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​!
0

សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម គី​ហា​រ៉ា មី​ណូរឹ​(KIHARA Minoru) រដ្ឋមន្ត្រី​ការពារជាតិ​ជប៉ុន ចូលជួប​សម្ដែង​ការគួរសម​

សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម គី​ហា​រ៉ា មី​ណូរឹ​(KIHARA Minoru) រដ្ឋមន្ត្រី​ការពារជាតិ​ជប៉ុន ចូលជួប​សម្ដែង​ការគួរសម​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​នៅ​ព្រឹក​ថ្ងៃ​ចន្ទ ១ កើត ខែ​ស្រាពណ៍ ឆ្នាំ​រោង ឆ​ស័ក ពុទ្ធ​សករាជ ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​៥ ខែ​សីហា ឆ្នាំ​២០២៤ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អនុញ្ញាត​ឱ្យ ឯកឧត្តម គី​ហា​រ៉ា មី​ណូរឹ (KIHARA Minoru) រដ្ឋមន្ត្រី​ការពារជាតិ​ជប៉ុន ចូលជួប​សម្ដែង​ការគួរសម នៅ​វិមាន​ព្រឹទ្ធសភា រាជធានី​ភ្នំពេញ​។​

​ជា​កិច្ច​ចាប់ផ្តើម សម្តេច​តេជោ ប្រធានព្រឹទ្ធសភា បាន​សម្តែង​នូវ​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវការ​របស់ ឯកឧត្តម គី​ហា​រ៉ា មី​ណូរឹ (KIHARA Minoru) រដ្ឋមន្ត្រី​ការពារជាតិ​ជប៉ុន មកកាន់​ព្រះរាជាណាចក្រ​កម្ពុជា​។ សម្តេច​តេជោ បាន​លើកឡើង​ថា ទស្សនកិច្ច​របស់​ឯកឧត្តម​រដ្ឋមន្ត្រី​នា​ឱកាស​នេះ គឺ​ស្របពេល​ដែល​ប្រជាជន​កម្ពុជា​ទូទាំងប្រទេស កំពុង​អបអរសាទរ​ពិធី​បើក​ការដ្ឋាន​សាងសង់​ព្រែកជីក​ហ្វូណន​តេជោ ដែល​ជា​គម្រោង​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​កម្ពុជា មាន​ប្រវែង​១៨០​គីឡូម៉ែត្រ ភ្ជាប់​ពី​ទន្លេ​ទៅ​សមុទ្រ ហើយ​និង​ចំ​ថ្ងៃ​ខួបកំណើត​របស់​សម្តេច​ផងដែរ​។ សម្តេច​តេជោ ជឿជាក់ថា ទស្សនកិច្ច​របស់​ឯកឧត្តម និង​គណៈប្រតិភូ​នៅ​កម្ពុជា នឹង​រួមចំណែក​ដល់​ការពង្រឹង​ពង្រីក និង​ផ្តល់​សន្ទុះ​បន្ថែមទៀត​ដល់​កិច្ចសហប្រតិបត្តិការ​ល្អ​ប្រសើរ​ដែល​មាន​ស្រាប់​លើ​វិស័យ​ការពារ​ជាតិ​រវាង​ប្រទេស​ទាំង​២​និង​ធ្វើឱ្យ​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​កម្ពុជា​-​ជប៉ុន​កាន់តែ​ស៊ីជម្រៅ​បន្ថែមទៀត ។​

​ឯកឧត្តម គី​ហា​រ៉ា មី​ណូរឹ បាន​បង្ហាញ​នូវ​សេចក្តីរំភើប​រីករាយ​ដែល នៅក្នុង​ដំណើរ​ទស្សនកិច្ច​លើកដំបូង​របស់​ឯកឧត្តម មកកាន់​ព្រះរាជាណាចក្រ​កម្ពុជា​ក្នុង​តួនាទី​ជា​រដ្ឋមន្ត្រី​ការពារជាតិ​ជប៉ុន​នាពេលនេះ បាន​ចូលជួប​សម្តែង​ការគួរសម​ជាមួយ សម្តេច​តេជោ ប្រធានព្រឹទ្ធសភា និង បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ដែល​សម្តេច​តេជោ បាន​ចំណាយ​ពេលវេលា​ដ៏​មាន​តម្លៃ​ក្នុង​ថ្ងៃ​ពិសេស​នេះ ដើម្បី​ទទួល​ជួប​ឯកឧត្តម និង​គណៈប្រតិភូ​។​

​ឯកឧត្តម បាន​គោរព​ជូនពរ​សម្តេច​តេជោ ក្នុងឱកាស​ថ្ងៃ​ខួបកំណើត​របស់​សម្តេច និង​ចូលរួម​អបអរសាទរ​ជាមួយ​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា ដែល​សម្រេចបាន​នូវ​ការបើក​ការដ្ឋាន​សាងសង់​ព្រែកជីក​ហ្វូណន​តេជោ ដែល​នឹង​រួមចំណែក​យ៉ាង​សំខាន់​ដល់​ការអភិវឌ្ឍ​របស់​កម្ពុ​ជា នាពេលខាងមុខ​។​

​ឯកឧត្តម សូម​យក​ឱកាស​នេះ​ចូលរួម​រំលែក​មរណទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាមួយ​សម្តេច​តេជោ រាជរដ្ឋាភិបាល​កម្ពុជា និង​ក្រុម​គ្រួសារ​អាកាសយានិក​កម្ពុជា​ទាំង​ពីរ​រូប ដែល​បាន​បាត់បង់​ជីវិត​ក្នុង​ឧបទ្ទវហេតុ​ធ្លាក់​ឧទ្ធម្ភាគចក្រ​កាលពី​ពាក់​កណ្តា​កល​ខែកក្កដា​កន្លងមក​។

​ឯកឧត្តម​រដ្ឋមន្ត្រី​ការពារ​ជាតិ​ជប៉ុន បាន​វាយតម្លៃ​ខ្ពស់ និង​ស្វាគមន៍​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​កម្ពុជា​-​ជប៉ុន ដែល​ត្រូវបាន​ចុះហត្ថលេខា នៅ​ថ្ងៃ​ខួប​អនុស្សាវរីយ៍​នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត​កម្ពុជា​-​ជប៉ុន​លើ​ក​ទី​៧០ កាល​ឆ្នាំ​២០២៣​កន្លងមក​។ ឯកឧត្តម ជឿជាក់​ថា​តាមរយៈ​កិច្ចព្រមព្រៀង​នេះ កិច្ចសហប្រតិបត្តិការ​កម្ពុជា​-​ជប៉ុន លើ​គ្រប់​វិស័យ និង​ជា​ពិសេស​កិច្ចសហប្រតិបត្តិកា​រ​សន្តិសុខ ការពារជាតិ នឹង​ត្រូវ​បាន​ជំរុញ​កាន់តែ​ប្រសើរ​ឡើង​ថែម​ទៀត​។​

​ឯកឧត្តម​រដ្ឋមន្ត្រី​ការពារ​ជាតិ​ជប៉ុន បាន​ជម្រាប​សម្តេច​តេជោ អំពី​ស្ថានភាព​នយោបាយ​ការបរទេស​ជប៉ុន និង​បញ្ហា​តំបន់ និង​អន្តរជាតិ​មួយចំនួន ដែល​ជា​កង្វល់ និង​ការគំរាមកំហែង​សន្តិសុខ​ជាតិ​របស់​ជប៉ុន​ផង តំបន់ និង​ពិភពលោក​ជារួម​ផង​។ ពាក់ព័ន្ធ​នឹង​បញ្ហា​អន្តរជាតិ​នេះ ឯកឧត្តម​រដ្ឋមន្ត្រី​ការពារ​ជាតិ​ជប៉ុន បាន​គោរព​កោតសរសើរ​ចំពោះ​ជំហរ​របស់​កម្ពុជា ដែល​បាន​បោះឆ្នោត​ប្រឆាំង​នឹង​ការឈ្លានពាន​របស់​រុស្សី​មកលើ​ប្រទេស អ៊ុ​យក្រែន នៅ​ឆ្នាំ​២០២២ ដែល​ជា​ការរំលោភ​បំពាន​យ៉ាង​ធ្ងន់ធ្ងរ​លើ​ច្បាប់​អន្តរជាតិ និង​ជា​ការបំផ្លាញ​សណ្តាប់ធ្នាប់​អន្តរជាតិ ដែល​គំរាមកំហែង​មិនមែន​តែ​ក្នុង​តំបន់​អឺរ៉ុប​នោះទេ ក៏​ប៉ុន្តែ​នៅក្នុង​តំបន់​អាស៊ី​ផងដែរ​។​

​ជា​ការឆ្លើយតប សម្តេច​តេជោ បាន​ថ្លែងអំណរគុណ​ឯកឧត្តម​រដ្ឋមន្ត្រី​ការពារ​ជាតិ​ជប៉ុន ចំពោះ​ពាក្យពេចន៍​ជូនពរ​ខួបកំណើត​របស់​សម្តេច និង​ការអបអរសាទរ​ចំពោះ​ការសាងសង់​ព្រែកជីក​ហ្វូណន​តេជោ​របស់​ឯកឧត្តម​រដ្ឋមន្ត្រី ព្រមទាំង​សមានចិត្ត​ចូលរួម​រំលែក​មរណទុក្ខ​ដល់​ការបាត់បង់​អាយុជីវិត​អាកាសយានិក​ទាំង​ពីរ​រូប ក្នុង​ឧបទ្ទវហេតុ​ធ្លាក់​ឧទ្ធម្ភាគចក្រ​នា​ពេលកន្លងមក​។​

​សម្តេច​តេជោ បាន​បន្តថា ទំនាក់ទំនង​កម្ពុជា និង​ជប៉ុន មិន​មាន​ប្រែប្រួល​ឡើយ តាំងពី​អតីតកាល​រហូត​បច្ចុប្បន្ន ជាពិសេស តាំងពី​ដំណាក់កាល​ដែល​សម្តេច​តេជោ ធ្វើការ​ជាមួយ​នាយក​រដ្ឋមន្ត្រី​ជប៉ុន​បន្តបន្ទាប់ ទាំង​ឯកឧត្តម អាបេ ស៊ីន​ហ្សូ និង​ឯកឧត្តម គី​ស៊ី​ដា ហ្វឹ​មី​អូ រហូតដល់​ដំណាក់កាល​បច្ចុប្បន្ន​។ នាយក​រដ្ឋមន្ត្រី​ថ្មី សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ក៏​នៅតែ​បន្ត​ទំនាក់ទំនង​កម្ពុជា​-​ជប៉ុន ជាមួយ​នាយក​រដ្ឋមន្ត្រី គី ស៊ី​ដា ដូច​មុន​ដដែល​។​

​សម្តេច​តេជោ បាន​គូសបញ្ជាក់ថា​នយោបាយ​សន្តិភាព​របស់​ជប៉ុន​គ្រប់​ដំណាក់កាល ត្រូវ​ទទួល​បាន​ការអបអ​រ​សាទរ​យ៉ាង​ច្រើន​ពី​ប្រទេស​នានា​។ សម្តេច សង្ឃឹមថា ក្នុង​វិស័យ​ការពារជាតិ ជប៉ុន​នឹង​បន្ត​ដើរតួ​សំខាន់ៗ​នៅ​ក្នុង​ប្រតិបត្តិការ​រក្សា​សន្តិភាព ដោយសារ​ជប៉ុន​បានចាប់ផ្តើម​បញ្ជូន​កងកម្លាំង​មួក​ខៀវ​ដំបូង​គេ​បង្អស់​មក​កម្ពុជា​។ សម្តេច សូម​ថ្លែង​អរគុណ ចំពោះ​ជំនួយ​ដ៏​ច្រើន​លើសលុប​របស់​ជប៉ុន​ដល់​កម្ពុជា​។ ជប៉ុន​បាន​ដើរតួនាទី​យ៉ាង​ធំ​ក្នុង​ការអភិវឌ្ឍ​កម្ពុជា​។ កម្ពុជា​គឺជា​ប្រទេស​ទី​១ ដែល​ផ្តល់​ការគាំទ្រ​ដល់​យុទ្ធសាស្ត្រ​ឥណ្ឌូ​ប៉ាស៊ីហ្វិក​សេរី និង បើក​ចំហ​របស់​របស់​ជប៉ុន​។ សម្តេច ក៏​បាន​ថ្លែង​អំណរ​ជប៉ុន​សម្រាប់​ការផ្តល់​កិច្ចសហកា​រលើ​ការហ្វឹកហាត់​អ្នកដោះមីន​អ៊ុយ​ក្រែន​នៅ​កម្ពុជា ហើយ​នឹង​ស្នើ​បន្ត​ការគាំទ្រ​នេះ មិន​សម្រាប់​តែ​អ្នកដោះមីន​អ៊ុយ​ក្រែន​ប៉ុណ្ណោះទេ ក៏​ប៉ុន្តែ​ដល់​ប្រទេស​ដែល​រងគ្រោះ​ដោយសារ​មីន​ដទៃ​ទៀត​ផង​ដែរ​។​

​សម្តេច​តេជោ ប្រធានព្រឹទ្ធសភា បាន​បញ្ជាក់ជូន​ឯកឧត្តម​រដ្ឋមន្ត្រី​ការពារ​ជាតិ​ជប៉ុន​ថា ពិភពលោក​មិន​អាច​ទស្សន៍ទាយ ឬ​យល់​ច្បាស់​ពី​នយោបាយ​អន្តរជាតិ​របស់​កម្ពុជា​នោះឡើយ​លើ​បញ្ហា​អ៊ុ​យក្រែន ដោយសារតែ​ពួកគេ​គិតថា កម្ពុជា នឹង​មិន​គាំទ្រ​អ៊ុ​យក្រែន​។ កម្ពុជា​មិន​អាច​ទទួលយក​បាន​ជា​ដាច់ខាត​ចំពោះ​ការប្រើប្រាស់​កម្លាំង ឬ ការ​គំរាម​ប្រើប្រាស់​កម្លាំង ដែល​ជា​សកម្មភាព​រំលោភ​បំពាន​យ៉ាងធ្ងន់ធ្ងរ​ចំពោះ​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ និង​នាំឱ្យ​បាត់បង់​សណ្តាប់ធ្នាប់​ពិភពលោក​។ កម្ពុជា​តែង​អនុវត្ត​គោលនយោបាយ​ការបរទេស​ឯករាជ្យ​ផ្អែកលើ​ច្បាប់​។ ដូច្នេះ សូម​កុំ​ភ្ជាប់​កម្ពុជា ទៅ​ក្នុង​បញ្ជី​នៃ​ការប្រកួតប្រជែង​ភូមិសាស្ត្រ​នយោបាយ ឬ​ភ្ជាប់​កម្ពុជា​ទៅ​ជាមួយ​ប្រទេស​ណាមួយ​ឡើយ​។​

​ពាក់ព័ន្ធ​នឹង​ការសាងសង់​ព្រែកជីក​ហ្វូណន​តេជោ សម្តេច​តេជោ មានប្រសាសន៍ថា កម្ពុជា​ត្រូវ​ម្ចាស់ការ​លើ​ខ្លួនឯង ដោយ​មិន​អង្គុយ​រង់ចាំ​ជំនួយ​នោះទេ​។ សម្តេច​តេជោ បាន​ស្វាគមន៍​ការចូលរួម​វិនិយោគ និង​សហការ​ពី​រាល់​បណ្តា​អ្នកវិនិយោគ និង​ក្រុមហ៊ុន​ជប៉ុន ចំពោះ​ការសាងសង់​ព្រែកជីក​ហ្វូណន​តេ​ជោនេះ ដែល​ជា​កិច្ចសហការ​ចម្រុះ មិន​មាន​ការ​ផ្តាច់មុខ​នោះទេ​។ ព្រែកជីក​ហ្វូណន​តេ​ជោនេះ នឹង​ក្លាយជា​ផ្លូវទឹក​ចម្បង​ដ៏​សំខាន់​របស់​កម្ពុជា​ក្នុងការ​ដឹកជញ្ជូន​ទំនិញ​តាម​ទន្លេ​ពី​គ្រប់​តំបន់​ក្នុងប្រទេស​កម្ពុជា ទៅកាន់​សមុទ្រ ជួយ​បង្កើន​កំណើន​សេដ្ឋកិច្ច​កម្ពុជា​។ ព្រែកជីក​ហ្វូណន​តេ​ជោនេះ នឹង​ចូលរួម​ចំណែក​ដល់​ការពង្រឹង​តួនាទី​របស់​កំពង់ផែ​ស្វយ័​ត្ខេ​ត្ត​ព្រះសីហនុ ដែល​កំពុង​ត្រូវបាន​ពង្រីក​ជាមួយ​នឹង​ជំនួយ​ហិរញ្ញប្បទាន​របស់​ជប៉ុន​។​

​ឯកឧត្តម​រដ្ឋមន្ត្រី​ការពារ​ជាតិ​ជប៉ុន បាន​ថ្លែងអំណរគុណ​ចំពោះ​ការស្វាគមន៍​ដល់​វិស័យ​ឯកជន​របស់​ជប៉ុន ដែល​មាន​បំណង​ចង់​ចូលរួម​វិនិយោគ​ដល់​គម្រោង​សាងសង់​ព្រែកជីក​ហ្វូណន​តេ​ជោនេះ​។ ឯកឧត្តម ជម្រាប​សម្តេច​តេជោ បន្ថែមថា នៅក្នុង​គំនិត​ឯកឧត្តម ជប៉ុន​នឹង​មិន​គិត​ត្រឹម​តែ​ចូលរួម​សហការ​វិនិយោគ​លើ​គម្រោង​ព្រែកជីក​ហ្វូណន​តេ​ជោនេះ​ប៉ុណ្ណោះទេ ប៉ុន្តែ​នឹង​ជួយ​កម្ពុជា​លើ​វិស័យ​ដឹកជញ្ជូន​ផ្លូវទឹក និង ឡូ​ជី​ស្ទីក​សំខាន់ៗ​បន្ថែមទៀត ដោយសារ​ប្រទេស​ជប៉ុន មាន​បទពិសោធន៍​ច្រើន​ក្នុងការ​ដឹកជញ្ជូន​ទំនិញ​តាមផ្លូវ​សមុទ្រ​នេះ​។​

​ឯកឧត្តម​រដ្ឋមន្ត្រី​ការពារ​ជាតិ​ជប៉ុន បាន​ថ្លែងអំណរគុណ​សម្តេច​តេជោ សាជាថ្មី ដែល​បាន​អនុញ្ញាត​ឱ្យ​ឯកឧត្តម និង​គណៈប្រតិភូ​របស់​ឯកឧត្តម ចូលជួប​សម្តែង​ការគួរសម និង​បាន​ពិភាក្សា​ផ្លាស់​ប្តូរ​យោបល់​ប្រកបដោយ​ខ្លឹមសារ និង​ទុកចិត្ត​គ្នា​ទៅវិញទៅមក​។ ឯកឧត្តម​រដ្ឋមន្ត្រី​ការពារ​ជាតិ​ជប៉ុន បានបញ្ជាក់​ថា ជប៉ុន និង​កម្ពុជា មាន​ទំនាក់ទំនង​មិត្តភាព និង​ជឿទុកចិត្ត​គ្នា​ទៅវិញទៅមក​អស់​រយៈពេល​យូរណាស់​មក​។ ឯកឧត្តម​ជឿជាក់ថា ទំនាក់ទំនង​នេះ​នឹង​កាន់តែ​រីកចម្រើន ជិតស្និទ្ធ និង​ស៊ីជម្រៅ ដែល​ផ្តល់​ជា​ផលប្រយោជន៍​ដល់​ប្រទេស​ជាតិ និង​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​។​

​ជាទី​បញ្ចប់ សម្តេច​តេជោ សូម​ផ្តាំផ្ញើ​ការសួរសុខទុក្ខ និង​នឹករលឹក តាមរយៈ​ឯកឧត្តម​រដ្ឋមន្ត្រី ជូន​ចំពោះ​ឯកឧត្តម នាយករដ្ឋមន្ត្រី គី​ស៊ី​ដា ហ្វឹ​មី​អូ និង​ឯកឧត្តម​ប្រធានព្រឹទ្ធសភា អូត​សូ​ជិ ហ៊ិ​ដេ​ហ៊ិ​សា​(OTSUJI Hidehisa) ព្រមទាំង​ឯកឧត្តម​ប្រធានរដ្ឋសភា នុ​កា​ហ្គា ហ្វុ​គុ​ស៊ីរ៉ូ (NUKAGA Fukushiro) និង​បាន​ជូនពរ​ឯកឧត្តម​រដ្ឋ​មន្ត្រី​ការពារ​ជាតិ​ជប៉ុន និង​គណៈប្រតិភូ ទទួលបាន​ជោគជ័យ និង​លទ្ធផល​ជា​ផ្លែផ្កា​សម្រាប់​ជំនួប​ជាមួយ​រដ្ឋមន្ត្រី​ការពារ​ជាតិ​កម្ពុជា និង​សម្តេច​នាយករដ្ឋមន្ត្រី​កម្ពុជា ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា នា​ឱកាស​នេះ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល